ក្រយៅរកគុក! ទើបចេញពីគុក កាន់ដាវដើរអុកឡុកអ្នកភូមិ ជាប់គុកទៀត

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ទើបចេញពីពន្ធនាគារមានសេរីភាពបានប៉ុន្មានថ្ងៃសោះ តែមិនព្រមកែចរិតធ្វើជាមនុស្សល្អទេ ដោយកាន់ដាវជាប់នឹងដៃដើរអុកឡុកគំរាមកាប់ប្រហារអ្នកភូមិ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំង ចុះអន្តរាគមន៍ចាប់ខ្លួននៅចំណុចអតីតៈសាលាចិន ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង យកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ។
កំពូលអ្នកលេងដែលជាប់គុកមិនស្វាងនេះ មានឈ្មោះសាន់ នី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ/សង្កាត់ កើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទើបចេញពីពន្ធនាគារថ្មីៗប៉ុណ្ណោះ ។ មុនពេលចាប់ខ្លួនេះ ជនសង្ស័យរូបនេះ បានកាន់ដាវដើរអុកឡុកគំរាមកំហែងប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យនាំមកធ្វើតេស្ត(ទឹកនោម)ឃើញមានផ្ទុកនូវសារធាតុញៀន ព្រមទាំងដកហូតដាវ ១ដើម។
ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *