រឿងរ៉ាវអស្ចារ្យទាំងនេះនឹងកើតឡើងចំពោះរាងកាយ ប្រសិនបើអ្នកញាំខ្ទឹមសឆៅពេលពោះទទេររាល់ព្រឹក
ខ្ទឹមស មិនត្រឹមតែជាគ្រឿងផ្សំបង្កើនរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្ដល់ផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពបាន! ខ្ទឹមសត្រូវបានគេចាត់ទុកជាឱសថដ៏មានឥទ្ធិពលបំផុតមួយយូរមកហើយ តាមរយៈសារធាតុផ្សេងៗដែលវាមានផ្ទុកជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងបញ្ហាសុខភាព។ ទោះបីមានការយល់ឃើញខុសគ្នាអំពីពេលវេលា និងរបៀបនៃការទទួលទានខ្ទឹមស ប៉ុន្តែការសិក្សាស្រាវជ្រាវភាគច្រើនបង្ហាញថា ខ្ទឹមសមានប្រសិទ្ធភាពបំផុតពេលឆៅ និងត្រូវបានទទួលទាននៅពេលពោះទទេ។ វាដើរតួជាអង់ទីប៊ីយូទិកធម្មជាតិពេលទទួលទានមុនអាហារពេលព្រឹក។ ខ្ទឹមស្រស់ ឬឆៅ មានផ្ទុកសារធាតុ allicin ច្រើន ហើយសារធាតុដ៏មានឥទ្ធិពលនេះគ្មាននៅក្នុងខ្ទឹមសឆ្អិនឡើយ។
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍នៃការញាំខ្ទឹមសឆៅពេលពោះទទេររាល់ព្រឹក ហើយជឿជាក់ថាបន្ទាប់ពីអានអត្ថបទនេះរួច អ្នកនឹងប្រែជាចូលចិត្តទទួលទានខ្ទឹមសឆៅរាល់ថ្ងៃជាមិនខាន ៖
១. ជាថ្នាំផ្សះធម្មជាតិ ឬអង់ទីប៊ីយូទិក
ខ្ទឹមសស្រស់ ហើយឆៅ ដើរតួនាទីជាភ្នាក់ងារធម្មជាតិប្រឆាំងនឹងពពួកបាក់តេរី។ ក្នុងស្ថានភាពឆៅ ខ្ទឹមស មានផ្ទុកសារធាតុ allicin ដែលសម្លាប់វីរុស និងបាក់តេរីគួរឲ្យកត់សម្គាល់។ ដូច្នេះការទទួលទានខ្ទឹមសឆៅត្រឹម ១ កំពឹស នៅមុនពេលអាហារពេលព្រឹកអាចជួយសម្លាប់មេរោគក្នុងក្រពះបានប្រកបដោយប្រសិទ្ធិភាព។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ទឹមស ក៏ជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយផងដែរ ដោយវាដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។
២. បង្កើនសុខភាពបេះដូង
ខ្ទឹមស ជួយរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ ដោយវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកដែលជួយកាត់បន្ថយបញ្ហារលាកផ្សេងៗក្នុងសសៃឈាម ព្រមទាំងទប់ស្កាត់ការបំផ្លាញដល់ជញ្ចាំងខាងក្នុងនៃសសៃឈាមផងដែរ។ ដូច្នេះប្រសិនបើអ្នកទទួលទានខ្ទឹមសឆៅ ១ កំពឹស នៅពេលពោះទទេរមុនអាហារពេលព្រឹកនោះអ្នកនឹងជៀសផុតពីបញ្ហាកកស្ទះសសៃឈាម។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំ
ងាយនឹងគ្រុនផ្ដាសាយ ឬកើតជំងឺផ្ដាសាយមែនទេ? នោះក៏ព្រោះតែប្រព័ន្ធភាពស៊ាំនៃរាងកាយអ្នកចុះខ្សោយ។ ការទទួលទានខ្ទឹមស ១ កំពឹស នៅពេលព្រឹកអាចជួយអ្នកទប់ទល់នឹងស្ថានភាពទាំងនេះបាន! ខ្ទឹមស ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំមានលក្ខណៈប្រសើរឡើងជាងមុនដហើយរាងកាយអាចប្រយុទ្ធប្រឆាំងជាមួយវីរុស និងបាក់តេរីប្រកបដោយប្រសិទ្ធិភាព។
៤. គ្រប់គ្រងសម្ពាធឈាម
ខ្ទឹមសឆៅ ជាប្រភពដ៏ប្រសើរនៃសារធាតុ Allicin ជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាម។ ខ្ទឹមសស្រស់ឆៅត្រឹម ១ កំពឹស មានផ្ទុកសារធាតុ Allicin ប្រមាណពី ៥ ទៅ ៩ មីលីក្រាមឯណោះ។
៥. គ្រប់គ្រងកម្រិតអាំងស៊ុយលីន
ការទទួលទានខ្ទឹមសឆៅត្រឹម ១ កំពឹសតូចជាប្រចាំ ក៏អាចមានប្រយោជន៍យ៉ាងប្រសើរសម្រាប់អ្នកដែលហត់នឹងលេបថ្នាំគ្រប់គ្រងកម្រិតអាំងស៊ុយលីនបានដែរ។ ខ្ទឹមស មានផ្ទុកសមាសធាតុម្យ៉ាងហៅថា Allyl Propyl disulphides រួមជាមួយ S-allyl cysteine sulfoxide និង allicin ដែលធ្វើឲ្យភាពប្រែប្រួលនៃកម្រិតអាំងស៊ុយលីនក្នុងខ្លួនអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ មានលក្ខណៈប្រសើរឡើង។
៦. បង្កើនមុខងារពោះវៀន
ខ្ទឹមសឆៅ មានផ្ទុកសារធាតុប្រឆាំងការរលាកដែលជួយធ្វើឲ្យមុខងារនៃពោះវៀនប្រសើរឡើងជាងមុន។ លើសពីនេះទៅទៀត ខ្ទឹមសឆៅ ក៏ជាប្រភពនៃសារធាតុប្រឆាំងបាក់តេរីគ្រោះថ្នាក់ផ្សេងៗក្នុងពោះវៀនផងដែរ។ លើសពីនេះទៅទៀតខ្ទឹមសមានឥទ្ធិពលលើការបញ្ចេញទឹកអាស៊ីតក្រពះអោយបានត្រឹមត្រូវ ហើយកាត់បន្ថយការរលាកនៅក្នុងប្រដាប់រំលាយអាហារ។
៧. កម្ចាត់ជាតិពុល
ការប្រើប្រាស់ខ្ទឹមសដើម្បីកាត់បន្ថយកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ គឺជារូបមន្តដ៏ចំណាស់មួយដែលងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់។ ខ្ទឹមសឆៅ មានផ្ទុកវីតាមីន C ជួយធ្វើឲ្យមុខងារថ្លើមកាន់តែប្រសើរឡើង។ វាក៏ជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ ដោយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ក្នុងឈាមផងដែរ។ ការទទួលទានខ្ទឹមសឆៅពេលពោះទទេអាចជះឥទ្ធិពលដល់ការបញ្ចេញទឹកប្រមាត់ និងជម្រុញដល់មុខងារបន្សាបជាតិពុលនៃថ្លើមឲ្យកាន់តែប្រសើរ។
៨. ពង្រឹងសុខភាពឆ្អឹង
ត្រឹម ១ កំពឹសតូចនៃខ្ទឹមស មានផ្ទុកនូវជាតិរ៉ែចាំបាច់ និងវីតាមីនជាច្រើន។ ជាតិរ៉ែទាំងនោះ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីម ជួយរក្សាសុខភាពឆ្អឹងរឹងមាំ ជៀសផុតពីជំងឺពុកឆ្អឹង។
របៀបទទួលទានខ្ទឹមសឆៅ ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីខ្ទឹមសឆៅ ចូរទទួលទានយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ។
– ដើម្បីកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ ចូរទទួលទានខ្ទឹមស ៤ កំពឹសនៅពេលព្រឹក។
– ដើម្បីស្រកក្បាលពោះ ចូរទទួលទានខ្ទឹមសឆៅប៉ុន្មានកំពឹសរាល់ព្រឹក ជាមួយទឹកក្រូចឆ្មារ ១ កែវ។
– ទទួលទានខ្ទឹមសស្រស់ពី ២ ទៅ ៣ កំពឹស ជាមួយបន្លែផ្សេងទៀតដើម្បីពង្រឹងសុខភាពឆ្អឹង។
– ដើម្បីកម្ចាត់មុន ចូរយកខ្ទឹមសស្រស់ ២ ឬ ៣ កំពឹសទៅកិនយកទឹក។ ហើយលាបទឹកខ្ទឹមសលើមុន និងរងចាំសម្រាប់រយៈពេល ២ នាទីសិន សឹមលាងចេញជាមួយទឹកធម្មតាជាការស្រេច។
– ដើម្បីបញ្ចុះកូឡេស្តេរ៉ូល ទទួលទានខ្ទឹមសជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ៕