បុរសចំណាស់ម្នាក់សុំទានគេអស់ ២០ ឆ្នាំមិនខ្ចីដូរមុខរបរ ដល់ថ្ងៃមួយអ្នកជិតខាងស្អុយក្លិនក្នុងផ្ទះគាត់ពេកក៏បានហៅប៉ូលិសទៅសម្អាត ស្រាប់តែរកឃើញរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ
នៅព្រឹកថ្ងៃចន្ទមួយនៅសាលារៀន គ្រូរបស់គាត់បាននិយាយរឿងដ៏សំខាន់មួយក្នុងជីវិត និងរឿងទាក់ទងនឹងការប្តេជ្ញាចិត្តចំពោះអ្វីដែលសំខាន់បំផុតចំពោះមនុស្សគ្រប់រូប។ ខាងក្រោមនេះគឺជាដំណាលរឿងទាំងស្រុងដែលគ្រូគាត់បានប្រាប់។
***សាច់រឿងបុរសចំណាស់ម្នាក់នៅទីក្រុងឡុងដ៏***
បុរសចំណាស់ម្នាក់រស់នៅជាយក្រុងឡុងដ៍ចក្រភពអង់គ្លេស ហើយគាត់តែងងើបពីព្រលឹមទៅស្ថានីយរថភ្លើងក្រោមដី។ គាត់បានជិះរថភ្លើងមកកណ្តាលក្រុងឡុងដ៍ ហើយអង្គុយនៅកែងផ្លូវមួយ លើកដៃសុំទាន។ គាត់មកសុំទានបែបនេះរៀងរាល់ថ្ងៃពេញមួយជីវិតរបស់គាត់។ គាត់បានអង្គុយនៅកន្លែងដដែលសុំទានអស់រយៈពេលជិត ២០ ឆ្នាំ។
ផ្ទះរបស់គាត់កខ្វក់ ហើយមានក្លិនស្អុយហើរចេញពីផ្ទះរបស់គាត់ទៅផ្ទះអ្នកជិតខាងសឹងទ្រាំពុំបាន។ អ្នកជិតខាងមិនអាចទ្រាំនឹងក្លិនស្អុយនេះបានក៏ប្តឹងប៉ូលិសឱ្យមកជួយសម្អាតផ្ទះរបស់អ្នកសុំទានរូបនេះ។ ប៉ូលិសបានគោះទ្វារ តែមិនឃើញបុរសចំណាស់ម្នាក់នេះ ហើយបានចូលទៅជួយសម្អាតផ្ទះនោះ។ រំពេចនោះប៉ូលិសឃើញមានថង់លុយតូចៗជាច្រើនគរពេញផ្ទះរបស់បុរសចំណាស់ ដែលបានប្រមូលពីការសុំទានជាច្រើនឆ្នាំ។
ប៉ូលិសបាននាំគ្នារាប់លុយនោះ ហើយក៏បានដឹងថា បុរសសុំទានម្នាក់នោះគឺជាមហាសេដ្ឋី។ ពួកគេបាននាំគ្នារង់ចាំបុរសសុំទាននោះនៅខាងក្រៅទាំងអន្ទះអន្ទែងដើម្បីប្រាប់ដំណឹងល្អដល់បុរសសុំទាននោះ។ នៅពេលបុរសសុំទាននោះមកដល់ផ្ទះនៅពេលល្ងាចមួយ ប៉ូលិសម្នាក់បានរត់ទៅប្រាប់គាត់ទាំងទឹកមុខរីករាយថា ចាប់ពីថ្ងៃនេះទៅគាត់មិនចាំបាច់ទៅសុំទានគេទៀតឡើយ ព្រោះគាត់ឥឡូវក្លាយជាមហាសេដ្ឋីហើយ។
បុរសសុំទានមិនបាននិយាយស្តីតបវិញសូម្បីមួយម៉ាត់ ហើយគាត់ក៏បានដើរចូលផ្ទះចាក់សោឮសូរគ្រាំង។ ព្រឹកស្អែក គាត់បានក្រោកឡើងតាមទម្លាប់ ហើយចេញទៅស្ថានីយរថភ្លើងក្រោមដីដូចសព្វដងដើម្បីទៅសុំទាននៅកន្លែងដដែលរបស់គាត់។
ជាក់ស្តែង បុរសចំណាស់ម្នាក់នេះពុំមានផែនការ ក្តីសុបិន ឬអ្វីមួយអស្ចារ្យក្នុងជីវិតរបស់គាត់ទេ។ ក្នុងសាច់រឿងនេះយើងពុំបានរៀនសូត្រអ្វីក្រៅតែពីការដកពិសោធន៍អំពីការរក្សាការផ្តោតសំខាន់លើរឿងដែលយើងចូលចិត្តធ្វើនោះឡើយ នោះគឺការប្តេជ្ញាចិត្ត។
យើងគួរតែបន្តដើរលើផ្លូវរបស់យើង ដែលនេះមានន័យថាត្រូវប្តេជ្ញាចិត្តចំពោះអ្វីដែលមនុស្សជុំវិញខ្លួនតែងតែបដិសេធ។ សូមកុំឱ្យអ្វីមួយមករំខានយើងពីភាពរីករាយ និងការតាំងចិត្តចំពោះអ្វីដែលយើងចង់ធ្វើឱ្យសោះ។
អ្វីដែលធ្វើឱ្យយើងរីករាយគឺលទ្ធផលនៅចុងបញ្ចប់ដែលបានពីការប្តេជ្ញាចិត្តរបស់យើង…មិនមែនជាអ្វីដែលកើតចេញពីសម្តីអ្នកដទៃនោះទេ៕