ពិតជាគួរឲ្យស្ងើចសរសើរណាស់! តាលក់ការ៉េម ឧបត្ថម្ភលូដាក់សម្រាម ចំនួន ២០កង់ ដោយសារតែ…
ភ្នំពេញ៖ សិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក នូវរូបថតលោកតាលក់ការ៉េម នៅសាលារបស់ខ្លួនរាល់ថ្ងៃ ដែលមានទឹកចិត្តគួឲ្យស្ងើចសរសើរ បានចំណាយថវិកាផ្ទាល់របស់ខ្លួនឧបត្ថម្ភ លូសម្រាប់ដាក់សម្រាមចំនួន ២០កង់ ដាក់នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដើម្បីរក្សាអនាម័យបរិស្ថាន។
សិស្សម្នាក់នៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន បានបង្ហោះឲ្យដឹងថា លោកតាលក់ការ៉េម បានលក់នៅក្នុងសាលារៀននេះ អស់រយៈពេលជាយូរឆ្នាំមកហើយ។ លោកតា បានចំណាយលុយរបស់ខ្លួនចំនួន ៤៨ម៉ឺន ប្រមាណ ១២០ដុល្លារ ទិញលូដាក់សម្រាមចំនួន ២០កង់ ដាក់ក្នុងសាលារៀននេះ។
សិស្សម្នាក់នេះបានបន្តទៀតថា មូលហេតុដែលលោកតា ធ្វើដូចនេះក៏ដោយសារតែគាត់ចង់ឲ្យវិទ្យាល័យនេះ ក្លាយទៅជាវិទ្យាល័យមួយ ដែលមានបរិស្ថានស្អាត មានអនាម័យល្អ សម្រាប់សុខភាពរបស់សិស្សានុសិស្សទាំងឡាយ។
នេះគឺជាសណ្ដានចិត្តដ៏ល្អកម្រររកបាន របស់លោកតា ដែលលក់ការ៉េម សម្រាប់ចិញ្ចឹមគ្រួសារ តែសុខចិត្តសន្សំសំចៃថវិកាផ្ទាល់ខ្លួន ដើម្បីបរិច្ចាកសម្រាប់ការងារសង្គម ទោះបីតិចក្តីច្រើនក្តី តែវាការចាប់ផ្ដើមដ៏ល្អប្រពៃ ជាប្រយោជន៍ដល់សង្គមទាំងមួល។ សូមជូនពរលោកតាលក់ការ៉េម និងក្រុមគ្រួសារជួបតែសេចក្តីសុខ និងសុភមង្គល៕