ស្រលាញ់គ្នារាប់ឆ្នាំ សង្ឃឹមថាថ្ងៃណាមួយបានរៀបការនឹងគ្នា តែចុងក្រោយស្ទើរឆ្កួតចិត្ត

នារីស្រស់សោភាម្នាក់ បានស្គាល់គ្នាជាមួយបុរសម្នាក់ដោយចៃដន្យ នៅពេលដែលគេបានទៅដើរកម្សាន្ដនៅរមណីមួយនៅតាមបណ្ដារខេត្ត។ ចាប់ពីពេលនោះមក ពួកគេទាំងពីរក៍ចាប់ផ្ដើមស្វែងយល់ចិត្តគ្នាទៅវិញទៅមក ដោយរាល់យប់ពួកគេតែងតែ ឆាតលេងជាមួយគ្នា និងនិយាយទូរស័ព្ទជាមួយគ្នាជារៀងរាល់យប់ ក្រោយពេលសម្រាកពីការងារ ហើយពួកគេទាំងពីរមានអាយុស្រករគ្នាទេ។

ស្រលាញ់គ្នារាប់ឆ្នាំ សង្ឃឹមថាថ្ងៃ ...

ក្រោយពីស្គាល់គ្នាបានប្រហែលជាង១ឆ្នាំ ពួកគេទាំងពីរក៍បានចាប់ផ្ដើមស្រលាញ់គ្នា ហើយបានទៅដើរលេង និងទៅញ៉ាំអីជាមួយគ្នាស្ទើរតែរាល់ថ្ងៃ។ នៅថ្ងៃមួយ ដែលជាថ្ងៃលះបង់ដ៍ធំមហាសាល ដោយនាងបានជឿទុកចិត្តនឹងពាក្យលួងលោមរបស់បុរសនោះ ហ៊ានប្រគល់ខ្លួនប្រាណទៅអោយបុរសនោះ ទាំងក្នុងចិត្តត្ដុកត្ដួល ព្រោះតែគិតថាខ្លាចចាញ់បោក ខ្លាចខកបំណង ខ្លាចស្រលាញ់ចំប្រុសដែលបានខ្លួនហើយបោះបង់ចោល។

បានប្រហែល១ឆ្នាំក្រោយមក ចំណងស្នេហ៍របស់ពួកគេហាក់ដូចជាស្អិតរមួតជាងមុនទៅទៀត និយាយអោយខ្លី ដូចជាប្ដីប្រពន្ធអញ្ចឹង។ ដោយសារការស្រលាញ់គ្នាជិត៣ឆ្នាំមកហើយ ទើបខាងស្រីសម្រេចចិត្តសួរទៅខាងប្រុសថា បងតើថ្ងៃណាទើបពួកយើងរៀបការ? ស្រាប់តែខាងប្រុសឆ្លើយតបវិញថា កុំទាន់គិតរឿងរៀបការអីអូន ព្រោះបងមិនទាន់មានលុយគ្រប់គ្រាន់ ណាមួយបងមិនទាន់មានការងារល្អធ្វើផង ពេលលឺបែបនេះ នាងបានត្រឹមតែញញឹមក៍ឈប់សួរបន្ដទៀតទៅ។

នៅថ្ងៃមួយនោះ រឿងរ៉ាវស្នេហារបស់ពួកគេត្រូវបានលេចលឺដំណឹងដល់ឪពុកម្ដាយខាងប្រុស នៅពេលនោះហើយដែលគ្រួសារខាងប្រុស ប្រាប់អោយកូនប្រុសឈប់ទាក់ទងជាមួយនារីជាសង្សារបន្ដទៀត ព្រោះដឹងថាគ្រួសាររបស់នាងក្រខ្សត់ ហើយនាងត្រឹមជានារីរោងចក្រម្នាក់ រស់នៅត្រឹមបន្ទប់ជួលតូចចង្អៀត ១ខែ ៣៥ដុល្លារប៉ុណ្ណោះ។

ចាប់ពីពេលនោះមក ស្នេហារបស់ពួកគេទាំងពីរហាក់ដូចជាមនុស្សពីរផ្សេងគ្នា ខាងប្រុសចេះតែគេចវេស និងគ្មានពេលវេលាសម្រាប់នាងដូចមុនឡើយ ព្រោះតែវណ្ណះគ្រួសារ ទើបស្នេហារបស់ពួកគេប្រេះឆាបែបនេះ។ ទោះបីជាដឹងថាបែបនេះក៍ដោយ នាងនៅតែជំនះ រាល់ពេលដែលនាងទំនេរ គឺតែងតែព្យាយាមខលទៅ តែទូរស័ព្ទរបស់បុរសនោះមិនអាចទាក់ទងបាន ហើយឆាតទៅក៍មិនតបមកវិញទៀត។ នាងចាប់ផ្ដើមអស់សង្ឃឹម ជារៀងរាល់យប់ គ្រប់ពេលដែលនាងនឹក នាងតែងតែយំ យំស្ទើរស្លាប់ខ្លួនទៅហើយ មើលទៅស្ទើរដូចមនុស្សឆ្កួតអញ្ចឹង។

រំលងបានប្រហែលជា ១សប្ដាហ៍ នាងបានជួបមិត្តភ័ក្រ្ដរបស់បុរសជាសង្សារដោយចៃដន្យ ភ្លាមៗនោះ នាងក៍បានសួររកសង្សាររបស់នាងតែម្ដង ដំបូងបុរសនោះមិនព្រមប្រាប់ទេ តែនាងនៅតែសួរដដែលៗ ទើបបុរសនោះ ប្រាប់នាងថា គេបានស្លាប់បាត់ហើយ…។។

Leave a Reply

Your email address will not be published. Required fields are marked *