វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ថា កាហ្វេមួយថ្ងៃ ៤ពែងមានគុណសម្បត្តិលើសលប់
តាមការកត់សម្គាល់កាលពីជំនាន់មុននេះបន្តិច នៅស្រុកខ្មែរយើងមានអ្នកដែលចូលចិត្តកាហ្វេ គឺច្រើនតែបុរស ឬមនុស្សវ័យចំណាស់ ប៉ុន្តែរហូតមកដល់សតវត្សថ្មីនេះ មិនថាមនុស្សចាស់ យុវវ័យ ស្រីឬប្រុសឡើយ សុទ្ធតែមានទំនោរចូលចិត្តទទួលទានកាហ្វេច្រើនមែនទែន។ កាហ្វេពិតជាអាចផ្តល់ផលល្អដល់សុខភាពមែនឬទេ ហើយតើវាអាចមានគុណវិបត្តិចំពោះសុខភាពដែរទេ?
តាមការសិក្សាមុនៗ គេបញ្ជាក់ថា ការទទួលទានកាហ្វេខ្មៅច្រើនផ្ដល់ផលមិនល្អចំពោះសុខភាព ប៉ុន្តែជាង២០ឆ្នាំមកហើយដែលការភ័យព្រួយទាំងនេះត្រូវរលប់ចេញវិញជាបណ្តើរៗ បន្ទាប់ពីមានការសិក្សាកាន់តែច្រើនឡើងៗបង្ហាញតែផលល្អនៃកាហ្វេ។លោកឧកញ៉ា វេជ្ជបបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ការទទួលទានកាហ្វេក្នុងបរិមាណសមរម្យ ចន្លោះពី៣ទៅ៤កែវក្នុងមួយថ្ងៃ ក្រៅពីដាស់អារម្មណ៍យើងឱ្យស្វាងពីការងងុយគេង កាហ្វេអ៊ីនអាចបង្កើនកម្រិតថាមពលនិងប្រាជ្ញា បង្កើនដំណើរការប្រព្រឹត្តនៃរាងកាយ ហើយថែមទាំងជួយរំលាយខ្លាញ់អាក្រក់ ការពារពីជំងឺចាស់វង្វេង ឬវិកលចរិត។
ជាពិសេសអ្នកដែលទទួលទានកាហ្វេ៣ពែងក្នុងមួយថ្ងៃមានអាយុវែងជាងអ្នកមិនពិសាសោះ។ ជាងនេះទៅទៀត អាចកាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែមប្រភេទទីពីរ និងជំងឺញ័រដៃញ័រជើងដែលបណ្តាលមកប្រព័ន្ធប្រសាទចុះខ្សោយ។ បរិភោគក្នុងបរិមាណសមរម្យ អាចកាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែមបានច្រើន បើប្រៀបទៅនឹងអ្នកដែលទទួលទានតិច ឬមិនទទួលទានសោះ។
សម្រាប់ស្ត្រី ការទទួលទានកាហ្វេអាចជាជំនួយនៅពេលយូរទៅៗ ក្នុងការកាត់បន្ថយគ្រោះកើតជំងឺមហារីកស្បូន។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា ការពិសាកាហ្វេជួយកាត់បន្ថយគ្រោះមរណៈបណ្តាលមកពីជំងឺដាច់សរសៃឈាមបេះដូង ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺបង្ករោគឱ្យនៅទាបជាងអ្នកមិនបរិភោគកាហ្វេសោះ។
លោកវេជ្ជបណ្ឌិតបានណែនាំថា ស្ដ្រីមានកូនក្នុងផ្ទៃក៏អាចទទួលទានកាហ្វេបានដែរ ប៉ុន្តែគួរទទួលទានឱ្យសមល្មម ឬត្រឹមតែ២កែវក្នុងមួយថ្ងៃ គឺល្អបំផុតហើយ។ ចំណែកស្រ្តីកំពុងបំបៅដោះកូន គួរប្រយ័ត្នឱ្យមែនទែនចំពោះការទទួលទានកាហ្វេ ព្រោះវាអាចឆ្លងជាតិកាហ្វេអ៊ីនដល់កូនបានតាមរយៈទឹកដោះ។ បើឆ្លងជាតិកាហ្វេដល់កូននឹងធ្វើឱ្យប៉ះទង្គិចដល់សុខភាពកូន ជាពិសេសធ្វើឱ្យកូនគេងពុំលក់។
បើថាការទទួលទានកាហ្វេមានគុណប្រយោជន៍ចំពោះសុខភាពដល់ម្ល៉ឹង តើគួរទទួលទានបែបណាទើបល្អប្រសើរចំពោះសុខភាព ស្របពេលដែលខ្លះទទួលទានកាហ្វេហើយមានអាការៈរកក្អួតចង្អោរ ហើមពោះជាដើមផងនោះ? លោកវេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ហើយបញ្ជាក់ទៀត លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការទទួលទានពេលណាក៏បានដែរ គឺអាស្រ័យលើមនុស្សម្នាក់ៗ។ សម្រាប់បុគ្គលខ្លះ ដោយសារការទទួលទានញយៗក្លាយជាទម្លាប់ទៅ លែងមានឥទ្ធពលប៉ះពាល់លើការគេងបន្តិចម្តងៗ ឬបាត់ទាំងស្រុងផងក៏មាន។
និយាយដោយឡែក ការទទួលទានកាហ្វេហើយហើមពោះ ឬរកក្អួតចង្អោរ គឺមានពីរកត្តាអាចមកពីកាហ្វេ ឬមកពីសារជាតិទឹកដោះគោលាយជាមួយកាហ្វេ។ ក្រៅពីសារធាតុកាហ្វេអ៊ីន កាហ្វេមានសារធាតុគីមីមួយប្រភេទដែលធ្វើឱ្យក្រពះបញ្ចេញអាស៊ីតអ៊ីដ្រូក្លរីត នាំឱ្យក្នុងពោះឡើងអាស៊ីត។ នៅពេលអាស៊ីតចេញមក វាចាប់ផ្ដើមជូរ ភើ ចង្អោរ ឬធ្វើឱ្យអ្នកពិសាកាហ្វេរកក្អួតចង្អោរ ហើមពោះជាដើម។ ដូច្នេះអ្នកទទួលទានកាហ្វេមិនបានទេ យកល្អបើបញ្ឈប់បានគួរតែបញ្ឈប់ កុំធ្វើបាបខ្លួន។
ប៉ុន្តែភាគច្រើនវាមិនមែនមកពីជាតិកាហ្វេទាំងស្រុងទេ វាអាចមកពីអ្នកពិសាកាហ្វេលាយទឹកដោះគោច្រើនជាង ព្រោះមនុស្សអាស៊ីច្រើនតែគ្មានអង់ស៊ីមសម្រាប់កិនទឹកដោះគោ និងមិនទម្លាប់ ទទួលទានទឹកដោះគោពីក្មេងផង គឺជាឱកាសធ្វើឱ្យអ្នកភើ ចង្អោរក្អួត ផោម និងកូរពោះគ្រួបៗ បន្ទាប់ពីទទួលទានកាហ្វេលាយទឹកគោរួច។ នៅអ៊ឺរ៉ុប គេមិនមែនទទួលទានកាហ្វេលាយសារធាតុផ្សេងៗ ដូចជាស្ករ ឬទឹកដោះគោដូចនៅស្រុកខ្មែរឡើយ ពោលគឺគេទទួលទានតែកាហ្វេសុទ្ធមួយរយភាគរយទើបមានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាព។
ទោះយ៉ាងណា សារធាតុកាហ្វេមានឥទ្ធិពលដោយផ្ទាល់ទៅលើដំណេក។ ដោយសារតែសារធាតុកាហ្វេអ៊ីនផ្តល់កម្លាំងដល់សរសៃវិញ្ញាណកម្រើកឱ្យមានសកម្មភាព និងដាស់សរសៃប្រសាទបញ្ចេញអ័រមូនដំណេក ព្រមទាំងទប់ស្កាត់មិនឱ្យខួរក្បាលសម្រាក។ ហេតុដូច្នេះហើយបានជាកាហ្វេអាចជួយមិនឱ្យងងុយដេក និងទៅជួយដាស់សតិឱ្យកាន់តែមានភាពប្រុងប្រយ័ត្ន និងកាន់តែមានរ៉េផ្លិច។ ឥទ្ធិពលនេះអាចមានអំណាចដល់ទៅ៦ម៉ោង។
បើពិសារពេលល្ងាចអាចរំខានដល់ដំណេក ប៉ុន្តែសម្រាប់បុគ្គលខ្លះ ដោយសារការទទួលទានញយៗក្លាយជាទម្លាប់ទៅ លែងមានឥទ្ធពលប៉ះពាល់លើការគេងបន្តិចម្តងៗ ឬបាត់ទាំងស្រុងផងក៏មាន។ ប៉ុន្តែប្រសិនបើអ្នកមានរោគស្លន់ស្លោ ឬជ្រួលច្របល់ រួមទាំងអ្នកមានរោគផ្លូវចិត្ត វារឹតតែធ្វើឱ្យធ្ងន់ធ្ងរលើសដើម។ សម្រាប់អ្នកមានជំងឺជាប់នឹងខ្លួនស្រាប់ ដូចជាជំងឺបេះដូង ទឹកនោមផ្អែម ជំងឺសម្ពាធឈាម ជំងឺរាករួស គួរកាត់បន្ថយការទទួលទានកាហ្វេចៀសវាងហានីភ័យផ្សេងៗ៕
ប្រភព៖interconrooster