ដើរកាត់ព្រៃ ប្រទះឃើញពស់ថ្លាន់យក្សពោះកំប៉ោងធំ ពេលវាខ្ជាក់ចេញទើបភ្ញាក់ផ្អើល
ក្រុមជីវវិទូមួយក្រុមបានដើរកាត់ព្រៃក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ស្រាប់តែប្រទះឃើញពស់ថ្លាន់ដ៏ធំសម្បើមមួយក្បាល បានលេបចំណីទល់ពោះប៉ោងធំគួរឲ្យងឿងឆ្ងល់ ប៉ុន្តែដំបូងពុំដឹងថាមនុស្ស ឬសត្វអ្វីទេ។
ឃើញសភាពគួរឲ្យសង្ស័យបែបនេះ ពួកគេបានសែងពស់ថ្លាន់ទៅរកកន្លែងវាលស្មៅ និងរិះរកវិធីធ្វើយ៉ាងណាឲ្យពស់ខ្ជាក់ចំណីដ៏ធំចេញពីពោះ។ ពួកគេបាននាំគ្នា គោះផង រឹតច្របាច់ខ្លួនពស់ផង រហូតវាព្រមខ្ជាក់តាមការចង់បានរបស់ពួកគេដោយចំណាយពេលអស់រយៈពេលជាច្រើននាទី។
ចំណីដ៏ធំក្នុងពោះនោះគឺជា សត្វក្ដាន់កន្ទុយសជំទង់មួយ ដែលមានទម្ងន់ធ្ងន់ជាងពស់ថ្លាន់ភូមានេះទៅទៀត។ អ្នកជំនាញដដែលបានឲ្យដឹងថា ពូជពស់ថ្លាន់ភូមាត្រូវគេស្គាល់ថា តែងតែមានសមត្ថភាពពិសេសអាចសម្លាប់ ឬលេបចំណីដែលមានទំហំធំៗជាងខ្លួនរបស់វាបានយ៉ាងងាយស្រួល។
មនុស្សមួយក្រុមខាងលើ បានកាត់ព្រៃ Collier-Seminole State Forest ដើម្បីរុករកស្វែងយល់ពីពពួកសត្វព្រៃ ហើយចង់ដឹងពីចំនួនប្រភេទពស់ថ្លាន់អាស៊ីនេះផងដែរ។ បើតាមការវាស់វែងថ្លឹងថ្លែង ពស់ថ្លាន់ញីនេះប្រវែង ៣,៥ម៉ែត្រ និងទម្ងន់ប្រមាណ ១៤គីឡូក្រាម ឯសត្វក្ដាន់ដែលត្រូវពស់លេបទម្ងន់ ១៦គីឡូ គឺមានទំហំធំជាងពស់ថ្លាន់នេះទៅទៀត។ ការរកឃើញ ត្រូវគេចេញផ្សាយអត្ថបទទស្សនាវដ្ដីមួយឈ្មោះ Herpetologist Review ជាមួយរូបភាពច្បាស់ៗត្រជាក់ភ្នែកជាច្រើនសន្លឹក។
ក្រុមជីវវិទូរៀបរាប់ថា ហេតុការណ៍នេះជាសញ្ញាមួយបញ្ជាក់ថា ប្រភេទសត្វពស់អាស៊ីកំពុងគំរាមកំហែងជីវិតរស់នៅរបស់សត្វក្ដាន់នៅក្នុងរដ្ឋផ្លរីដា ដែលរាំងស្ទះដល់ប្រព័ន្ធអេកូសត្វព្រៃ។ ពស់ថ្លាន់ភូមា មិនមែនមានដើមកំណើតនៅអាមេរិកទេ វាចាប់ផ្ដើមវត្តមានក្នុងរដ្ឋផ្លរីដា ក្នុងអំឡុងឆ្នាំ ១៩៧០ នៅពេលប្រជាជនអាមេរិកយកវាមកធ្វើជាសត្វចិញ្ចឹមនៅផ្ទះ តែក្រោយមកក៏លែងវាចូលទៅក្នុងព្រៃ រហូតវាកើតកូនពូនជាចៅរហូតដល់បច្ចុប្បន្ន។
ចំណែកមន្ត្រីគ្រប់គ្រងព្រៃឈើ និងដែនទឹករដ្ឋផ្លរីដា ធ្លាប់ប្រកាសជូនប្រាក់ដល់ក្រុមអ្នកប្រមាញ់ដែលបានសម្លាប់ពស់ថ្លាន់ និងប្រគល់រង្វាន់ដល់អ្នកយកពងពស់ថ្លាន់ទាំងសំបុកទៀតផង ដោយសារតែវាសម្លាប់សត្វជាច្រើនប្រភេទមិនរើសមុខ៕