ផ្តើមចេញពីក្មេងកំព្រាឪពុកនិងក្រីក្រខ្លាំងក្លាយជាស្តេចកំប្លែងល្បីល្បាញពេញពិភពលោក!
បើយើងគ្រាន់តែរំឭកឈ្មោះថា សាក់ឡូ នោះអ្នកណាៗក៏ស្គាល់ថាជាកំពូលតារាកំប្លែងនិងល្បីល្បាញជាងគេផងដែរគឺព្រោះតែភាពប៉ិនប្រសប់របស់គាត់ក្នុងការសម្តែងកាយវិការ។ប៉ុន្តែយើងនៅមិនទាន់បានដឹងពីជីវប្រវត្តិនិងការតស៊ូក្នុងជីវិតរបស់គាត់យ៉ាងណាខ្លះទេទម្រាំមានថ្ងៃល្បីល្បាញបាន។
សាក់ឡូ មានឈ្មោះពិតថា ឆាលស៍ ស្ប៉េនស៊ឺរ៍ ឆាលីឆាបលីន(Charles Spencer Charlie Chaplin)មានសញ្ជាតិអង់គ្លេស។គាត់គឺជាអ្នកនិពន្ធរឿងភាពយន្តនិងបទភ្លេងដឹកនាំរឿងនិងជាតួសម្ដែងដ៏ពូកែម្នាក់ផងដែរ។សាក់ឡូ បានកើតថ្ងៃទី១៦ខែមេសាឆ្នាំ១៨៨៩នក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ឪពុកឈ្មោះ ឆាលស៍ ស្ប៉េនស៊ឺរ៍ ជាអ្នកបញ្ចូលសំឡេងនិងជាតារាសម្ដែង។លោកមានម្តាយឈ្មោះហាណាហ៍ ឆាបលីន ជាអ្នកចម្រៀងនិងជាតារាសម្ដែង។ពួកគេបានចែកផ្លូវគ្នានៅពេលដែល សាក់ឡូ មានអាយុមិនទាន់បាន៣ឆ្នាំផង។គាត់លំបាកជាខ្លាំងព្រោះគ្មានទីពឹងក្រៅពីម្តាយដោយសាតែគ្មានឪពុកនៅជួយចិញ្ចឹមរូបគាត់។នៅពេលគាត់មានអាយុ១២ឆ្នាំ ឪពុករបស់គាត់បានស្លា.ប់ឪពុករបស់គាត់មានជំងឺថ្លើមក៏ទទួលមរ.ណៈភាពនៅឆ្នាំ១៩០១។ក្រោយពេលដែលឪពុកស្លា.ប់ឆាលីក៏បានរស់នៅជាមួយក្រុមល្ខោនមួយឈ្មោះថាThe Eight Lancashire Lads។ឆ្នាំ១៩០៣ ឆាលី បានដើរតួដំបូងជាក្មេងបម្រើនៅក្នុងរឿង Sherlock Holmesដែលនិពន្ធដោយវីល្លាម ហ្គីលីត តួសម្ដែងដោយតារាអង់គ្លេស សេន្តស្បើរ៍រី។សេន្តស្បើរ៍រី ក៏បានយកឆាលី ឲ្យនៅក្បែរគាត់និងបានបង្ហាត់បង្រៀនគាត់ឲ្យមានទេពកោសល្យក្នុងការសម្តែង។
នៅចុងឆ្នាំ១៩១៣បន្ទាប់ពីការសម្ដែងរួចមកគាត់ត្រូវបានក្រុមហ៊ុនភាពយន្តជាច្រើននៅសហរដ្ឋអាមេរិកជួលគាត់ឲ្យថតឲ្យពួកគេ។ភាពយន្តដំបូងរបស់ឆាលី គឺរឿង“Making a Living”បានធ្វើឲ្យនាយកក្រុមហ៊ុនមិនសប្បាយចិត្តទាល់តែសោះដោយសារឆាលី ធ្វើឲ្យមានកំហុសដែលត្រូវបង់ថ្លៃខ្ពស់។ទោះយ៉ាងណាគាត់បានផ្តល់ឱកាសឲ្យឆាលី សម្តែងម្តងទៀត។ពេលក្រោយមកទៀតភាពយន្តទាំងឡាយរបស់ឆាលី ជោគជ័យយ៉ាងគគ្រឹកគគ្រេងហើយគាត់បានក្លាយជាតារាដ៏សំខាន់បំផុតនៅឯក្រុមហ៊ុនផលិតភាពយន្តអាមេរិកKeystone។ខ្សែភាពយន្ត«ដំណើរតន្រ្ដំ»របស់គាត់បានចាប់ផ្តើមនៅក្នុងយុគនៃភាពយន្ត“គ”ឬភាពយន្តគ្មានសំឡេង។ចាប់ផ្តើមថតភាពយន្តឲ្យក្រុមហ៊ុនកំប្លែងKeystoneបញ្ចាំងដំបូងនៅថ្ងៃទី០៧ខែកុម្ភៈឆ្នាំ១៩១៤ឈ្មោះ Kid Auto Racesat Veniceក៏ជាពេលដែលគាត់ចាប់ផ្តើមប្រើម៉ូដសម្លៀកបំពាក់កំប្លែងមុនដំបូងបំផុតដែរ។ពេលនោះឆាលី និងរបៀបដើរតន្ដ្រំរបស់គាត់បានក្លាយជាតារាដ៏មានប្រជាប្រិយបំផុតនៅក្នុងក្រុមហ៊ុនខ្សែភាពយន្តSennett។
ក្នុងឆ្នាំដំបូងដែលគាត់នៅជាមួយក្រុមហ៊ុនSennett ឆាលីបានថតភាពយន្តខ្លីចំនួន៣៤រឿង។តាមរយៈខ្សែភាពយន្តដំណើរតន្ដ្រំរបស់គាត់នេះឯងដែលគាត់ត្រូវបានគេស្គាល់ឈ្មោះថាសាក់ឡូ(Charlot)។នៅក្នុងពិភពប្រទេសដែលនិយាយភាសាបារាំង,អ៊ីតាលី,អេស្ប៉ាញ,អង់ដូរ៉ា,ព័រទុយហ្កាល់,ក្រិក,រ៉ូម៉ានី និងទួគី។ចំណែកនៅប្រទេសប្រេស៊ីល និងអាហ្សង់ទីន គេស្គាល់ឈ្មោះគាត់ថាកាលីតូ(Carlitos)ខណៈនៅអាល្លឺម៉ង់គេស្គាល់ឈ្មោះថា ដឺ វ៉ាហ្កាប៊ុនដ៍(Der Vagabund)។ភាពយន្តដំណើរតន្រ្ដំត្រូវបានបញ្ចាំងមុនដំបូងបំផុតនៅសហរដ្ឋអាមេរិក។ឆាលី បានក្លាយជាកំពូលតារានៅក្នុងពិភពអ្នកគាំទ្រភាពយន្ត“គ”ឬភាពយន្តគ្មានសំឡេង។ឆ្នាំ១៩១៦ក្រុមហ៊ុនMutual Film Corporationបានជួលគាត់ឲ្យថតភាពយន្តកំប្លែងជាច្រើនដែលក្នុងនោះភាពយន្តដែលល្បីល្បាញបំផុតមានដូចជារឿងEasy Street,One A.M.,The Pawnshop,និងThe Adventurerជាដើម។ឆាលី បានចាត់ទុកថាអំឡុងពេលដែលគាត់នៅជាមួយក្រុមហ៊ុនMutualគឺជាពេលដែលគាត់មានសុភមង្គលបំផុតក្នុងអាជីពរបស់គាត់។នៅពេលអាមេរិកធ្លាក់ចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី១ ឆាលីបានក្លាយជាអ្នកនាំពាក្យឱ្យLiberty Bonds។នៅពេលដែលគាត់បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនMutual នៅឆ្នាំ១៩១៧គាត់បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនFirst Nationalជាថ្មី។
ឆ្នាំ១៩១៩ ឆាលីគឺជាស្ថាបនិកម្នាក់ជាមួយមិត្តជិតដិតរបស់គាត់៣នាក់ផ្សេងទៀតដែលបានបង្កើតស្ទូតឌីយោ(Studio)មានឈ្មោះថាUnited Artists(UA)ជាមធ្យាបាយគេចពីឥទ្ធិពលហូលីវូដ(Hollywood)ដែលព្យាយាមគ្របដណ្តប់លើវិស័យភាពយន្តទាំងស្រុង។គាត់បានបន្តធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរបស់UAរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៥០។ឆ្នាំ១៩២៧ភាពយន្តមានសំឡេងបានចាប់ផ្តើមនិងបានក្លាយជាភាពយន្តពេញនិយមបំផុតប៉ុន្តែ ឆាលី ឬសាកឡូនៅតែមិនថតភាពយន្តមានសំឡេង។គាត់និយាយថាកាយវិការមានលក្ខណៈសកលជាងពាក្យសម្ដីទៅទៀត។ខ្សែភាពយន្តមានសំឡេងដំបូងបំផុតរបស់ឆាលី គឺរឿង«The Great Dict-ator»ដែលត្រូវបានបញ្ចាំងនៅឆ្នាំ១៩៤០បញ្ចាំងនៅសហរដ្ឋអាមេរិក១ឆ្នាំមុនពេលអាមេរិកសម្រេចចិត្តចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី២។នៅក្នុងរឿងនេះឆាលីធ្វើជាមនុស្សដែលយកម៉ូដែលតាម អាដុលហ្វ៍ ហ៊ីត្លែរ របស់អាល្លឺម៉ង់។ទោះ ឆាលីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងវិស័យភាពយន្តនិងបានតាំងលំនៅស្ថាននៅសហរដ្ឋអាមេរិកពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩៥៣ កតីក៏គាត់ត្រូវបានFBIសង្ស័យថាជាសកម្មជនកុម្មុយនិស្តហើយពួកគេបានព្យាយាមបញ្ចប់និវេសនដ្ឋានរបស់គាត់នៅអាមេរិក។សម្ពាធរបស់FBIទៅលើឆាលី បន្ទាប់ពីយុទ្ធនាការឆ្នាំ១៩៤២របស់គាត់សម្រាប់ពួកអឺរ៉ុប។
ឆ្នាំ១៩៥២ពួកFBIបានពិភាក្សាជាមួយស្ថាប័នអន្តោប្រវេសន៍ឲ្យដកហូតទិដ្ឋាការរបស់ឆាលី ដើម្បីកុំឲ្យគាត់មានសិទ្ធិត្រឡប់ចូលអាមេរិកវិញបាន។នៅពេលនោះឆាលី បានសម្រេចចិត្តថានឹងមិនត្រឡប់ចូលអាមេរិកវិញឡើយដោយគាត់មិនពេញចិត្តនឹងរដ្ឋាភិបាលអាមេរិកហើយគាត់បានតាំងលំនៅឋាននៅប្រទេសស្វ៊ីស។នៅខែមេសា ឆ្នាំ១៩៧២គាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងរយៈពេលដ៏ខ្លីជាមួយភរិយារបស់គាត់ដើម្បីទទួលពានរង្វាន់អូស្កា(Oscar)។ខ្សែភាពយន្តចុងក្រោយចំនួន២របស់ ឆាលី ត្រូវបានផលិតនៅទីក្រុងឡុងដ៍គឺរឿង“A King in New York”ឆ្នាំ១៩៥៧ដែលគាត់ជាសម្តែង។រឿង”A Countess from Hong Kong”ឆ្នាំ១៩៦៧ដែលគាត់ជាអ្នកដឹកនាំផលិតនិងនិពន្ធផងដែរ។
ឆាលី បានចូលនិវត្តន៍ពីពិភពសិល្បៈជាផ្លូវការនៅក្នុងខ្សែភាពយន្តរឿងModern Timesបញ្ចាំងនៅថ្ងៃទី០៥ខែកុម្ភៈឆ្នាំ១៩៣៦។រឿងModern Timesនេះត្រូវបានគេចាត់ទុកថាជាភាពយន្ត“គ”ចុងក្រោយបំផុតក្នុងលោក។សុខភាពរបស់ឆាលី បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់នៅចុងទសវត្សរ៍ឆ្នាំ១៩៦០បន្ទាប់ពីគាត់បានបញ្ចប់ភាពយន្តចុងក្រោយរឿងA Countess from Hong Kong.នៅឆ្នាំ១៩៧៧គាត់ក្រោកដើរលែងរួចប្រើតែកៅអីមានកង់រុញ។មិនយូរប៉ុន្មានទេនៅក្នុងឆ្នាំដដែលនោះ ឆាលី ក៏បានទទួលមរ.ណៈភាពនៅទីក្រុងVeveyប្រទេសស្វ៊ីស។
រឿងគួរឲ្យរន្ធត់មួយដែលបានកើតឡើងនៅថ្ងៃទី១ខែមីនាឆ្នាំ១៩៧៨គឺសាកសពរបស់គាត់ត្រូវបានគេលួចដើម្បីជម្រិតទារយកប្រាក់ពីគ្រួសារប៉ុន្តែពួកចោរទាំងនោះត្រូវបានចាប់ខ្លួនហើយសពរបស់គាត់ត្រូវបានរកឃើញ១១សប្តាហ៍ក្រោយមក។ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅកប់ម្តងទៀតនៅក្នុងជម្រៅ១,៨ម៉ែត្រក្នុងទីកន្លែងដ៏អាថ៌កំបាំងមួយដើម្បីជៀសវាងត្រូវគេលួចទៅម្តងទៀត។រូបសំណាករបស់គាត់ត្រូវបានគេសាងសង់នៅទីក្រុងVeveyក្នុងប្រទេសស្វ៊ីសដែលនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ។
ទោះបីជាពេលវេលាកន្លងទៅច្រើនទសវត្សរ៍ហើយក្តីក៏រូបរបស់គាត់និងភាពយន្តរបស់គាត់នៅតែធ្វើឲ្យមនុស្សផ្ទុះសំណើចទប់មិនជាប់ដដែលហើយរហូតមកដល់សព្វថ្ងៃនេះ ពិភពលោកនៅតែពុំទាន់មានតារាកំប្លែងណាម្នាក់អាចបំបែកឯតទគ្គកម្មគាត់បាននៅឡើយទេ។ចំពោះអាពាហ៍ពិពាហ៍វិញ ឆាលី បានឆ្លងកាត់ចំនួន៤លើកឯណោះ៖ ទី១រៀបការជាមួយតារាភាពយន្តម្នាក់ឈ្មោះ មីលដ្រេដ ហារីស នៅឆ្នាំ១៩១៨ហើយបានលែងលះគ្នានៅឆ្នាំ១៩២០។នៅឆ្នាំ១៩២៤គាត់បានរៀបការម្តងទៀតជាមួយតារាភាពយន្តឈ្មោះ លីតា ហ្ក្រេយ៍ ពួកគេរួមរស់នឹងគ្នាបានកូន២នាក់ក៏បានដល់ទីបញ្ចប់ទៀតនៅឆ្នាំ១៩២៧។ឆ្នាំ១៩៣៦គាត់បានរៀបការជាលើកទី៣ជាមួយនាង ផល្លេត ហ្កូដដាដ ជាតារាភាពយន្តដែរហើយបានលែងលះគ្នាទៀតនៅឆ្នាំ១៩៤២។មិនយូរប៉ុន្មានខែមិថុនាឆ្នាំ១៩៤៣ឆាលី ឆាលីន បានរៀបការម្តងទៀតពេលដែលគាត់មានវ័យ ៥៣ឆ្នាំជាមួយនាង អ៊ូណា អូណែល ដែលទើបតែមានអាយុ១៨ឆ្នាំ។ស្នេហ៍វ័យចំណាស់ប៉ះប្រពន្ធក្មេងល្ហក់គូនេះចុះសម្រុងនិងយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ហើយពួកគេក៏រួមរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ពួកគេមានកូនចំនួន៨នាក់និងរួមរស់ជាមួយគ្នាលុះដល់ ឆាលី ទទួលអនិច្ចកម្មតែម្តង៕