ទឹកភ្នែកស្រក់ដោយមិនដឹងខ្លួន សត្វឆ្កែមានបុណ្យ មុនងាប់ដើរមកសំពះលោកតាដើម្បីដឹងគុណ
សត្វឆ្កែជាសត្វមួយប្រភេទដែលត្រូវបានមនុស្សភាគច្រើនសម្គាល់ថា មានសភាវគតិខ្ពង់ខ្ពស់ជាងសត្វដទៃ ហើយពេលខ្លះចេះដឹងដូចជាមនុស្ស ។ មានអ្នកខ្លះស្រឡាញ់មើលថែសត្វមួយនេះដូចជាក្រុមគ្រួសារដូច្នោះដែរ ព្រោះតែភាពវ័យឆ្លាតរបស់វា ។យ៉ាងណាមិញ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ព្រះសទ្ធម្មប្បកាសនី តាត មហាទី បានបង្ហោះរូបឆ្កែដែលព្រះអង្គបានចិញ្ចឹមរយៈពេល ១៤ ឆ្នាំមកហើយ តែអ្វីដែលកត់សម្គាល់នោះគឺ សត្វឆ្កែមួយក្បាលនោះបានចាំរហូតដល់ព្រះអង្គត្រលប់ពីក្រៅវិញ ដើម្បីបានក្រាបសំពះលាមុនពេលដែលវាត្រូវលាចាកលោកទៅ ។
ក្នុងនោះខ្លឹមសារទាំងមូលគឺ “កុសល អ្នកឯងបានរស់នៅក្នុងវត្តជាមួយនឹងអាត្មា ១៤ ឆ្នាំហើយ អាត្មាបានយកចិត្តទុកដាក់ថែទាំល្អហើយ បាននៅរង់ចាំផ្លូវអាត្មាត្រឡប់មកពីប្រទេសក្រៅវិញ ពេលនិមន្តមកដល់ភ្លាម កុសល ដើរមករកហិតហើយបក់កន្ទុយ ក៏បានលះបង់ជីវិតហើយ ដោយឥរិយាបថសំពះក្រាប សូមកើតជាតិណាៗ សូមទៅកើតក្នុងទីខ្ពង់ខ្ពស់ចុះ” ។
សូមបញ្ជាក់ថា សត្វឆ្កែឈ្មោះ កុសល ក៏ត្រូវបានយកទៅធ្វើបុណ្យសពតាមប្រពៃណី នៅថ្ងៃទី ៣០.១១.២០១៩ នៅវត្តព្រះឥន្ទកោសា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបផងដែរ៕