ខំធ្វើការបម្រើស្តេចអស់រយះពេល១០ឆ្នាំ គ្រាន់តែមានកំហុសម្តង បែរជាទទួលទោសប្រហារជីវិត ដោយយកទៅអោយឆ្កែសុីទាំងរស់ ស្រាប់តែឆ្កែទាំងនោះមិនហ៊ានសុី ក៍ព្រោះតែហេតុផល១ គឺ…..
មានរឿងរ៉ាវព្រេងនិទានមួយ បានតំណាលតៗគ្នា អោយដឹងថា៖ មានស្ដេចមួយអង្គ ដែលបានចិញ្ចឹមឆ្កែព្រៃ ដ៏កាចសាហាវចំនួន ១០ក្បាល។ ស្ដេចអង្គនោះពិតជាស្រលាញ់ឆ្កែព្រៃ ទាំង១០ក្បាលនោះខ្លាំងណាស់ ដោយបានប្រើពួកវាដើម្បីធ្វើទារុណកម្ម និងសុីអ្នកបម្រើរបស់ទ្រង់ធ្វើជាអាហារ ប្រសិនបើអ្នកបម្រើទាំងនោះ បានធ្វើខុសនឹងស្ដេចអង្គនោះ។
ស្រាប់តែមានថ្ងៃមួយ អ្នកបម្រើម្នាក់របស់ស្ដេចអង្គនោះ បានផ្តល់យោបល់ទៅដល់ទ្រង់ខុស ដែលធ្វើឲ្យទ្រង់ខ្ញាល់ហើយ ទ្រង់ក៏ បញ្ជាឲ្យទាហានចាប់យក អ្នកបម្រើនោះទៅបោះឲ្យឆ្កែស៊ី។ ភ្លាមៗនោះអ្នកបម្រើនោះ ក៏បានពោលពាក្យមួយចំនួនទៅកាន់អង្គស្ដេចនោះថា៖”ទូលបង្គំបម្រើព្រះអង្គ ១០ឆ្នាំមកហើយ ហេតុអ្វី ធ្វើបែបនេះ ដាក់ទូលបង្គំ? សូមព្រះអង្គមេត្តា ទុកពេលឲ្យ ទូលបង្គំ១០ថ្ងៃ សិនមុននឹងបោះទូលបង្គំទៅឲ្យឆ្កែស៊ី។”
ទទឹមនឹងនោះដែរ ស្ដេចក៏បានយល់ព្រមទុកពេលវេលា អោយអ្នកបម្រើម្នាក់នោះ។ ក្រោយពីទទួលបានការយល់ព្រមពីស្ដេចរួចមក អ្នកបម្រើមិនចាំយូរ ក៏បានទៅរក អ្នកយាម ដែលជាអ្នកមើលថែរក្សាចិញ្ចឹមសត្វឆ្កែព្រៃ របស់ ស្តេចហើយ បានសុំអនុញ្ញាតិពីអ្នកយាមនោះ ឲ្យគាត់បាន មើលថែឆ្កែទាំង១០នោះរយៈពេល ១០ថ្ងៃ។
លឺបែបនេះ អ្នកយាមឆ្កែ មានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្ដែក៏បានយល់ព្រមនឹងសំណើររបស់អ្នកបម្រើនោះ ហើយអ្នកបម្រើនោះ ក៏ចាប់ផ្ដើមមើលថែងូតទឹកលាងសំអាត អោយចំណីទៅដល់វាបានយ៉ាងល្អ។ លុះពេលកំណត់១០ថ្ងៃបានមកដល់ ស្ដេចក៏បានបញ្ជាឲ្យសេនា ទៅនាំខ្លួន អ្នកបម្រើនោះ ដើម្បីឲ្យឆ្កែព្រៃសុី ស្រាប់តែយកមកដល់ ឆ្កែព្រៃទាំង ១០ក្បាលនោះ មិនសុីអ្នកបម្រើនោះឡើយ តែបែរជាវានាំគ្នាមកលិឍជើងទៅរបស់អ្នកបម្រើនោះទៅវិញ។
ស្រាប់តែស្ដេច មានការងឿងឆ្ងល់ជាខ្លាំង ហើយទ្រង់ក៏បានមានបន្ទូលថា៖”តើមានអ្វីកើតឡើង ចំពោះឆ្កែរបស់ខ្ញុំ?” អ្នកបម្រើឆ្លើយតបថា៖“ទូលបង្គំបានបម្រើសត្វឆ្កែទាំងនេះ តែ១០ថ្ងៃប៉ុណ្ណោះ ហើយពួកវាមិនបានភ្លេច ការបម្រើរបស់ ទូលបង្គំទេ តែទូលបង្គំបានបម្រើព្រះអង្គអស់ រយៈពេល១០ ឆ្នាំ មកហើយ ហើយគ្រាន់មានកំហុស តែម្តងគត់ព្រះអង្គក៏ ភ្លេចទាំងអស់នូវគុណសម្បត្តិរបស់ទូលបង្គំ។”
ក្រោយពីលឺពាក្យសម្ដីរបស់អ្នកបម្រើនោះ ស្ដេចទ្រង់ក៏បានដឹងពីកំហុសរបស់ខ្លួន ហើយក៏បានលើកលែងទោស អោយអ្នកបម្រើនោះ។ ទាំងអស់នេះហើយ គឺជាសារមួយដែលបានបង្រៀន និងរំលឹកដល់មនុស្សគ្រប់គ្នា កុំឲ្យ ភ្លេចទង្វើល្អទាំងឡាយ ដែលគេតែងតែផ្តល់ឲ្យយើង ដោយ គ្រាន់តែគេមានកំហុសម្តងម្កាល ឬអចេតនា។ កុំបំភ្លេចរាល់ទង្វើល្អទាំងឡាយ ដោយគ្រាន់តែកំហុសកើតឡើង ដោយអ្នកមិនចូលចិត្ដនោះ។