កំសត់ណាស់ លឺសម្លេងទ្រហោយំពេញរោងការដោយបុរសម្នាក់សុខចិត្តរៀបការ ជាមួយនឹងសាកសពគូដណ្ដឹងដោយសារហេតុផលនឹកស្មានមិនដល់….
ចិន៖ បុរសម្នាក់នៅក្នុងប្រទេសចិន បានសម្រេចចិត្តរៀបការជាមួយនឹងសាកសពគូដណ្ដឹងរបស់ខ្លួន ក្នុងពិធីបុណ្យសពរបស់នាង ដើម្បីបង្ហាញពីទំហំចិត្តនៃក្តីស្រលាញ់ ដែលមិនអាចកាត់ថ្លៃបាន បើទោះបីជា ត្រូវបាត់បង់វត្តមាននាងជារៀងរហូត បានឲ្យធ្វើមហាជនជាច្រើនរំជួលចិត្តជាខ្លាំង។
បុរសអភ័ព្វស្នេហ៍ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Xu Shinan មានអាយុ៣៥ឆ្នាំ។ ចំណែកឯ គូដណ្ដឹងដ៏ស្រស់ស្អាតរបស់លោក ដែលបានលាចាកលោកទៅនោះ មានឈ្មោះថា នាង Yang Liu មានអាយុ ៣៤ឆ្នាំ។ អ្នកទាំងពីរត្រូវបានគេដឹងថា បានក៏សាងទំនាក់ទំនងស្នេហាក្នុងន័យជាគូសង្សារ រហូតបានក្លាយជាគូដណ្ដឹងនឹងគ្នានេះ អស់រយៈពេល១២ឆ្នាំមកហើយ។
វាពិតជារឿងដ៏គួរឲ្យសោកសៅបំផុត ខណៈថ្ងៃពិសេសនៃពិធីមង្គលការមិនទាន់ត្រូវបានរៀបចំផង គូដណ្ដឹងស្រីរូបស្រស់ នាង Yang Liu ក៏បានទទួលមរណភាពទៅ កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយសារតែជំងឺមហារីកសុដន់ ក្រោយការតស៊ូព្យាបាលអស់រយៈពេលជាច្រើនឆ្នាំ តែមិនអាចសង្គ្រោះជីវិតបាន និងទីបំផុតបន្សល់ទុកត្រឹមតែពាក្យថា សោកស្តាយ និងទុក្ខក្រៀមក្រំ ជាពិសេសធ្វើឲ្យលោក Xu Shinan សឹងតែមិនអាចទទួលយកបាន។
ប្រភពបានឲ្យដឹងថា បើទោះបីជាយ៉ាងណាក្តី ដើម្បីបំពេញបំណងរបស់គូដណ្ដឹង លោក Xu ក៏បានរៀបចំធ្វើពិធីមង្គលការតូចមួយ នៅក្នុងពិធីបុណ្យសពរបស់គូដណ្ដឹងលោកផងដែរ។
ជាក់ស្ដែង ក្នុងថ្ងៃពិធីបុណ្យសពនោះ លោក Xu ក៏បានស្លៀកពាក់ក្នុងឈុតជាកូនកំលោះ ខណៈឯនាង Yang វិញ ក៏ត្រូវបានតុបតែងខ្លួនស្លៀកពាក់ក្នុងឈុតរ៉ូបកូនក្រមុំដ៏ស្រស់ស្អាតដូចគ្នា គេងនៅក្នុងមឈូស។ នៅក្នុងនោះ ក៏មានការរៀបចំផ្កាចម្រុះពណ៌ជាច្រើន (ផ្កាកុលាបជាដើម) ចំនួន ១៦៩បាច់ និងមានការអាននូវពាក្យសច្ចាពីសំណាក់លោក Xu ទៅកាន់ Yang ដែលជាគូដណ្ដឹងរបស់លោក និងមានការចូលរួមជាច្រើនពីគ្រួសារ បងប្អូនសាច់ញាតិ និងមិត្តភក្តិផងដែរ។
លោក Xu បាននិយាយថា៖
«ប្រពន្ធសម្លាញ់ កុំបារម្ភអីណា៎! សម្រាប់បង ទោះជីវិតដែលរស់នៅសេសសល់មួយនេះ នឹងរងការឈឺចាប់ពេលបាត់អូន ប៉ុន្តែបងនឹងតស៊ូរឹងមាំ មិនចុះចាញ់ឡើយ» ។
គួរឲ្យដឹងជុំវិញនឹងរឿងរ៉ាវមួយនេះផងដែរថា នាង Yang បានទទួលរងនូវជំងឺមហារីកសុដន់ និងតស៊ូប្រយុទ្ធនឹងជំងឺដ៏សាហាវនេះ អស់រយៈពេលជាង៥ឆ្នាំកន្លះ។ គូស្នេហ៍ដ៏កំសត់នេះ បានសាងទំនាក់ទំនងស្នេហា ដោយស្គាល់គ្នាតាមរយៈបណ្តាញសង្គម ក្នុងកំឡុងខែសីហា ឆ្នាំ២០០៧ (មកទល់ពេលនេះជាង១២ឆ្នាំ)។ អ្នកទាំងពីរក៏ធ្លាប់បានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា នៅក្នុងខែសីហា ឆ្នាំ២០១៣ ហើយក៏នឹងត្រៀមរៀបចំពិធីមង្គលការឆាប់ៗនាគ្រានោះផងដែរ។
ប៉ុន្តែផ្ទុយទៅវិញ ៣ខែក្រោយមក អ្វីៗដែលជាការគ្រោងទុកត្រូវបានផ្លាស់ប្តូរ បន្ទាប់ពី Yang បានចាប់ផ្តើមមានអាការឈឺចុកចាប់ដើមទ្រូង រហូតធ្វើរោគវិនិច្ឆ័យរកឃើញថា នាងបានកើតនូវជំងឺមហារីកសុដន់។
តែទោះជាយ៉ាងណា ពេលដឹងខ្លួនថា ជីវិតហាក់គ្មានសង្ឃឹមបែបនេះ Yang ក៏តែងតែបង្ហាញសភាពរឹងប៉ឹង មិនស្រក់ទឹកភ្នែក ជាមនុស្សស្រីដ៏រឹងមាំម្នាក់ និងតែងតែសើចញញឹមជានិច្ច។ ឯលោក Xu ក៏តែងតែផ្តល់កម្លាំងចិត្ត និងស្រលាញ់ Yang មិនរាថយដូចគ្នា រហូតដល់ថ្ងៃដែលនាងលាចាកលោក គ្មានថ្ងៃត្រលប់នេះតែម្តង។
រឿងរ៉ាវរបស់លោក Xu និងគូដណ្ដឹងរូបស្រស់ នាង Yang ត្រូវបានចែកចាយពាសពេញលើបណ្តាញសង្គម និងបានធ្វើឲ្យមហាជនជាច្រើន មានក្តីអាណិតអាសូរជាពន់ពេក ដែលស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរ បែរជាមកត្រូវជួបរឿងអាក្រក់បែបនេះ បន្សល់ទុកត្រឹមក្តីអាល័យ និងការស្រលាញ់ដ៏ឈឺចាប់៕