ស្រីៗដឹងតែចប់ហើយ យុវជន២នាក់រាប់អានគ្នាតាមហ្វេសប៊ុក ដឹកដៃគ្នាចូលរោងការ ផ្អើលអ្នកស្រុក…
រាជធានីបាងកក៖ យុវជនវ័យក្មេង២នាក់ បានទាក់ទងគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកចុះឡើង ក៏ចាប់ចិត្តប្រតិព័ទ្ធនឹងគ្នា ហើយដឹកដៃគ្នា ចូលរោងការ បង្កឲ្យភ្ញាក់ផ្អើលឡើងនៅក្នុងផ្ទះលេខ១ ឃុំបាងថៃ ស្រុកបាងថៃ ខេត្តនគររាជ ប្រទេសថៃ។
បើតាមសារព័ត៌មានថៃ បានឲ្យដឹងថា យុវជនទាំង២នាក់ដែលស្រឡាញ់ភេទដូចគ្នា ហើយដឹកដៃគ្នារៀបការនោះ ទី១-ឈ្មោះ Piraphon Pimma អាយុ២២ឆ្នាំ (ធ្វើជាកូនក្រមុំ) មុខរបរជាបុគ្គលិករោងចក្រ នៅក្នុងនគររាជ និងទី២-ឈ្មោះ Viphon Chaysirikon អាយុ២៨ឆ្នាំ (ធ្វើជាកូនកំលោះ)។
ប្រភពព័ត៌មាន បានបន្តថា កាលពីជាង២ឆ្នាំមុន ពួកគេទាំង២នាក់បានស្គាល់គ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏រាប់អានគ្នា និងឧស្សាហ៍ទាក់ទាងគ្នាទៅវិញទៅមក។ ដោយសារពួកគេមានទំនោរទៅលើភេទដូចគ្នា ក៏ចាប់ផ្ដើមកត់សម្គាល់ពីអត្តចរិតគ្នា ហើយមើលឃើញថា ពួកគេសុទ្ធតែមានចិត្តស្មោះត្រង់នឹងគ្នា ដោយអត់មានអ្នកណាចេះកុហក ឬក្បត់គ្នានោះឡើយ។ ចាប់តាំងពីនោះមក ពួកគេក៏ចាប់ផ្ដើមស្រឡាញ់គ្នា រហូតបាត់មុខគ្នាលែងបាន។
ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយពីពួកគេមើលចិត្តគំនិតគ្នាអស់រយៈពេល២ឆ្នាំរួចមក ពួកគេបាននាំគ្នាខិតខំសន្សំលុយកាក់ ហើយព្រមព្រៀងចូលស្ដីដណ្ដឹង និងរៀបការតាមប្រពៃណីរបស់ថៃ ដោយខាងបុរសដែលដើរតួនាទីជាកូនកំលោះ បានជូនថ្លៃបណ្ណាការដល់បុរសដែលដើរតួជាកូនក្រមុំ ចំនួនចំនួន១សែនបាត (ប្រាក់ថៃ) មាសថៃ២បាត មានតម្លៃប្រហែល៦ម៉ឺនបាត និងចិញ្ចៀន២វង់។
ប្រភពព័ត៌មានដដែល បានបន្តថា នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់គូស្នេហ៍ខាងលើនេះ មានការចូលរួមពីសាច់ញាតិ និងភ្ញៀវទាំងសងខាង ប្រកបដោយទឹកមុខសប្បាយរីករាយជាបំផុត ហើយសាច់ញាតិទាំងសងខាងក៏បានជូនពរដល់កូនកំលោះក្រមុំមួយគូនេះ សូមឲ្យពួកគេស្រឡាញ់គ្នា រហូតដល់ចាស់ស្លាប់រៀងៗខ្លួន។
ដោយឡែកយុវជនដែលដើរតួជាកូនក្រមុំ បាននិយាយយ៉ាងខ្លីថា ដោយសារតែកូនកំលោះជាមនុស្សស្លូតបូត មានចិត្តស្មោះត្រង់ ទើបនឹងសុខចិត្តស្រឡាញ់ និងព្រមព្រៀងរៀបការជាមួយគាត់៕