ញាក់សាច់! ខឹងកាលនៅរៀនវិទ្យាល័យគ្រូវ៉ៃ ២០ឆ្នាំក្រោយតាមវ៉ៃគ្រូវិញទក់សាច់
បុរសជនជាតិចិនម្នាក់បានវាយគ្រូរបស់ខ្លួន ដោយអះអាងថា លោកគ្រូនោះធ្លាប់ធ្វើបាបខ្លួនកាលពី ២០ឆ្នាំមុន ពេលនៅរៀនវិទ្យាល័យ។ ការប្រើហិង្សាទៅលើគ្រូកំពុងជិះម៉ូតូតាមផ្លូវនេះ ព្រោះខ្លួនមានការឈឺចាប់អស់ ២០ឆ្នាំហើយ ដោយសារគ្រូបានធ្វើបាបលើខ្លួន ម្ដងហើយម្ដងទៀតកាលនៅរៀន។
បុរសម្នាក់នោះត្រូវបានគេស្គាល់ថាឈ្មោះ Chang បានជួបអតីតគ្រូបង្រៀនរបស់ខ្លួនឈ្មោះលោកគ្រូ Zhang តាមបណ្ដោយផ្លូវនៅទីក្រុងលូយ៉ាង ខេត្តហេណាន ប្រទេសចិន ខណៈលោកគ្រូកំពុងតែជិះម៉ូតូតាមដងផ្លូវកាលពីខែមិថុនាកន្លងទៅ ប៉ុន្តែវីដេអូត្រូវបានគេបង្ហាញនៅសប្ដាហ៍នេះ។ នៅក្នុងវីដេអូនោះត្រូវបានគេមើលឃើញថា លោក Chang បានព្យាយាមឃាត់បញ្ឈប់លោកគ្រូ Zhang ខណៈលោកកំពុងតែជិះម៉ូតូមិនដឹងខ្លួន ព្រមទាំងបានសួរសំណួរថា «តើនៅចាំខ្ញុំបានទេ»?
បន្ទាប់មក លោក Chang បានចាប់ផ្តើមទះកំផ្លៀងលើមុខ ហើយវ៉ៃក្បាលរបស់លោកគ្រូ Zhang ហើយក្នុងការវាយលើលោកគ្រូនោះ ត្រូវបានគេឮសំដីរបស់លោកគ្រូនិយាយថា «ឲ្យខ្ញុំសុំទោស»។ ប៉ុន្មានថ្ងៃបន្ទាប់ពីរឿងនោះបានកើតឡើងលោក Chang បានទៅកាន់វេទិកាអនឡាញមួយ ដើម្បីពន្យល់ពីរឿងរបស់គាត់។ គាត់បានអះអាងថា រឿងដែលបានកើតឡើងគាត់ជាអ្នកទទួលខុសត្រូវ តែគាត់បានបដិសេធចំពោះការយកវីដេអូទៅបង្ហោះនៅតាមប្រព័ន្ធអ៊ីនធើណេត។
នៅក្នុងការប្រកាសរបស់លោក Chang បានអះអាងថា លោក Zhang គឺជាគ្រូភាសាអង់គ្លេសកាលឆ្នាំទី ២ នៃវិទ្យាល័យ។ បើតាមសារព័ត៌មាន Sohu News noted បានចុះផ្សាយថា រឿងកើតឡើងនេះដោយសារតែ ថ្ងៃមួយលោក Chang បានគេងលក់ក្នុងម៉ោងរៀន រួចលោកគ្រូ Zhang បានដាក់ពិន័យដោយបង្ខំឲ្យលោក Chang លុតជង្គង់នៅមុខថ្នាក់រៀន រួចគ្រូទាត់ក្បាលគាត់ចំនួន ១០ជើង។ លោក Chang បន្តថា តាំងពីពេលនោះមកដល់បច្ចុប្បន្នជាង ២០ឆ្នាំ ធ្វើឲ្យលោកមានការភ័យខ្លាចជានិច្ច។
ប្រភពដដែលបន្ថែមថា លោក Chang ត្រូវបានគេចាប់ខ្លួននៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិននៅសប្ដាហ៍នេះ។ ផ្ទុយទៅវិញលោកគ្រូ Zhang មិនបានដាក់ពាក្យប្តឹងចំពោះរឿងទាំងនោះទេ ដោយសារតែលោកគិតថាខ្លួនពិតជាមានកំហុសមែន។ មានមនុស្សជាច្រើនបានបញ្ចេញប្រតិកម្មនៅតាមបណ្ដាញសង្គមចិន អ្នកខ្លះជឿថា លោកChang ត្រូវបានគេដាក់ទោសទៅតាមច្បាប់ ហើយខ្លះទៀតអះអាងថាលោកគ្រូ Zhang សមនឹងទទួលអ្វីដែលបានធ្វើបែបនោះហើយ៕