អានហើយ ទឹកភ្នែកស្រក់ហូរមកឯងៗ….! ប្ដីលួចមានស្រីថ្មី មកសុំប្រពន្ធលែង បែរជាកូនជ្រើសរើសទៅនៅខាងឪពុក ព្រោះតែឪពុកគាត់ជាអ្នកមាន ម្ដាយត្រឹមជាអ្នកលក់ផ្លែឈើ ក្រលំបាក
ទីក្រុងទឹកភ្នែក៖ បុរសម្នាក់បានសម្រេចចិត្តទៅរកការងារធ្វើនៅទីក្រុង ហើយបានសន្យាជាមួយប្រពន្ធ និងកូនថា ពេលរកការងារល្អបានធ្វើ ខ្លួននឹងជួយគ្រួសារឲ្យមានជីវភាពធូរធារ។ ប្រពន្ធរបស់គាត់ក៏យល់ព្រមតាមការសន្យា រួចអនុញ្ញាតឲ្យចេញទៅ ធ្វើឲ្យនាងរស់នៅតែពីរនាក់ម៉ែកូនម៉ង់ៗក្នុងផ្ទះ។ចាប់តាំងពីប្ដីចាកចេញទៅ នាងតែងតែមានអារម្មណ៍ឯកានឹករលឹកប្ដីជាខ្លាំង ហើយអង្គុយទន្ទឹងរង់ចាំតែផ្លូវប្ដីត្រលប់មកវិញស្ទើររាល់ថ្ងៃ។ ថ្ងៃទើបបែកពីប្រពន្ធថ្មីៗ ប្ដីបានទូរសព្ទមកលេងប្រពន្ធពីរបីដងក្នុងមួយថ្ងៃ រហូតដល់ថ្ងៃបើកប្រាក់ខែ ប្ដីក៏ផ្ញើលុយឲ្យប្រពន្ធជារឿយៗ។
ប៉ុន្តែមិនយូរប៉ុន្មាន ប្ដីក៏មិនសូវទូរសព្ទមករកប្រពន្ធ និងផ្ញើប្រាក់ទាន់ពេលដូចសព្វដងឡើយ ហាក់ដូចជាប្ដីរូបនេះចង់បំភ្លេចប្រពន្ធកូន។ប្រពន្ធកើតក្ដីអន្ទះសាចង់ដឹងចង់ឮដំណឹងប្ដី ព្រោះនាងមិនអាចទាក់ទងបានទៀតទេ នាងព្យាយាមសួរដំណឹងពីមិត្តភ័ក្ដិ បងប្អូនខាងប្ដី តែមិនមានតម្រុយទាល់តែសោះ។ មុខរបរលក់ផ្លែឈើបន្តិចបន្តួចតាមផ្សាររបស់នាងកាន់តែយ៉ាប់យ៉ឺន ទោះត្រូវធ្វើការពីព្រលឹមទល់ព្រលប់ក៏ប្រាក់កម្រៃមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមខ្លួន និងកូនបានដែរ។
រយៈពេល ៣ឆ្នាំកន្លងទៅ ប្ដីរូបនេះបានបង្ហាញមុខស្ងាត់ៗនៅផ្ទះខាងប្រពន្ធដោយនាំមកជាមួយរថយន្តទំនើបមួយគ្រឿងផ្អើលគេឯង។ អ្នកជិតខាងគិតថា គ្រួសារមួយនេះនឹងបានធូរធារ ហើយប្រពន្ធនឹងលែងលំបាកក្នុងការលក់ផ្លែឈើក្នុងផ្សារទៀត និងភាពក្រីក្រនឹងត្រូវបញ្ចប់ បន្ទាប់ពីស្វាមីត្រលប់មកជាមួយរបស់ទាំងនេះ។ ក្រោយឃើញស្វាមីវិលត្រលប់មកដល់ផ្ទះដោយមិនផ្ដល់ដំណឹងជាមុន ធ្វើឲ្យប្រពន្ធ និងកូនត្រេកអរស្ទើរហោះ។
ប៉ុន្តែជាអកុសល ក្នុងយប់នៃការមកដល់ បុរសជាប្ដីបែរជាប្រាប់ទៅប្រពន្ធនូវដំណឹងស្ទើរក្អួតឈាមមួយ គឺគាត់មកដើម្បីតែសុំប្រពន្ធលែងលះប៉ុណ្ណោះ។ គាត់ប្រាប់ថា តាំងពីឃ្លាតគ្នាច្រើនឆ្នាំមក ខ្លួនណាយចិត្ត អស់អារម្មណ៍ស្រលាញ់ប្រពន្ធទៀតហើយ។ ការឈប់ស្រលាញ់ ព្រោះប្ដីមានស្រីក្មេងស្អាតម្នាក់រស់នៅទីក្រុងជាមួយគ្នា។ពាក្យប៉ុន្មានម៉ាត់របស់ប្ដីធ្វើឲ្យប្រពន្ធរន្ធត់ចិត្តស្ទើរធ្លាក់ថ្លើម មិននឹកស្មានចិត្តប្ដីលួចផិតក្បត់ប្រពន្ធកូនមានស្រីថ្មីដូច្នេះសោះ រហូតប្រពន្ធលាន់មាត់សួរបញ្ជាក់ថា «ហេតុអ្វីបងធ្វើបែបនេះ? តើវាពិតទេថា គ្មានក្ដីស្រលាញ់រវាងគ្នា? អូនរង់ចាំផ្លូវបងទាំងថ្ងៃទាំងយប់ គេងនឹកបងរាល់ថ្ងៃ ហេតុអ្វីបងថាយើងលែងស្រលាញ់គ្នា?» ប្ដីតបវិញ៖ ”បងមិនដែលនិយាយថា ឲ្យអូនរង់ចាំបងត្រលប់មកផ្ទះវិញទេ ទោះអ្វីជាអ្វីក៏ដោយ ក៏បងត្រូវតែលែងលះជាមួយអូនឲ្យ បានក្នុងយប់នេះ បងមិនស្រលាញ់អូនទៀតទេ”។
ប្រពន្ធតប៖ “បើបងចង់លែងលះ ចុះកូនរបស់យើងគេនៅក្មេងណាស់ អូនមិនចង់ឲ្យគេឈឺចាប់ដោយសាររឿងនេះទេ”។ ប្ដី៖ “អាស្រ័យតែលើកូនទៅចុះ កូនចង់ទៅនៅខាងអ្នកណាឲ្យគេជ្រើសរើសទៅ ឬចង់ទៅរស់នៅជាមួយបងនៅទីក្រុងក៏បាន បងអត់ខ្វល់ទេ”។ ប្រពន្ធយល់ព្រម។ នាងជឿជាក់ថា កូនប្រុសនឹងជ្រើសរើសយកនាង ព្រោះនាងបាននៅក្បែរកូន មើលថែកូន ចិញ្ចឹមកូនច្រើនជាងឪពុក ពេលឪពុកទៅឆ្ងាយ។ដល់ថ្ងៃលែងលះជាផ្លូវការ អ្នកទាំងបីនាក់ត្រូវឡើងទៅមុខតុលាការ ចៅក្រមសួរកូនប្រុសនោះថា “បន្ទាប់ពីលែងលះ តើក្មួយប្រុសចង់ទៅរស់នៅខាងម្ដាយ ឬខាងឪពុក?” កូនឆ្លើយប្រាប់ថា ខ្ញុំចង់ទៅរស់នៅជាមួយប៉ា ខ្ញុំចង់ទៅរស់នៅជាមួយប៉ា (និយាយពីរដង)។ ចៅក្រមភ្ញាក់ផ្អើលមួយរំពេច បន្ទាប់ពីឮការសម្រេចចិត្តបែបនេះ រួចក៏សួរបន្ត ហេតុអ្វីយកខាងប៉ា? កូនឆ្លើយទាំងញញឹមញញែមដូចមិនមានរឿងអ្វីធំដុំកើតឡើង៖ ព្រោះប៉ាគាត់អ្នកមាន បើខ្ញុំនៅជាមួយប៉ា ប៉ាអាចទិញអ្វីឲ្យខ្ញុំក៏បានឲ្យតែខ្ញុំចង់បាន។ ចំណែកម៉ាក់វិញក្រណាស់ គាត់មិនអាចទិញអ្វីឲ្យខ្ញុំបានទេ សូម្បីផ្លែឈើ”។
ម្យ៉ាងវិញទៀត ម្ដាយរបស់កូនប្រុសនេះតែងតែខឹងរូបគេ ពេលគេធ្វើអ្វីខុស ដូច្នេះមិនមានអ្វីត្រូវសង្ស័យក្នុងការចាកចេញពីម្ដាយទៅនៅជាមួយឪពុកទេ។ ស្ត្រីជាម្ដាយប្រែជាហូរទឹកភ្នែក ហើយសួរបញ្ជាក់កូនប្រុសថា “កូន ហេតុអ្វីកូនមិនចង់នៅជាមួយម៉ាក់? ក្រែងម៉ាក់សន្យាជាមួយកូនថា ម៉ាក់នឹងទិញអ្វីៗដែលកូនចង់បាននោះអី?” យ៉ាងណាក្ដី កូនប្រុសនៅតែគ្រវីក្បាល ហើយនិយាយថា “កូនមិនចូលចិត្តម៉ាក់ទៀតទេ”។បន្ទាប់ពីឮសម្ដីកូនប៉ុន្មានម៉ាត់ បុរសជាប្ដីមិនអាចជួយអ្វីបាន ប៉ុន្តែញញឹមបែបបញ្ឈឺចិត្តប្រពន្ធ។ នៅមុនលែងលះ ២ថ្ងៃ ពេលម្ដាយទៅផ្សារបាត់ ឪពុកបានទិញម្ហូបឆ្ងាញ់ៗ និងទិញប្រដាប់ក្មេងលេងជាច្រើនឲ្យកូន ព្រោះចង់ស៊កប៉ាន់កូន។ ឪពុករូបនេះក៏ចង់បានកូន ទោះបីសង្សារក្មេងរបស់ខ្លួនមិនទាន់ត្រៀមចិត្តក្លាយជាម្ដាយគេក៏ដោយ។
តុលាការសម្រេចឲ្យកូនប្រុសបានទៅខាងឪពុក ឯម្ដាយបានត្រឹមតែយំខ្សឹកខ្សួលដៃខ្ទប់មុខ។ នាងស្រងាកចិត្ត មានអារម្មណ៍ថាមនុស្សដែលខ្លួនធ្លាប់ស្រលាញ់បែរជាក្បត់នាងអស់ហើយសូម្បីតែកូនប្រុសក៏ជ្រើសរើសយកឪពុកដែលគ្មានទំនួលខុសត្រូវដែរ។ នាងចាប់ផ្ដើមគិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯង ប៉ុន្តែមានកូនចិត្តមួយបានបញ្ចុះបញ្ចូលនាងកុំឲ្យធ្វើបែបនេះ ហើយស្រមើស្រមៃថា កូនប្រុសខ្លួននឹងមករកម្ដាយវិញ ក្រោយបានស្គាល់ម្ដាយចុងមិនស្រលាញ់ខ្លួនដូចម្ដាយបង្កើត។មុនពេលកូនប្រុសទៅនៅទីក្រុងជាមួយឪពុក ម្ដាយកម្សត់ដដែលបានទិញអាហារ និងប្រដាប់ក្មេងលេងឲ្យកូនជាច្រើន ប៉ុន្តែកូនបែរជាគ្រវែងរបស់ទាំងនោះចោល ហើយប្រាប់ឪពុកប្រញាប់ចេញរថយន្តទៅ។ គេមិនចង់ឃើញមុខម្ដាយទៀតទេ។ បេះដូងម្ដាយប្រៀបដូចត្រូវគេកាប់ចិញ្ច្រាំរាប់លានបំណែក ពេលឃើញកូនជាទីស្រលាញ់ធ្វើដាក់ខ្លួនបែបនេះ។
នាងបន្តជីវិតជាអ្នកលក់ផ្លែឈើក្នុងផ្សារដដែល ប៉ុន្តែរបរនេះហាក់កាន់តែធ្លាក់ចុះ ធ្វើឲ្យនាងមិនអាចទូទាត់ថ្លៃខាតបាន។ ដោយនឹករលឹកកូនខ្លាំងពេក នាងបានផ្អាកលក់ដូរមួយរយៈ រួចឡើងទៅទីក្រុងស្វែងរកជួបមុខកូន តែរកពុំឃើញ ព្រោះមិនដឹងរកតាមវិធីណា ហើយក៏ដើរទាំងអស់សង្ឃឹមដល់ចំណតរថយន្តក្រុង រួចត្រលប់មកភូមិកំណើតវិញ។ ព្រោះនាងមិនប្រាកដថា កូនពិតជារស់នៅក្នុងក្រុង ឬយ៉ាងណាទេ។ថ្ងៃមួយ នាងបានទទួលសែកមួយមានទឹកប្រាក់ ១ពាន់ដុល្លារ និងមានសារភ្ជាប់ជាមួយសែកសរសេរថា “ខ្ញុំស្រលាញ់អ្នក” I Love You ឃើញដូច្នេះនាងមិនចង់ហ៊ានទទួលប្រាក់នេះឡើយ។ ចាប់តាំងពីថ្ងៃនោះមក នាងតែងតែទទួលបានសែកជារៀងរាល់ខែជាមួយទឹកប្រាក់ ១ពាន់ដុល្លារដូចៗគ្នា។ ដោយសារតែនាងក្រីក្រពេកទើបនាងទទួលទុក និងគិតថា អ្នកផ្ញើរឲ្យប្រាកដជាមានបំណងល្អឲ្យនាងប្រើប្រាស់ប្រាក់ទាំងនេះ។
រដូវផ្ការីកមកដល់ ម្ដាយអភ័ព្វដដែលបានទទួលសំបុត្រមួយច្បាប់សរសេរថា ” ម៉ាក់ សុខសប្បាយជាទេ? កូនដឹងថា ម៉ាក់ស្រលាញ់កូន ហើយម៉ាក់ប្រហែលជាត្រូវរងទុក្ខជាច្រើនហើយចាប់តាំងពីកូនចាកចេញពីម៉ាក់មក។ ម៉ាក់ កូនស្រលាញ់ម៉ាក់ កូននឹកម៉ាក់ខ្លាំងណាស់។ ម៉ាក់ដឹងទេថា ហេតុផលពិតដែលកូនសម្រេចទៅរស់នៅជាមួយប៉ា ព្រោះតែកូនចង់ជួយម៉ាក់ឲ្យរួចផុតពីភាពក្រីក្រ។ ប៉ាតែងតែឲ្យប្រាក់ខ្ញុំច្រើនៗ ហើយកូនគិតថា កូននឹងផ្ញើរប្រាក់ទាំងនោះឲ្យម៉ាក់ខ្លះ ដើម្បីកុំឲ្យម៉ាក់ទៅអង្គុយលក់ផ្លែឈើនៅផ្សារបន្តទៀត។
ម៉ាក់ សូមម៉ាក់ថែរក្សាខ្លួនផង! កុំបារម្ភពីកូនអី កូននឹងវិលទៅរកម៉ាក់នៅថ្ងៃមួយ។ ម៉ាក់នៅតែជាម៉ាក់របស់កូន កូនសន្យានឹងមិនចាកចេញពីម៉ាក់ម្ដងទៀតទេ។ កូននឹងទៅយកម៉ាក់មករស់នៅជាមួយកូន ពេលកូនធំដឹងក្ដី រៀនចប់មានជំនាញច្បាស់លាស់មួយ”។គ្រាន់តែអានចប់ភ្លាម មិនដឹងទឹកមកពីណាហូរស្រក់ជោកថ្ពាល់ ព្រោះបានអានសំបុត្រកូនលើកដំបូង។ នាងយំទាំងខ្សឹកខ្សួល រួចគិតថា មានតែកូនប្រុសទេដែលជាមនុស្សល្អបំផុតសម្រាប់ខ្លួន។ ទីបំផុត នាងដឹងថា កូនប្រុសខ្លួនពិតជាមិនចង់ចាកចេញពីម្ដាយឡើយ ហើយថ្ងៃណាមួយពួកគេនឹងបានជួបគ្នា រួមរស់ជាមួយគ្នា៕ ប្រភពៈ Phorn Sophal