ខឹងម៉ែស្ដីបន្ទោស​រត់ចេញពីផ្ទះ ពេល​ជួបអ្នកលក់តាមផ្លូវធ្វើរឿង១ ទើប​ស្រក់ទឹកភ្នែក

ពាក្យ​ថា «​ម្ដាយ​» យើង​តែងតែ​ឮ​ចេញពី​មាត់​មនុស្ស​ជាច្រើន​ដោយ​ចាត់ទុកថា ពុំ​មាន​អ្វី​អាច​យក​អ្វី​មក​ប្រៀបធៀប​ក្ដី​ស្រលាញ់ដ៏​ធំធេង​​របស់​គាត់​មាន​ចំពោះ​យើង​បាន​ទេ ទោះ​កូន​ខ្លះ​មើល​មិនឃើញ​ពី​ភាព​អស្ចារ្យ​របស់​គាត់​ក៏​ដោយ​។​

​ម្ដាយ​តែងតែ​ស្រែក​ខ្លាំងៗ គំ​ហក សំដី​តូច​សំដី​ធំ​ដាក់​យើង ពេល​យើង​ធ្វើឲ្យ​គាត់​ខឹង ឬ​ឲ្យ​គាត់​ព្រួយបារម្ភ ប៉ុន្តែ​ពាក្យ​ទាំង​នោះ​គាត់​មិន​ដែល​ចង់​ជាន់ពន្លិច​កូន​ទេ ផ្ទុយ​ទៅ​វិញ​ជា​ការ​ដាស់​ស្មារតី ក្រើនរំលឹក និង​ចង់ឲ្យ​កូន​ដើរ​មក​រក​ផ្លូវត្រូវ​។ ទោះ​យ៉ាងនេះ​ក្ដី ការបកស្រាយ​នាពេល​បច្ចុប្បន្ន​តាម​ប្រទេស​មួយចំនួន​ត្រូវបាន​គេ​ចាត់ទុកថា ទង្វើ​ម្ដាយ​បែប​គំហក សម្លុត ជា​រឿង​ខុសច្បាប់ រំលោភ​សិទ្ធិមនុស្ស​។​

​ចំនែក​រឿងរ៉ាវ​ខាងក្រោម​នេះ ក៏​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​បច្ចុប្បន្ន​ដោយ​មាន​កូន​វ័យ​ជំទង់​មួយចំនួន​តែងតែ​ធ្វើ​បាបចិត្ត​ម្ដាយ លែង​ស្ដាប់​បង្គាប់​ម្ដាយ ព្រោះ​តែ​ចង់​តាមចិត្ត​ខ្លួនឯង ឬ​ត្រូវ​មិត្ត​ភ័ក្ដិ​អូសទាញ​ទៅរក​ផ្លូវ​អវិជ្ជមាន​ភ្លើតភ្លើន​។ ប៉ុន្តែ​ជា​លទ្ធផល ការសម្រេចចិត្ត​របស់​កូន បែរជា​ត្រូវ​សោកស្ដាយ កើត​វិប្បដិសារី​ចងចាំ​មិន​ភ្លេច បន្ទាប់ពី​ដឹង​ថា​ខ្លួន​ដើរ​លើ​ផ្លូវខុស​។​

​កូនស្រី​ក្នុង​រឿងនេះ បាន​ធុញទ្រាន់​ឆ្អែត​ចិត្តនឹង​ម្ដាយ​ក៏​សម្រេចចិត្ត​រត់ចេញ​ពី​ផ្ទះ​ទាំង​មិន​ស្ដាយស្រណោះ ទោះ​ដឹងថា ក្នុង​ផ្ទះ​ខ្លួន​មាន​អ្វីៗ​គ្រប់សព្វ​ក៏ដោយ​។ ដល់​ទីបំផុត នាង​បាន​អស់ប្រាក់​ជាប់​នឹង​ខ្លួន ប៉ុន្តែ​ពោះ​ចាប់ផ្ដើម​ឃ្លាន នាង​បាន​ដើរ​រហូត​ទៅ​ដល់​មុខ​តូប​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​មួយកន្លែង នាង​បាន​ត្រឹមតែ​ឈរ​មើល​អ្នក​លក់​។ រំពេច​នោះ​អ្នក​លក់​បាន​ងាក​ឃើញ​ក៏​ហៅ​នាង​ឲ្យមក​អង្គុយហូ​បសិន ប៉ុន្តែ​នាង​បាន​បដិសេធ ព្រោះ​នាង​មិន​មាន​ប្រាក់​។​

​ក្មេង​ស្រី​នេះ​បាន​សួរ​អ្នកលក់​ថា ហេតុ​អ្វី​មីង​ចិត្តល្អ​ចំពោះ​ខ្លួន​ម្ល៉េះ​? នាង​រក​អ្វី​និយាយ​មិន​ចេញ​ទៀត ព្រោះតែ​ការ​ចិត្តល្អ​របស់គាត់​។ អ្នកលក់​ប្រាប់​វិញ​ថា ”​អូ​ហ៍​! មីង​គ្មាន​ចិត្តល្អ​ចិត្ត​អី​ទេ​? មីង​ចង់​ប្រាប់ថា មាន​មនុស្ស​ស្រី​ម្នាក់ ចិត្ត​ល្អ​ជាង​មីង​ឆ្ងាយ​ណាស់ គឺ​ម្ដាយ​។ ម្ដាយ​គាត់​ខឹង​យើង​មែន ព្រោះ​គាត់​បារម្ភ​ពី​យើង​”​។ និយាយ​រួច អ្នក​លក់​បាន​ដាក់​បាយ​ពង​ទា​ឲ្យ​ក្មេងស្រី​ហូប នាង​លាន់មាត់​ថា “​ហេតុ​អ្វី​មីង​ដឹង​ថា​ខ្ញុំ​ចូលចិត្ត​អាហារ​មួយ​នេះ​”?

​អ្នក​លក់​បាន​ឲ្យមើល​រូបថត​មួយសន្លឹក​រួ​ច​ប្រាប់ថា មាន​ស្ត្រី​ម្នាក់​បាន​ដើរ​សួរ​គេ​គ្រប់គ្នា និង​បាន​ឲ្យ​រូបថត​នេះ​មក​មីង​មួយ​សន្លឹក​ថា “​បើ​បានឃើញ​ក្មេងស្រី​ក្នុង​រូប​នេះ​ឲ្យ​នាង​ទៅ​ផ្ទះ​វិញ​ផង ព្រោះ​ម្ដាយ​បារម្ភ​ខ្លាំងណាស់ នាង​គ្មាន​លុយ​មួយ​រៀល​ទេ ពេល​ចេញពីផ្ទះ​”​។ ពេល​ហូបបាយ​បណ្ដើរ​ទឹកភ្នែក​ហូរ​បណ្ដើរ គ្រប់​ម៉ាត់​នាង​ទំពារ​បែរជា​ធ្វើឲ្យ​នាង​នឹក​ដល់​ម្ហូប​ដែល​ម្ដាយ​ធ្លាប់​ធ្វើឲ្យ​ញ៉ាំ​។ ដោយ​ដឹង​ការជ្រើសរើស​ផ្លូវខុស នាង​បាន​ប្ដូរ​ចិត្ត​ទូរ​សព្ទ​ទាក់ទង​ទៅរក​ម្ដាយ​វិញ​ភ្លាមៗ​តែម្ដង​។ ទស្សនា​វីដេអូ​ខាងក្រោម​ដែល​គេ​បាន​ផលិត​ជា​រឿង​អប់រំ​ខ្លី​៕​

Leave a Reply

Your email address will not be published. Required fields are marked *