ផ្ការំដួលជាផ្ការតំណាងឲ្យអត្តសញ្ញាណរបស់ខ្មែរយើង ក្រោយដឹងអត្ថន័យពិតជាអស្ចារ្យណាស់….(វីដេអូ)

ប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិតាមព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះ ក៏ដោយសារតែផ្ការំដួលមានក្លិនពិដោរក្រអូប ឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញ អារម្មណ៍ របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរ។ខ្មែរយើងពីបុរាណកាលបាននិយមប្រើប្រាស់ ផ្ការំដួល ធ្វើជាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយ សារតែក្លិន របស់វា មានលក្ខណៈក្រអូបឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ទន្ទឹមនោះ រំដួល មានគុណប្រយោជន៍ខាងឱសថបុរាណក្នុងការកែរោគដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។

កេសររបស់រំដួលអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ និងខ្យល់គរ។
ក្រៅពីនេះដើមរបស់រំដួលអាចធ្វើការកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់ដុត។ មិនតែ ប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនផងដែរ។រំដួលគឺជាឈ្មោះភាសាជាតិ និងមានឈ្មោះវិទ្យាសាស្ត្រថា Mitrellamesnyi ។រំដួលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជាប្រភេទរុក្ខជាតិ ដែលមាន កម្ពស់ពី ៨ទៅ១២ម៉ែត្រ។ដើមរបស់រំដួលមានសំបកពណ៌ត្នោត-លឿង ចំណែកស្លឹកជាប្រភេទស្លឹកទាលដុះឆ្លាស់គ្មានខ្នាយស្ទប។ទម្រង់បន្ទះស្លឹករាងទ្រវែងមានទំហំ ២ទៅ៤គុណនឹង៦ទៅ១០សង់ទីម៉ែត្រ។ផ្ការំដួលមានពណ៌លឿង-ស មានក្លិនពិដោរក្រអូបសាយបានឆ្ងាយ។ផ្ការំដួលចោលក្លិននៅពេលរសៀល និងពេលយប់។ផ្លែរបស់រំដួលមានលក្ខណៈជាចង្កោម នៅពេលវាទុំមានពណ៌ក្រហម ក្រម៉ៅអាចបរិភោគ បាន។

ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួលគឺស្ថិតក្នុងលំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និងឋិតក្នុងប្រភេទ M.mesnyi។រំដួលគឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាដោយរុក្ខជាតិមួយនេះចាប់ផ្តើមផ្កាពីខែធ្នូ-មីនា។រំដួល ត្រូវបានប្រជាជនខ្មែរយើងនិយមយកមកដាំលំអរនៅតាមគេហដ្ឋាន និងសួនសាធារណៈ។ចាស់បុរាណខ្មែរតែងតែធ្វើការប្រដូចស្រីក្រមុំទៅនឹងផ្ការំដួល ក៏ព្រោះតែផ្ការំដួលមានរូបរាងស្រស់ស្អាតនិងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទី ទាក់ទាញអារម្មណ៍ របស់មហាជនទូទៅ។

ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរតាមរយៈក្លិននោះក្នុងនោះផ្ការំដួលក៏ត្រូវបានកវីនិពន្ធខ្មែរ មួយចំនួន បានធ្វើការអត្ថាធិប្បាយរៀបរាប់ពីសម្រស់ល្អគន់ និងគុណសម្បត្តិរបស់ផ្ការំដួលតាមរយៈអត្ថន័យនៃបទចម្រៀងផងដែរ។បច្ចុប្បន្នដើមផ្ការំដួលគេអាចរកមើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្រៅពីយកផ្ការំដួលតំណាងអោយ ប្រទេសកម្ពុជា ហើយនោះ ខាងមន្ទីរកសិកម្មក៏បានយកផ្កានេះតំណាងអោយវិស័យកសិកម្មផងដែរ។ ដូច្នេះប្រជាជនខ្មែរគ្រប់រូបពិសេស យុវវ័យខ្មែរទាំងអស់ ចូរចងចាំ និងធ្វើខ្លួនអោយមានក្លិនក្រអូប និងស្រស់ស្អាតដូចជាផ្ការំដួលដែលតំណាងអោយប្រទេសក៏ដូចជាខ្លួនផ្ទាល់៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *