រៀបការហើយក៏បែកទៅនៅឆ្ងាយ មិនដែលត្រឡប់មកលេងផ្ទះឡើយ ពេលបានមកលេងផ្ទះម្ដងនេះខ្ញុំអួលដើមកនិយាយលែងចេញ!

ផ្ទះរបស់ខ្ញុំនៅស្រុកជនបទដាច់ស្រយាល ឪពុកម្ដាយរបស់ខ្ញុំមានកូនពីរនាក់គឺខ្ញុំនិងបងប្រុសរបស់ខ្ញុំ ខ្ញុំជាមនុស្សដែលរៀនពូកែតាំងពីក្មេង ជាសិស្សឆ្នើមផ្នែកភាសាអង់គ្លេស ពេលរៀនចប់អនុវិទ្យាល័យក៏ទៅរៀនបន្តមហាវិទ្យាល័យនៅឯទីក្រុង ចាប់តាំងពីពេលនោះមកខ្ញុំក៏មិនសូវបានមកលេងផ្ទះឡើយ ឪពុកម្តាយរបស់ខ្ញុំមានហាងតូចមួយបើកពីព្រលឹមរហូតទល់ព្រលប់លក់បន្លែផ្លែឈើ ពេលខ្ញុំរៀនដល់ថ្នាក់មហាវិទ្យាល័យ ឪពុករបស់ក៏ចាប់ផ្ដើមមានសុខភាពមិនសូវល្អ ពេលខ្លះគាត់ក្អកពេញមួយថ្ងៃក៏មាន។

ប៉ុន្ដែគាត់ក៏នៅមិនព្រមទៅរកពេទ្យឡើយ គាត់ប្រាប់ថារង់ចាំដល់ខ្ញុំរៀនចប់មហាវិទ្យាល័យសិនសឹមនិយាយគ្នា នៅឆ្នាំដំបូងដែលខ្ញុំចូលរៀនមហាវិទ្យាល័យ ឪពុករបស់ខ្ញុំបានលាចាកលោកទៅដោយសារជំងឺមហារីកសួត ម៉ែរបស់ខ្ញុំមិនចង់ឲ្យមានផលប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំ ក៏ទន្ទឹងរង់ចាំរហូតដល់ខ្ញុំសម្រាកវ៉ាកងធំទើបគាត់ប្រាប់ដំណឹងអាក្រក់ឲ្យខ្ញុំដឹង ពេលនោះខ្ញុំក្រាបសំពះផ្នូរសពឪពុករបស់ខ្ញុំ ខ្ញុំយំរហូតដល់ដួលសន្លប់ ខ្ញុំស្អប់ខ្លួនឯងខ្លាំងណាស់ដែលមិនព្រមប្រាប់ឪពុកទៅព្យាបាលខ្លួនតាំងពីដំបូង ចាប់តាំងពីលោកឪពុកបានស្លាប់បាត់បង់ជីវិតទៅសុខភាពរបស់ម៉ែខ្ញុំក៏ចាប់ផ្ដើមអន់ថយបន្តិចម្ដងៗ បន្ទុកគ្រប់យ៉ាតត្រូវធ្លាក់លើបងប្រុសរបស់ខ្ញុំ។

បងប្រុសរបស់ខ្ញុំមិនចូលចិត្តការសិក្សា ពេលរៀនចប់ថ្នាក់ទី៩ភ្ញាមគាត់ក៏ចេញទៅរកការងារធ្វើ បងប្រុសរបស់ខ្ញុំធ្វើការងារលីសែងជាកម្មករសំណង់ ការងារលំបាកហើយបានប្រាក់ខែតិចតួចប៉ុណ្ណោះ ប៉ុន្តែដោយសារតែឪពុកបានស្លាប់ទៅ បងប្រុសក៏ក្លាយជាអ្នកជំនួសផ្ញើប្រាក់ឲ្យខ្ញុំចាយ ចំណែកខ្ញុំវិញពេលរៀននៅមហាវិទ្យាល័យក៏ចេញទៅធ្វើការក្រៅម៉ោង ប្រាក់ដែលបងប្រុសបានផ្ញើឲ្យចាយខ្ញុំមិនចាយឡើយសន្សំទុកសម្រាប់ជូនគាត់វិញ។


ក្រោយមកពេលខ្ញុំរៀនថ្នាក់អនុបណ្ឌិតក៏បានស្គាល់នឹងស្វាមីរបស់ខ្ញុំ ក៏ព្រោះតែភាសាអង់គ្លេសរបស់ខ្ញុំល្អសមគួរ ក្រោយរៀនចប់ក្រុមហ៊ុនរបស់អ៊ំស្វាមីរបស់ខ្ញុំបានហៅខ្ញុំទៅធ្វើការមានតំណែងជាអ្នកបកប្រែផ្ទាល់មាត់ ហើយខ្ញុំក៏បានរៀបការនៅក្នុងឆ្នាំធ្វើការដំបូងនោះឯង ពេលនោះខ្ញុំមានអាយុ២៨ឆ្នាំ បងប្រុសរបស់ខ្ញុំមានកូនអាយុ៤ឆ្នាំជាងហើយ ចាប់តាំងពីមុនថ្ងៃរៀបការដែលខ្ញុំបាននាំស្វាមីទៅលេងស្រុកកំណើតរបស់ខ្ញុំ ក្រោយមកខ្ញុំមមាញឹកនឹងការងា ត្រូវប្រជុំស្ទើរតែរាល់ថ្ងៃ ពេលខ្លះក៏ត្រូវធ្វើដំណើរទៅក្រៅប្រទេសទៀតផង។

ខ្ញុំបានតេទូរស័ព្ទទៅផ្ទះជាប្រចាំ គ្រប់ពេលម៉ែនិងបងប្រុសប្រាប់ថាមិនចាំបាច់បារម្ភនោះទេ ព្រោះពួកគាត់មានសុខភាពល្អ ខ្ញុំបានផ្ញើប្រាក់និងសម្លៀកបំពាក់ទៅឲ្យគាត់ជានិច្ច ប៉ុន្ដែនៅថ្ងៃចូលឆ្នាំចិន បងប្រុសបានផ្ញើប្រាក់ត្រឡប់មកវិញ ប្រាប់ថានេះជាប្រាក់ឆ្នាំថ្មីដែលម៉ែឲ្យខ្ញុំនិងស្វាមី។បងប្រុសប្រាប់ថាខ្ញុំខ្លួនមួយម្នាក់ឯងនៅក្នុងទីក្រុង ពួកគាត់មិនអាចមើលថែខ្ញុំបានទេ ដូច្នេះហើយគាត់ប្រាប់ឲ្យខ្ញុំមើលថែខ្លួនឲ្យបានល្អ ទិញចំណីអាហារល្អៗ ទិញសម្លៀកបំពាក់ល្អៗស្លៀកពាក់ មិនចាំបាច់ព្រួយបារម្ភទេនៅផ្ទះមានបងប្រុសនិងបងថ្លៃមើលថែទាំហើយ។

ក្រោយរៀបការបានពីរឆ្នាំជាងខ្ញុំក៏មានកូនប្រុសមួយ ដំបូងខ្ញុំគិតថាពេលកូនប្រុសបានមួយសប្ដាហ៍នឹងនាំទៅលេងផ្ទះ ប៉ុន្ដែចៃដន្យកូនរបស់ខ្ញុំមានជម្ងឺរលាកទងសួត ត្រូវចូលព្យាបាលនៅមន្ទីពេទ្យ។អាកាសធាតុនៅផ្ទះក្ដៅត្រជាក់ តាមដងផ្លូវនៅរដូវក្តៅពោរពេញទៅដោយលំអងធូលី ខ្ញុំមិនហ៊ានយកកូនទៅលេងផ្ទះឡើយ ហើយពេលវេលាក៏បានកន្លងផុតទៅ៥ឆ្នាំ។ឆ្នាំនោះកូនប្រុសមានអាយុ៥ឆ្នាំជាង ខ្ញុំមិនបានត្រឡប់ទៅលេងផ្ទះអស់រយៈពេលជិត៨ឆ្នាំមកហើយ។

នៅពេលជិតចូលឆ្នាំចិនហើយក៏ជិតថ្ងៃកំណើតគម្រប់៧០ឆ្នាំរបស់ម៉ែ ខ្ញុំនិងស្វាមីបានសុំសម្រាកពីការងារត្រៀមរៀបចំនាំកូនទៅលេងផ្ទះម្ដង ដើម្បីទៅ surprise ម៉ែ ដូច្នេះហើយទើបខ្ញុំមិនបានប្រាប់គាត់ឲ្យបានដឹងមុខថាខ្ញុំនឹងទៅលេង។

ពួកយើងទិញសំបុត្រយន្ដហោះ បានត្រៀមរបស់សម្រាប់ផ្ញើឲ្យសាច់ញាតិបងប្អូនគ្រប់គ្នា ក្រោយពីធ្វើដំណើរជាងមួយថ្ងៃ ទីបំផុតខ្ញុំក៏បានមកដល់ផ្ទះស្រុកកំណើត។ខ្ញុំដើរចូលទៅបើកទ្វារធំមុខផ្ទះ ហើយអ្វីដែលខ្ញុំបានឃើញនៅមុខផ្ទះគឺម៉ែរបស់ខ្ញុំអង្គុយលើរទះរុញ ម៉ែស្លៀកពាក់យ៉ាងស្អាតបាត មើលទៅដូចទើបកក់សក់រួចថ្មីៗ។ចំណែកបងថ្លៃក៏កំពុងបោកគក់ខោអាវនៅក្បែរនោះ ស្រោមខ្នើយស្រោមពូកមួយគំនរធំដាក់នៅក្បែរនោះ បងថ្លៃបានងើយមុខសម្លឹងមកមួយស្របក់ធំ មុននឹងចាំមុខខ្ញុំបាន ហើយក៏បានអញ្ជើញពួកយើងឲ្យចូលទៅខាងក្នុង។ពេលម៉ែបានឮថាខ្ញុំមកលេងផ្ទះគាត់សប្បាយចិត្តរហូតដល់ថ្នាក់ស្រក់ទឹកភ្នែក គាត់បានប្រញាប់សួរថាខ្ញុំនៅត្រង់ណា?! ពេលនោះទើបខ្ញុំដឹងថាភ្នែករបស់ម៉ែទាំងសងខាងមើលលែងឃើញជាច្រើនឆ្នាំហើយ។

ខ្ញុំស្ទុះចូលទៅឱបម៉ែទាំងទឹកភ្នែកស្រក់ហូរ ហើយខ្ញុំក៏ធុំក្លិនទឹកនោម,លាមកចេញពីគំនរធំត្រង់នោះផងដែរ។បងថ្លៃប្រាប់ឲ្យខ្ញុំជជែកលែងជាមួយម៉ែសិន ព្រោះគាត់ប្រញាប់បោកគក់ខោអាវឲ្យរួចរាល់សិន ខ្ញុំសម្លឹងមើលមុខម៉ែហើយគិតក្នុងចិត្តថា ទោះបីគាត់សក់ស្កូវស្ទើរតែពេញទាំងអស់ប៉ុន្ដែមើលទៅគាត់រាងធាត់ជាងមុន។ខ្ញុំរុញរទះម៉ែចូលទៅក្នុងផ្ទះ ឃើញបន្ទប់គេងរៀបចំបានស្អាត នៅលើតុក្បាលដំណេករបស់ម៉ែមានទឹកដោះគោនិងផ្លែឈើផងដែរ ខ្ញុំត្អូញត្អែរដែលម៉ែលាក់បាំងខ្ញុំចំពោះរឿងដែលគាត់ពិការភ្នែកមើលមិនឃើញជាច្រើនឆ្នាំ។

ម៉ែញញឹមហើយប្រាប់ថាមនុស្សចាស់គឺចឹងហើយក៏ត្រូវតែមានជំងឺនេះជំងឺនោះច្រើន ប្រាប់ទៅក៏ធ្វើឲ្យខ្ញុំព្រួយបារម្ភឥតអំពើ ម៉ែនិយាយប្រាប់ថាគាត់ធ្លាក់ខ្លួនពិការជាង៥ឆ្នាំមកហើយ នៅពេលដំបូងសម្រាន្តនៅលើគ្រែបម្រាស់ខ្លួនមិនបានឡើយ ប៉ុន្ដែបានបងថ្លៃជួយតប់ជួយច្របាច់ឲ្យរាល់ថ្ងៃ ២ដងក្នុងមួយម៉ោង ព្រមទាំងនៅពេលល្ងាចឲ្យម៉ែត្រាំទឹកក្ដៅអ៊ុនៗធ្វើឲ្យរាងកាយគាត់បានល្អប្រសើរជាងមុនច្រើន។ពេលបានឮម៉ែនិយាយខ្ញុំមានអារម្មណ៍ថាជាប់ជំពាក់បុណ្យបងថ្លៃខ្លាំងណាស់ មើលទៅគាត់រវល់គ្រប់ពេលវេលា ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនស័ក្តិសមជាកូនស្រីរបស់ម៉ែឡើយ។

កន្លងផុតទៅជាច្រើនថ្ងៃ ស្វាមីរបស់ខ្ញុំបានទៅកក់សណ្ឋាគារដែលល្អបំផុតដើម្បីរៀបចំពិធីខួបកំណើតគម្រប់៧០ឆ្នាំឲ្យម៉ែ ខ្ញុំបានឮសាច់ញាតិបងប្អូននិងអ្នកភូមិប្រាប់ម៉ែថាសំណាងល្អដែលមានកូនស្រីដូចជាខ្ញុំ នៅក្នុងចិត្តខ្ញុំមានការខូចចិត្តយ៉ាងខ្លាំង ខ្ញុំបានទាញបងថ្លៃមកក្បែរៗហើយហុចប័ណ្ណ ATM ឲ្យគាត់មួយសន្លឹក នៅខាងក្នុងមានប្រាក់ចំនួន ៧៥,០០០ដុល្លារ ខ្ញុំអរគុណដែលគាត់បានជួយមើលថែម៉ែរបស់ខ្ញុំបានយ៉ាងល្អ។ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានសម្រេចចិត្តថាទោះបីខ្ញុំរវល់ប៉ុនណាក្នុងមួយឆ្នាំត្រូវទៅលេងផ្ទះយ៉ាងតិច១ដង ខ្ញុំចង់ជំនួសកំហុសដែលបានធ្វើខុសជាច្រើនឆ្នាំកន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *