ទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន ! បុរសម្នាក់ឡើងជញ្ជាំងមន្ទីរពេទ្យ ហើយអង្គុយមើលម្តាយពីខាងក្រៅបង្អួចទាំងថ្ងៃទាំងយប់ រហូតដល់ថ្ងៃដែលម្តាយរបស់គាត់ស្លាប់ដោយសារតែជំងឺកូវីត ១៩

នៅក្នុងប្រទេសប៉ាឡេស្ទីន ត្រូវបានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ជាង ៩ ពាន់នាក់ បានឆ្លងជំងឺកូវីត ១៩ ហើយអ្នកស្លាប់មានចំនួនជាង ១ ពាន់នាក់ ។ ក្នុងនោះផងដែរ ក៏មានគ្រួសារមួយដែលមានតែ ២ នាក់ម្តាយ និងកូនប្រុស ហើយស្ត្រីជាម្តាយត្រូវបានធ្វើតេស្តរកឃើញថាបានឆ្លងជំងឺកូវីត ១៩ ហើយក៏ត្រូបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ចំណែកឯកូនប្រុសដែលមានឈ្មោះថា Jihad Al-Suwaiti មិនបានឆ្លងជំងឺដ៏កាចសាហាវនេះទេ ។ បន្ទាប់ពីម្តាយរបស់គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល លោក Al-Suwaiti មិនត្រូវបានអនុញ្ញាតអោយចូលទៅសួរសុខទុក្ខម្តាយរបស់គាត់ទេ ដើម្បីសុវត្ថិភាពរបស់គាត់ ។ ទោះបីជាយ៉ាងណាក៏ដោយ បុរសវ័យ ៣០ ឆ្នាំរូបនោះ មិនអាចហាមចិត្តនឹករលឹក និងសេចក្តីព្រួយបារម្ភចំពោះម្តាយបានទេ ដូច្នេះជារៀងរាល់ថ្ងៃគាត់តែងតែលួចឡើងតាមជញ្ជាំងមន្ទីរពេទ្យ ហើយអង្គុយមើលម្តាយពីខាងក្រៅបង្អួច ដើម្បីប្រាកដថាម្តាយរបស់គាត់មានសុវត្ថិភាព ។


បុគ្គលិកពេទ្យបាននិយាយថា បុរសនោះបានចំណាយពេលវេលាស្ទើពេញមួយថ្ងៃ អង្គុយនៅក្រៅបង្អួច ដើម្បីតាមដានមើលស្ថានភាពម្តាយរបស់គាត់ រហូតដល់ពេលម្តាយគាត់គេងលក់ ទើបគាត់ចុះត្រលប់ទៅវិញ ។ តែពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ដែលម្តាយរបស់គាត់មិនអាចឆ្លងផុតគ្រោះដ៏អាក្រក់នេះ ហើយម្តាយរបស់គាត់ ដែលមានឈ្មោះថា Rasma Salama ក៏បានស្លាប់បាត់បង់ជីវិតកាលពីព្រហស្បត្តិ៍សប្តាហ៍មុនបាត់ទៅ ។ រឿងរ៉ាវបុរសម្នាក់នេះ ក៏បានល្បីពេញបណ្តាញសង្គម Twitter ហើយអ្នកនិយមលេង Twitter ជាច្រើននាក់បានចែករំលែកសេចក្តីទុក្ខសោកក្រៀមក្រំចំពោះការបាត់បង់ម្តាយជាទីស្រលាញ់របស់គាត់ផងដែរ ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ នៅជុំវិញពិភពលោក ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារតែជំងឺកូវីដ ១៩ ផង ។
ប្រភព សករាជ

Leave a Reply

Your email address will not be published. Required fields are marked *