គ្រាន់តែបានឃើញក្រពើយក្សទាំងនេះហើយ ព្រឺក្បាលខ្ញាកមិនបាត់សោះ ហើយប្រវែងរបស់វារហូតដល់ទៅ…

មនុស្ស​ភាគច្រើន​ប្រហែល​មិន​ដែល​លឺ​ទាល់​តែ​សោះ ពូជ​ក្រពើ​យក្ស Sarcosuchus ដែល​ធ្លាប់​រស់នៅ​លើ​ផែន​ដី​ក្នុង​សម័យ​បុរេប្រវត្តិ។ ក្រពើ​មួយ​នេះ មាន​ប្រវែង​ដង​ខ្លួន​ដល់​ទៅ ១២​ម៉ែត្រ ពេល​វា​លូត​លាស់​ពេញ​រូប​រាង ហើយ​អាច​មាន​ទម្ងន់​ដល់​ទៅ ៨​តោន ប្រហែល​ឡាន Camry ៥​គ្រឿង(ទម្ងន់​ឡាន​ Camry ជា​មធ្យម ១​តោន​កន្លះ)។ ទោះ​បែប​នេះ​ក្ដី សព្វ​ថ្ងៃ​អ្នក​វិទ្យាសាស្រ្ត​បាន​ត្រឹម​សិក្សា​លើ​គ្រោង​ឆ្អឹង​ប៉ុណ្ណោះ ព្រោះ​វា​ផុត​ពូជ ១១២​លាន​ឆ្នាំ​ទៅ​ហើយ។

នៅ​ឆ្នាំ ១៩៦៤ គ្រោង​ឆ្អឹង​ក្បាល​ដំបូង​ត្រូវបាន​គេ​រកឃើញ ហើយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ធ្វើ​ការ​សិក្សា និង​បង្កើត​ជា​សំណាក​រូប​រាង​ឡើង ដើម្បី​ប៉ាន់​ប្រមាណ​ពី​ទំហំ​របស់​ក្រពើ​យក្ស​នេះ។ ក្រោយ​មក ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ផូសីល​មួយ​ចំនួន​ទៀត រួមមាន​ឆ្អឹង​កង ​ឆ្អឹង​ជំ​នី ព្រម​ទាំង​ផ្នែក​ផ្សេងៗ​នៃ​គ្រោង​ឆ្អឹងខ្នង​។ ទោះបីជា​មិន​ពេញលេញ​ក៏ដោយ ក៏​គេ​នៅ​តែ​អាច​កំណត់​បាន​ពី​ទំហំ​ខ្លួន​មហិមា​របស់​ក្រពើ​យក្ស។

​ពូជ​ក្រពើ​យក្ស Sarcosuchuមិន​ត្រឹម​តែ​មាន​ទំហំ​ធំ​ជាង ក្រពើ​បច្ចុប្បន្ន​នោះ​ទេ គឺ​ថែម​ទាំង​អាច​រស់​នៅ​លើ​ផែន​ដី​បាន​យូរ​ទៀត​ផង។ ក្រពើ​ភាគច្រើន​មាន​អាយុកាល​ជាម​ធ្យ​ម​ក្នុងរយៈពេល ២៥​ឆ្នាំ​ដោយមាន​​ខ្លះ​មាន​អាយុ​ចាប់ពី ៣០ ឆ្នាំ​ឡើងទៅ​។ ប៉ុន្តែ​សម្រាប់​ក្រពើ​យក្ស Sarcosuchu អាច​មាន​អាយុ​ប្រហែល​សែសិប​ឆ្នាំ ​ហើយ​មិន​បាន​លូតលាស់​យ៉ាង​ពេញលេញ​នៅ​ឡើយ​ទេ ពេលដែល​វា​បាន​ស្លាប់។

ក្នុងនាម​ជា​ឃាតករ​ដ៏​សាហាវ ក្រពើ​យក្ស Sarcosuchus ត្រូវផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ប្រមាញ់​ចំណី ​ដែល​អាច​ផ្តល់​អាហារ​គ្រប់​គ្រាន់​ដើម្បី​រក្សា​រាងកាយ​របស់​ខ្លួន។ ក្រុម​សត្វ​សំខាន់​ៗ​ពីរ ដែល​អាច​​ចម្អែត​ក្រពះ​របស់​ក្រពើ​យក្ស​បាន ​គឺ​ដាយ​ណូ​ស័​រ​និង​ត្រី​​ធំ​។ ពេល​ប្រហារ​ចំណី ក្រពើ​យក្ស​បាន​ប្រើ​ប្រាស់​ធ្មេញ​ដ៏​មុត​ស្រួច លួច​ខាំ​ដាយ​ណូស័រ រួច​អូស​ទម្លាក់​ទឹក ដើម្បី​ប្រហារ​ជីវិត​តែ​ម្ដង។ ​

អ្វី​ដែល​ពិសេស គឺ​ក្រពើ​យក្ស​មាន​មាន​ច្រមុះ​ធំ​ និង​ធ្មេញ​រឹងមាំ​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​​ជាមួយ​សត្វព្រៃ​ដ៏​ធំ​និង​មាន​អំណាច​ដទៃ​ទៀត ដែល​អាច​បង្ក​គ្រោះ​ថ្នាក់។ បើ​តាម​ការ​ស្រាវជ្រាវ ក្រពើ​នេះ មាន​ប្រភព​នៅ​អាហ្វ្រិក ហើយ​មាន​ហ្វូស៊ីល​មួយ​ចំនួន ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​ប្រេស៊ីល ដែល​ស្ថិត​នៅ​ទ្វីប​អាមេរិក​ឡាទីន។ ទោះ​បែប​នេះ​ក្ដី ហ្វូស៊ីល​ទាំង​នេះ នៅ​មិន​ទាន់​ច្បាស់​ថា អាច​បាន​មក​ពី​ក្រពើ​យក្ស​ពូជ​ផ្សេង​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ៕
ប្រភព៖ morningfresh

Leave a Reply

Your email address will not be published. Required fields are marked *