ចែកគ្នាដឹងផង!!! សូមនារីៗប្រយ័ត្នប្រយែង នេះគឺជាល្បិចថ្មីមួយទៀតរបស់អ្នករត់ PassApp មួយចំនួនតូច ដែលប្រើល្បិចមួយនេះ ដើម្បីដាក់ថ្នាំសន្តំទៅលើអ្នកដំណើរ តែចុងក្រោយ
នាយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ បងប្រុសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ សឹម សក្ដិដា បានសរសេរនូវខ្លឹមសារសំណេរមួយឃ្លា ស្ដីអំពីល្បិច និងបទល្មើសមួយចំនួន របស់អ្នករត់ម៉ូតូកង់៣ឥណ្ឌា មួយចំនួនតូច បានប្រព្រឹត្ដ ដើម្បីជាសារដាស់តឿនស្មារតី ទៅដល់មិត្ដៗនារីណា ដែលតែងតែធ្វើដំណើរម្នាក់ឯង អោយមានការប្រុងប្រយ័ត្នខ្ពស់។
ក្នុងនោះដែរ គាត់បានលើកឡើងឱ្យដឹងថា៖”អ្នកធ្វើដំណើរតាម PassApp ជាពិសេសនារីៗ សូមប្រយ័ត្នប្រយែង ព្រោះអ្នករត់ PassApp មួយចំនួនតូច គឺមានល្បិចខ្ពស់ណាស់ ក្នុងការប្រព្រឹត្ដចោរកម្ម និងបទល្មើសផ្សេងៗ។តួរយ៉ាងដូចបុរសប្រកបរបរ PassApp ម្នាក់ខាងលើនេះ គឺមានល្បិចខ្ពស់បំផុត។ កាលពីថ្ងៃ២៧ ខែឧសភា ខ្ញុំបានហៅ PassApp នេះតាម App ដោយធ្វើដំណើរពី បុរីទំនើប០១ ក្រោយទីលានវាយកូនហ្គោលជីបម៉ុង ទៅក្រោយផ្សារដេប៉ូពីរនាក់គ្រួសារខ្ញុំ។
ជិះដល់ម្ដុំវត្តតាំងកសាងខាងត្បូង អ្នកបើកបរក៏ប្រាប់ថា ទូរស័ព្ទដាច់សេវាហើយ ឲ្យខ្ញុំគិតម៉ៅទៅ ឲ្យខ្ញុំ Cancel App ទៅ។ ដោយចិត្តអាណិតអាសូរ ខ្ញុំក៏ចុច Cancel ទាំងទូរស័ព្ទខ្ញុំនៅដើរ App ធម្មតា។ ក្រោយមកទៀត អ្នកបើកបរ ក៏ប្រាប់ថា យកលេខទូរស័ព្ទវាទៅ ព្រោះផ្ទះវានៅជិតហ្នឹងដែរ មិនបាច់ហៅតាម App ទេ។ ដោយនឹកអាណិតម្ដងទៀត ក៏យកលេខ ដើម្បីកុំឲ្យក្រុមហ៊ុនកាត់ភាគរយគ្នា ឲ្យគ្នាបានកំរៃឲ្យច្រើនទៅចុះ។
នៅថ្ងៃទី២ ខែកក្កដា ម៉ោង៦ល្ងាច ដោយទើបត្រលប់មកពីខេត្ត ដោយគ្រួសារខ្ញុំមានធុរៈបន្ទាន់ ត្រូវទៅផ្ទះម្ដុំក្រោយផ្សារសាមគ្គី ហើយខ្ញុំមិនបានជូនទៅ គាត់ក៏ហៅ PassApp នេះម្ដងទៀត តាមលេខដែលវាអោយ ដោយនឹកឃើញថា ធ្លាប់ជិះ ក៏ជិះទៅតែឯង ហើយក៏ជាលើកទី១ដែរ ដែលគាត់ហ៊ានជិះតែឯង។ ដោយជិះចេញពីបុរីទំនើប០១ ដដែល។ ជិះមកដល់ម្ដុំបុរីពិភពថ្មី ឈូកវ៉ា២ ខណៈមេឃកំពុងភ្លៀង កំពុងតែបើកសុខៗ PassApp ក៏ឈប់ងក់ គ្រួសារខ្ញុំក៏សួរ ថាឈប់ធ្វើអី? អ្នកបើកបរក៏ថា សុំឈប់ឈឺនោម។ គ្រួសារខ្ញុំក៏បន្តសួរ ហេតុមកឈប់មិនប្រាប់អញ្ចឹង? វាក៏អត់មាត់ដើរទៅក្រោយ PassApp មួយសន្ទុះ ក៏ដើរមកវិញ ហើយបើកកង្ហារលើដំបូល ទាំងមេឃកំពុងភ្លៀង គាត់ក៏ឲ្យបិទដោយប្រាប់ថារងា តែវាមិនបានបិទទេ។ បានប្រហែល៣នាទី គ្រួសារខ្ញុំ ក៏ចាប់ផ្ដើមបាត់បង់ស្មារតីបន្តិចម្ដងៗ និងមានអាការៈងងុយដេក ទន់ដៃជើងបន្តិច តែដោយគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍លើវិស័យវេជ្ជសាស្ត្រ គាត់បានដឹងពីអាការៈនៃថ្នាំសណ្ដំ គាត់ក៏បញ្ជាឲ្យអ្នកបើកបរឈប់ តែអ្នកបើកបរមិនព្រមឈប់ ហើយថែមទាំងស្រែកមិនឲ្យគ្រួសារខ្ញុំចុះទៀត។ ជម្រើសចុងក្រោយ គ្រួសារខ្ញុំសម្រេចចិត្តលោតចុះ ដោយខ្លួនឯងហើយ ហើយរត់ចូលផ្ទះអ្នកជិតនោះឲ្យជួយ។
ហើយប្រាប់គេថា គេសណ្ដំគាត់ អោយជួយយកខ្ទឹម និងក្រូចឆ្មាមកបញ្ច្រកគាត់ផង និងប្រាប់គេឲ្យជួយខលមកខ្ញុំ។ ក្នុងចន្លោះពេលនោះ អ្នកបើកបរបានបកមកវិញ ដោយសួររកគ្រួសារខ្ញុំ ហើយប្រាប់អ្នកជួយនោះថា កុំជឿអ្វីដែលគ្រួសារខ្ញុំបាននិយាយ ហើយបានចោទថា ប្រពន្ធខ្ញុំបោកវាទៅវិញ។ ក្រោយពីអ្នកជួយបានខលមកខ្ញុំ ខ្ញុំក៏បានទាក់ទងទៅសមត្ថកិច្ច មូលដ្ឋានភ្លាមៗ រហូតឃាត់អ្នកបើកបរបាននៅនឹងកន្លែង និងបានយកទៅសាកសួរភ្លាមៗ។ ក្រោយធ្វើការឆែកឆែររបស់ សមត្ថកិច្ចក៏បានរកឃើញមានដំបងហូតមួយដើមផងដែរ ដោយអ្នកបើកបរបានអះអាងម្ដងថាខ្លួនជាអ្នកកាសែត ម្ដងជាសន្តិសុខឯកជន។
ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ លោកអធិការនគរបាលខណ្ឌទួលគោក លោកអធិការនគរបាលខណ្ឌពោធិសែនជ័យ លោកមេប៉ុស្តិ៍ សំរោងក្រោម ដែលបានខ្នះខ្នែងជួយការពារសុវត្ថិភាពប្រជាជនបានយ៉ាងឆាប់រហ័ស។ សូមអរគុណដល់បុគ្គលិក និងម្ចាស់ហាងម្លិះវាំងនន ពិភពថ្មីឈូកវ៉ា២ ដែលបានខ្នះខ្នែងជួយគ្រួសារខ្ញុំដោយសុទ្ធចិត្ត។ នេះជាសារដាស់តឿន អោយមានការប្រុងប្រយ័ត្ន ចំពោះនារីៗដែលចូលចិត្តធ្វើដំណើរតាម PassApp តែម្នាក់ឯង”៕