រន្ធត់ខ្លាំងណាស់ មិននឹកស្មានសោះថាអណ្តើកយក្សដ៏កម្របែរជាមកជួបរឿងអកុសលបែបនេះសោះ ពិតជាសោកស្តាយខ្លាំងណាស់….
ចិន៖ អណ្តើកយក្សញីដ៏កម្រមួយក្បាល បានងាប់បាត់ទៅនៅក្នុងប្រទេសចិន ដោយបន្សល់ទុកតែអណ្តើកយក្សប្រភេទនេះតែ ៣ក្បាលតែប៉ុណ្ណោះនៅលើពិភពលោក។
យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា អណ្តើកយក្សញីនេះមានឈ្មោះ Rafetus swinhoei បានងាប់នៅក្នុងសួនសត្វ Suzhou ក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ។
ក្រុមអ្នកជំនាញបានព្យាយាមចាក់បញ្ចូលមេជីវិតឈ្មោលចូលក្នុងអណ្តែកញីអាយុជាង ៩០ឆ្នាំនេះជាលើកទី៥ មុនពេលវាងាប់ដើម្បីឱ្យមានពូជអណ្តើកបែបនេះបន្តមាននៅលើលោកនេះទៀត ប៉ុន្តែជាអកុសលមិនបានសម្រេចសោះ។
គួរឱ្យដឹងផងដែរ អណ្តើកយក្សប្រភេទនេះ រមែងត្រូវពួកមនុស្សលោកចាប់ហូបជាអាហារ ព្រោះតែពួកគេយល់ថាវាប៉ូវសម្រាប់សុខភាព ទើបវាទទួលរងការគំរាមកំហែង និងជិតផុតពូជបែបនេះ។
ដូច្នេះបន្ទាប់ពីអណ្តែកយក្សញីមួយក្បាលនេះបានងាប់បាត់ទៅ នាពេលបច្ចុប្បន្ន អណ្តែកយក្សប្រភេទនេះមានតែ ៣ក្បាលតែប៉ុណ្ណោះនៅក្នុងពិភពលោក ពោលគឺ ១ក្បាលជាអណ្តែកយក្សឈ្មោល ដែលមានអាយុជាង ១០០ឆ្នាំនៅក្នុងសួនសត្វ Suzhou ក្នុងប្រទេសចិន (ដែលវាជិតនឹងផុតពូជដែរហើយ) ហើយ ២ក្បាលទៀតត្រូវបានរាយការណ៍ថានៅក្នុងព្រៃនៃប្រទេសវៀតណាម។
គូសបញ្ជាក់ផងដែរ បុគ្គលិកក្នុងតំបន់ និងក្រុមអ្នកជំនាញអន្តរជាតិ បានប៉ុនប៉ងចាក់បញ្ចូលមេជីវិតឈ្មោលចូលក្នុងអណ្តើកយក្សញីនេះក្នុងពេល ២៤ម៉ោង មុនពេលវាងាប់នៅរសៀលថ្ងៃសៅរ៍កន្លងទៅនេះ។
ពួកគេបាននិយាយថា មិនមានផលវិបាកអ្វីកើតឡើងនោះទេ ហើយសុខភាពរបស់អណ្តើកញីនេះក៏មិនមានបញ្ហាអ្វីដែរចំពោះការចាក់បញ្ចូលមេជីវិតឈ្មោលនេះ ប៉ុន្តែជាអកុសលសុខភាពរបស់វាកាន់តែខ្សោយទៅៗនៅថ្ងៃបន្ទាប់ រហូតដល់ងាប់។
ដូច្នេះ ការងាប់របស់វា កំពុងតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀត៕
ប្រភព khmerload