មហារន្ធត់ណាស់! ម្តាយស្រែកដង្ហោយរកជំនួយស្ទើរគាំងបេះដូង ខណៈកូនស្រីតូចត្រូវរថយន្ត១គ្រឿងបើកដូចខ្វាក់ភ្នែក កិនពីលើទាំងកម្រោល និងសង្កត់ជាប់… (វីដេអូ)
នេះជាខណៈពេលដ៏មហាសែនរន្ធត់បំផុតមួយ នៅពេលដែលរថយន្ត១គ្រឿងបើកមិនប្រយ័ត្ន បានបុក និងកិនលើក្មេងស្រីអាយុ២ឆ្នាំម្នាក់ទាំងកម្រោល ហើយឈប់ងក់បន្តកិនសង្កត់ជាប់ផ្នែកកង់ក្រោយ ធ្វើឲ្យម្តាយរបស់នាងស្រែកដង្ហោយឲ្យគេជួយស្ទើរគាំងបេះដូងតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងទីក្រុង Zhangzhou ខេត្ត Fujian ប្រទេសចិន ។
តាមរយៈវីដេអូសុវត្ថិភាព ក្មេងស្រីរងគ្រោះត្រូវបានឃើញដើរតាមពីខាងក្រោយម្តាយរបស់នាង និងម្តាយដទៃទៀត ស្ថិតនៅផ្លូវមុខផ្ទះល្វែងមួយ ។ បន្ទាប់មក ក៏ស្រាប់តែរថយន្ត SUV ពណ៌ស១គ្រឿងបានបើកចូល និងបត់ស្តាំមិនប្រយ័ត្ន បណ្តាលឲ្យបុក និងកិននាងតូចទាំងកម្រោលតែម្តង ។
នៅពេលដឹងថារថយន្តខ្លួនហាក់កិនលើអ្វីគួរឲ្យសង្ស័យ អ្នកបើកបររូបនោះក៏បានឈប់រថយន្តភ្លាមៗ ដែលជាហេតុធ្វើឲ្យកង់ខាងក្រោយបន្តកិនពីលើនាងតូចជាប់តែម្តង ។ ឃើញសភាពដ៏រន្ធត់បែបនេះ ម្តាយរបស់នាងបានស្លន់ស្លោ ស្រែកដង្ហោយឲ្យគេជួយ ជាមួយជើងលោតទន្ទ្រាំដីស្ទើរគាំងបេះដូង ព្រោះតែពុំអាចសង្គ្រោះកូនរបស់នាងបាន ។
សំណាងណាស់ ដែលបានអ្នកថ្មើរជើងនៅក្បែរនោះបានលឺ ហើយពួកគេមានគ្នាប្រហែលជា ១០ នាក់ បានប្រញាប់ប្រញាល់រត់មកជួយលើករថយន្តនោះ ដើម្បីរំដោះនាងតូចរងគ្រោះចេញ និងរួសរាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។
ទោះយ៉ាងណា ក្មេងស្រីរងគ្រោះនោះ ត្រូវបានគេរាយការណ៍ថា ពុំរងរបួសធ្ងន់ធ្ងរនោះទេ នៅក្នុងហេតុការណ៍ស្ទើរគាំងបេះដូងនេះ និងក៏ត្រូវបានមន្ទីរពេទ្យអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះវិញផងដែរ ៕