ពិតជាគួរឲ្យខ្មាសសត្វស្វាណាស់!!! មិន​គួរ​ជឿ! វីរបុរស​ស្វា​ខំ​​សង្គ្រោះ​មិត្ត​ឆក់​ខ្សែ​ភ្លើង រហូត​រួច​ផុត​ពី​ស្លាប់ ឯ​មនុស្ស​ជា​ច្រើន​បាន​ត្រឹម​ឈរ​ថត (វីដេអូ)

កុំ​ថា​ឡើយ​មនុស្ស ទោះ​បី​សត្វ​មួយ​ចំនួន ក៏​ចេះ​ជួយ​ជីវិត​គ្នា​គួរ​ឱ្យ​រំភើប​ចិត្ត។ ជាក់​ស្ដែង សត្វ​ស្វា​មួយ​ក្បាល បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ព្យាយាម​ជួយ​សង្គ្រោះ​សត្វ​ស្វា​មួយ​ក្បាល​ទៀត​ដែល​ឆក់​ខ្សែ​ភ្លើង​ឱ្យ​ដឹង​ខ្លួន​ឡើង​វិញ រួច​ផុត​ពី​សេចក្ដី​ស្លាប់។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ស្ថានីយ​រថភ្លើង​មួយ​របស់​ប្រទេស​ឥណ្ឌា ប៉ុន្តែ​មិន​ដឹង​កាល​បរិច្ឆេទ​ច្បាស់​ឡើយ។

​បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ដំបូង​ឡើយ គេ​ឃើញ​ស្វា​រង​គ្រោះ បាន​ឆក់​ខ្សែ​ភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់ រហូត​លែង​ដឹង​ខ្លួន​ទៅ​ហើយ។ ប៉ុន្តែ​ស្វា​មួយ​ក្បាល​ទៀត មិន​បាន​ទុក​គ្នា​វា​ចោល​ឡើយ គឺ​ព្យាយាម​ទៅ​ជួយ ដើម្បី​ឱ្យ​រស់រាន​មាន​ជីវិត​ឡើង​វិញ។ ស្វា​មួយ​ក្បាល​ទៀត​នោះ បាន​លើក​អង្រួន​យ៉ាង​ប្រញាប់ រួច​ចាប់​ស្វា​រង​គ្រោះ​ជ្រលក់​ចូល​ក្នុង​ទឹក លើក​មក​វិញ​អង្រួន​ទៀត ព្រម​ទាំង​ខាំ​ក្បាល​ផង​ដែរ។


មនុស្ស​ជា​ច្រើន នៅ​ស្ថានីយ​រថភ្លើង បាន​ត្រឹម​តែ​ឈរ​មើល រួច​នាំ​គ្នា​ដក​ទូរសព្ទ​ថត​ប៉ុណ្ណោះ។ ប្រហែល​ជា​គ្រប់​គ្នា គិត​ថា​ស្វា​នោះ​បាន​ងាប់​បាត់​ទៅ​ហើយ ព្រោះ​គ្មាន​កម្រើក​សូម្បី​បន្តិច ទើប​មិន​នាំ​គ្នា​ជួយ​ឈឺ​ឆ្អាល។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ ក្រោយ​ពេល​ប្រឹង​ជួយ​សង្គ្រោះ​បាន​ប្រមាណ ២០​នាទី ស្រាប់​តែ​ស្វា​រង​គ្រោះ​ដឹង​ខ្លួន​ឡើ​ង​វិញ និង​អង្គុយ​ដោយ​អស់​កម្លាំង ក្រោម​ការ​មើល​ថែ​ពី​ស្វា​ដែល​ជួយ​សង្គ្រោះ​នោះ។

វីដេអូ​នេះ បាន​ទាក់​ទាញ​មនុស្ស​ជា​ច្រើន ឱ្យ​ចែក​រំលែក​បន្ត និង​បង្ហោះ​បន្ត​រាប់​លាន​ដង។ អ្នក​ដែល​បាន​មើល​វីដេអូ​នេះ​ហើយ បាន​និយាយ​ថា មនុស្ស​គួរ​យក​តម្រាប់​តាម​ស្វា​នេះ ត្រូវ​ចេះ​ជួយ​គ្នា មិន​មែន​គិត​តែ​ពី​ខ្លួន​ឯង​នោះ​ទេ។ ចំណែក​អ្នក​ខ្លះ​ទៀត បាន​សរសើរ​ថា ទឹក​ចិត្ត​ស្វា​មួយ​ក្បាល​នេះ លើស​មនុស្ស​ខ្លះ​ផង ព្រោះ​មនុស្ស​ខ្លះ​បាន​ត្រឹម​តែ​គិត​ខ្លួន​ឯង មិន​គិត​ចេះ​ជួយ​អ្នក​ដទៃ​ពេល​ជួប​គ្រោះ​ថ្នាក់​ដូច​គ្នា​នេះ​ឡើយ។


គួរ​បញ្ជាក់​ដែរ​ថា ស្វា​គឺ​ជា​​សត្វ​មួយ​ប្រភេទ ដែល​មាន​ចលនា និង​កាយវិការ​ស្រដៀង​មនុស្ស​បំផុត។ សព្វថ្ងៃ​នេះ ពូជ​ស្វា​ដែល​គេ​អាច​កំណត់​បាន មាន​រហូត​ដល់ 264 ប្រភេទ​ទូទាំង​ពិភពលោក ដោយ​រាប់​ទាំង​ស្វា​ធំ និង​ស្វា​អូរ៉ង់អូតង់ ដែល​គេ​បង្ហាត់​បង្រៀន​ឱ្យ​សាំ​នឹង​ការ​រស់នៅ​ជាមួយ​មនុស្ស​ផង​ដែរ។ ភាគ​ច្រើន ពួក​វា​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ ដោយ​ស៊ី​ផ្លែ​ឈើ​ជា​អាហារ៕


ប្រភព៖ morningfresh

Leave a Reply

Your email address will not be published. Required fields are marked *