កូនជ្រូកចម្លែកកាត់មនុស្ស កំពុងតែធ្វើឲ្យមនុស្សព្រឺរោមគ្រប់គ្នា.. (មានវីដេអូ)
រូបភាពជាច្រើនសន្លឹក បង្ហាញពីកូនជ្រូកចម្លែក ដែលកើតមកមានខ្លួនស្រដៀងមនុស្ស ត្រូវបានចែកចាយជាច្រើនដងលើបណ្ដាញសង្គម បន្សល់ជាចម្ងល់ស្រាយមិនរួច។ អ្នកខ្លះគិតថា មនុស្សទៅលួចរំលោភមេជ្រូក ទើបកាត់គ្នាបានជាទារកចម្លែកនេះឡើង ប៉ុន្តែការវិភាគទាំងនេះមិនត្រឹមត្រូវឡើយ។ តាមពិត វាគ្រាន់តែជារូបស៊ីលីកូនដែលគេផលិតឡើងយ៉ាងពិសេស ដូចជារូបពិតៗ បើនិយាយឲ្យចំ គឺជារូបជ័រទេ។
បើតាមរូបភាពជាច្រើនសន្លឹក ដែលបង្ហោះឡើងជិតមេជ្រូក គេឃើញកូនជ្រូកចម្លែកនេះ មានច្រមុះ ត្រចៀក និងកន្ទុយដូចជ្រូក ប៉ុន្តែខ្លួនដូចជាមនុស្ស។ កូនជ្រូកនេះ មានធ្មេញស្រួចៗ គួរឲ្យខ្លាច។ ចំណែកដៃជើងវិញ មានម្រាម៥ ដូចមនុស្ស ប៉ុន្តែមានក្រចកស្រួចខុសពីធម្មតា។ បើតាមវីដេអូ ដែលបង្ហោះនោះ គេឃើញកូនជ្រូកនេះ រង្គើខ្លួនហាក់ដូចជាមានរំញ័រដោយបញ្ជា មិនមែនដោយកាយវិការធម្មជាតិឡើយ។
រូបភាព និងវីដេអូនេះ ត្រូវបានចែកចាយជាច្រើនដងក្នុងបណ្ដាញសង្គម Facebook ដោយយល់ច្រឡំថា ជារូបភាពពិត ហើយគិតថាជាការបង្កាត់គ្នា រវាងមនុស្ស និងជ្រូកទៀតផង។ ប្រភពនៃរូបភាពនេះ មិនដឹងច្បាស់ថាមកពីណានោះទេ ប៉ុន្តែប្រហែលជាអាចមានអ្នកចង់ល្បី ក៏យកកូនជ្រូកស៊ីលីកូន ដែលភាសាអង់គ្លេសហៅថា babycreature ទៅថតជិតមេជ្រូក និងបង្ហោះនៅលើគណនី Facebook ណាមួយ។
រូបភាពទារកចម្លែកទាំងនេះ មានដាក់លក់នៅលើវិបសាយមួយឈ្មោះ Etsy ដោយមានតម្លៃចាប់ពី៥០ដុល្លារ រហូតដល់រាប់ពាន់ដុល្លារ។ រូបទាំងនោះ បង្ហាញពីទារកចម្លែកគ្រប់ប្រភេទ ដោយមានកាត់ស្វា កាត់ជ្រូក កាត់កណ្ដុរ ដែលមើលទៅស្រដៀងនឹងសាច់ទារកធម្មតាពិតៗ។ ប៉ុន្តែទាំងនោះ គ្រាន់តែជាការច្នៃប្រឌិតពីជាតិស៊ីលីកូន ដែលមានសភាពទន់ ដូចសាច់មនុស្សប៉ុណ្ណោះ។
តាមពិត មនុស្សមិនអាចបង្កាត់គ្នាជាមួយសត្វបានទេ ព្រោះមានក្រូម៉ូសូមខុសគ្នា។ នេះបើតាមទ្រឹស្ដីជីវៈវិជ្ជា។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានសិក្សាលើករណីនេះ ថាអាចទៅរួចឬទេ ហើយក៏ធ្លាប់ចាក់បញ្ចូលកោសិការបស់មនុស្ស និងសត្វលាយគ្នា ដើម្បីពិសោធន៍ឲ្យឃើញលទ្ធផលជាក់ស្ដែង។ អ្នកវិទ្យាសាស្ត្រមួយចំនួន បានអះអាងការបង្កាត់គ្នា រវាងមនុស្ស និងសត្វអាចទៅរួច ប៉ុន្តែមិនធ្លាប់ឃើញលទ្ធផលម្ដងណាទេ។
ទោះបែបនេះក្ដី សកម្មភាពពិសោធន៍ខាងលើបានរងការរិះគន់យ៉ាងខ្លាំង។ មនុស្សជាច្រើន គិតថាជារឿងឆ្កួតលីលាបំផុត ហើយខុសធម្មជាតិទៀតផង។ សាកស្រមៃទៅមើលថា ប្រសិនបើមនុស្សកើតមក បែរជាសរីរាង្គមួយចំនួន ដូចសត្វ តើពួកគេរស់នៅបែបណា ឬរស់នៅក្នុងភាពជាមនុស្សចម្លែក? ការពិសោធន៍នេះ មិនសូវទទួលបានការគាំទ្រប៉ុន្មានទេ ប៉ុន្តែដោយសារវិទ្យាសាស្ត្រជឿនលឿន ទើបគេចេះតែចង់សាកអ្វីដែលថ្មី៕
ទស្សនាវីដេអូ៖