បាត់ឆ្មាជាច្រើន ដោយមិនដឹងមូលហេតុ… ស្រាប់តែចុងក្រោយ ឃើញពស់កំពុងតែលេប…

ប្រទេសថៃ៖ ក្រុមជួយសង្គ្រោះចាប់ពស់ បានចុះចាប់ពស់ថ្លាន់យក្ស ដែលកំពុងតែលេប សត្វឆ្មាមួយក្បាល នៅក្នុងផ្ទះលេខ១៩ ក្រុមទី១ ទីរួមខេត្តឡាំប៉ាង ប្រទេសថៃ ។ ពេលក្រុមជួយសង្គ្រោះទៅដល់ ឃើញពស់ថ្លាន់យក្សមួយក្បាលខាងលើ កំពុងតែលេបសត្វឆ្មា ពណ៌សមួយក្បាល គួរឲ្យអាណិត ហើយវាបានព្យាយាម ទាញសត្វឆ្មាដែលវាកំពុងតែលេបនោះ ឡើងទៅលើដំបូលផ្ទះទៀតផង ។

ក្រុមអ្នកចាប់ពស់ បានប្រើឧបករណ៍ពស់ ដោយសង្កត់ក្បាលពស់ថ្លាន់យក្សនោះ ដើម្បីសង្គ្រោះសត្វឆ្មា ដែលកំពុងតែនៅក្នុងមាត់របស់ពស់នោះ ។ ក្រុមអ្នកចាប់ពស់បានសង្កត់ក្បាលវា រហូតដល់វាខ្ជាក់សត្វឆ្មានោះ ចេញពីមាត់របស់វាវិញ តែទោះជាយ៉ាងណា ក៏មិនអាចសង្គ្រោះសត្វឆ្មាកំសត់នោះ បានឡើយ ដោយវាបានដាច់ខ្យល់ងាប់ តាំងពីនៅក្នុងមាត់របស់ពស់នោះម្ល៉េះ ។

បន្ទាប់ពីខ្ជាក់សត្វឆ្មាចេញហើយ ពស់ខាងលើបានព្យាយាម វារឡើងលើដំបូលផ្ទះ តែទោះជាវាខំយ៉ាងណា ក៏មិនអាចគេផុតពីក្រុមអ្នកជំនាញ ចាប់ពស់បានឡើយ ។ ក្រុមអ្នកចាប់ពស់ បានប្រើរយៈពេលអស់ជាង១ម៉ោង ទើបរកឃើញកន្លែងលាក់ខ្លួនរបស់វា ហើយពស់នោះ ត្រូវបានគេប្រាប់ថា មានប្រវែង៥ម៉ែត្រ ក្រោយពីចាប់វាបាន ក្រុមអ្នកចាប់ពស់ បានយកវាទៅប្រលែងចោល ក្នុងព្រៃបាត់ទៅ ។

លោកស្រី ធីតា ដែលជាម្ចាស់ផ្ទះ បានរៀបរាប់ថា រូបគាត់បានចិញ្ចឹម សត្វឆ្មា២ក្បាលនៅក្នុងផ្ទះ ហើយកាលពីខែមុន គាត់បានបាត់សត្វឆ្មា១ក្បាល ហើយគាត់គិតថា ប្រហែលជាពស់ខាងលើនេះ លេបវាបាត់ទៅហើយ។ ហើយលើកក្រោយនេះ ក្មួយស្រីរបស់កាត់ បានឮសម្លេងឆ្មាស្រែក ហើយបានចេញមកមើល ស្រាប់តែឃើញពស់កំពុងតែលេប សត្វឆ្មារបស់គាត់ ហើយភ្លាមៗនោះ គាត់ក៏បានទូរស័ព្ទទៅប្រាប់ក្រុមអ្នកជំនាញ ចាប់សត្វពស់មកជួយអន្តរាគមន៍ ហើយគាត់បានប្រាប់ទៀតថា កាលពី២ថ្ងៃមុន អ្នកជិតខាងរបស់គាត់ ក៏បានបាត់ឆ្មា២ក្បាលផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *