ព្រឺក្បាលខ្ញាក មឈូសក្នុងជំនាន់ស្តេចផារ៉ាអុងរបស់អេហ្ស៊ីប បានបើកហើយ
សពម៉ាំមីរបស់ស្ត្រីម្នាក់ដែលមានអាយុកាល ៣,០០០ ពាន់ឆ្នាំត្រូវបានរកឃើញទាំងក្នុងសភាពល្អដូចដើម ក្នុងមឈូសមួយ នៅប្រទេសអេហ្ស៊ីប នៅពេលថ្មីៗនេះ។ វាជាមឈូសមួយក្នុងចំណោមមឈូសពីរ ដែលត្រូវបានរកឃើញក្នុងផ្នូរមួយកន្លែង នៅតំបន់ EI-Asasef ក្រុង Luxor លើច្រាំងទន្លេនីល ក្បែរជ្រលង Valley of the Kings ។ មឈូសទី១ ដែលត្រូវបានបើកនិងពិនិត្យដោយក្រុមមន្ត្រីផ្នែកវត្ថុបុរាណអេហ្ស៊ីប មានផ្ទុកសពបុព្វជិតម្នាក់ដែលមើលការខុសត្រូវក្នុងការអប់សពក្នុងជំនាន់ស្តេចផារ៉ាអុង ដែលគេស្គាល់ឈ្មោះថា Thaw-Irkhet-if ។
“មឈូសមួយមានរចនាបថហិណ្ឌូ ដែលបានរៀបចំតាំងរជ្ជកាលទី១៧ ខណៈមឈូសមួយទៀតធ្វើនៅរជ្ជកាលទី១៨” រដ្ឋមន្ត្រីបុរាណវត្ថុ លោក Khaled Al Anani បានឱ្យដឹងដូច្នេះ។
ក្រៅពីមឈូសទាំងពីរ ផ្នូរនោះក៏មានសពម៉ាំមី គ្រោងឆ្អឹង និងលលាដ៏ក្បាលផ្សេងទៀត តាំងពីអាណាចក្រកណ្តាលជិត ៤,០០០ ឆ្នាំមុន។ រីឯស្រោមមុខពណ៌ចំនួន៥ រូបចម្លាក់ Ushabti តូចៗប្រមាណ ១,០០០ ប្រើសម្រាប់តាមបម្រើខ្មោចនៅឋានផ្សេង ព្រមទាំងផ្ទាំងគំនូរលើជញ្ជាំងនិងពិតាន ក៏ត្រូវបានគេរកឃើញផងដែរ។
គួរឱ្យដឹងថា រជ្ជកាលទី១៨ ស្ថិតនៅសតវត្សរ៍ទី១៣ មុនគ្រឹស្តសករាជ។ វាជាសម័យដែលគេស្គាល់ស្តេចដ៏ល្បីៗបំផុតមួយចំនួនដូចជា ស្តេច Tutankhamen និង ស្តេច Ramses ទី២ ហើយអេហ្ស៊ីបបុរាណរុំសពមនុស្សដើម្បីរក្សារាងកាយទៅឋានផ្សេង ខណៈសពសត្វរុំក្រណាត់ ត្រូវបានប្រើសម្រាប់ពិធីបូជាសាសនា។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលអាជ្ញាធរបានបើកមឈូសដែលមិនធ្លាប់បើកសោះ នៅចំពោះមុខសារព័ត៌មានអន្តរជាតិដូច្នេះ៕