កូនខ្មែរគួរដឹង! ក្បាលស្ពាន (សហស្រលិង្គ) មានចម្ងាយ ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ត្រូវបានគេស្គាល់ថា ជាជ្រលងនៃលិង្គ ១០០០…

ឈ្មោះ: ក្បាលស្ពាន (សហស្រលិង្គ) រជ្ជកាល: ព្រះបាទសូរ្យវរ្ម័នទី១, ព្រះបាទឧទយាទិត្យវរ្ម័នទី២ កាលបរិច្ឆេទ: សតវត្សទី១១ (១០០២-១០៥០ សូ.វ.ទី១ / ១០៥០-១០៦០ ឧ.យ.វ.ទី២) ឧទ្ទិសថ្វាយ: ព្រះសិវៈ, ព្រះវិស្ណុ ស្ថាបត្យកម្ម: បាពួន ទីតាំង: សៀមរាប។

ក្បាលស្ពានមានចម្ងាយ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រហែល ១៧-១៨គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០, និងមានផ្លូវឡើងភ្នំប្រវែង ១៥០០ម៉ែត្រ (ពីក្រោមឡើងទៅលើភ្នំ)។

កន្លែង​នេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន ចម្លាក់ទាំងនោះភាគច្រើនសាងឡើងពីសតវត្សទី១១ នៃគ្រិស្តសករាជ។ ក្បាល​ស្ពាន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ ព្រះបាទសូរ្យវរ្ម័នទី១, និងស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី២។

ប្រជាជនមានជំនឿ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះគឺជាប្រភពនៃការចម្រុងចម្រើនននិងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀត​​យកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់រយដែល​ស្នង​ព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃ​ស្ពានថ្មធម្មជាតិ ចុះមកក្រោមរហូតដល់ទឹកធ្លាក់ មានប្រវែង ១៥០ម៉ែត្រ។

ដូចេ្នះហើយបានជាសិលាចារឹក សំស្រ្កឹត ហៅទីនេះថា «សហស្រលិង្គ» (លិង្គ១០០០)។ កន្លែងខ្លះក៏មានឆ្លាក់យោនីជា​បល្ល័ង្គភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ជាំងខ្លះៗផង។

ក្រៅពីនេះមានចម្លាក់ជាច្រើនកនែ្លងមានរូប ព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រ នាអន្តរកប្បមួយ។ ទឹកដែលហូរកាត់ព្រមទាំងទទួលមន្តពីចម្លាក់ អស់​ទាំង​នេះ​ហើយដែលបង្កើតជា ស្ទឹងឬស្សី ហើយបែកមកជា ស្ទឹងពួក និងស្ទឹងសៀមរាប៕ ប្រភព៖(ក្រសួងបរិស្ថាន)

Leave a Reply

Your email address will not be published. Required fields are marked *