ជួយដាស់តឿនដល់អ្នកដែលលេងហ្គេមភ្លេចបាយភ្លេចទឹកភ្លេចដេកពួនផងណាទុកដូចធ្វើបុណ្យចុះ ប្រយ័ត្នដូចក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ ដាច់សរសៃឈាមខួរក្បាល ហើយពិការដៃខាងឆ្វេងម្ខាង…

យោងតាមការចុះផ្សាយនៅលើ odditycentral បានអោយដឹងថា មានក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់​ ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងប្រុសរូបនោះបានដួលសន្លប់នៅក្នុងផ្ទះ នៅក្នុងខេត្តណានីង ប្រទេសចិន ។ ក្រោយមកទើបដឹងថា ក្មេងប្រុសរូបនោះបានដាច់សរសៃឈាមខួរក្បាល ហើយដៃខាងឆ្វេងកម្រើកលែងរួច បន្ទាប់ពីក្មេងប្រុសនោះបានលេងហ្គេមឥតឈប់ឥតឈរ ដោយមួយយប់គេងតែ ២ ម៉ោងប៉ុណ្ណោះ ។

ប្រភពពីម្តាយឪពុកក្មេងប្រុសបានអោយដឹងថា កូនប្រុសរបស់ពួកគាត់នៅក្នុងបន្ទប់គេងពេញមួយថ្ងៃ ដោយយកលេសថារៀនអនឡាញជាមួយមិត្តភក្តិ ប៉ុន្តែក្រោយមកទើបពួកគាត់ដឹងថា កូនរបស់គាត់មិនបានរៀនអនឡាញទេ ផ្ទុយទៅវិញកូនរបស់គាត់សំងំលួចលេងហ្គេមទាំងយប់ទាំងថ្ងៃ ។ យោងតាមលោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Jiangbin ប្រទេសចិន បានអោយដឹងថា ស្ថានភាពក្មេងប្រុសនេះគឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ ដែលធ្វើដៃខាងឆ្វេងរបស់គេទៅជាស្វិតកម្រើកលែងបាន ។ ម្តាយរបស់ក្មេងប្រុសនោះបាននិយាយថា កូនគាត់មានឈ្មោះថា Xiaobin ជារៀងរាល់ថ្ងៃ គេតែងតែនៅក្នុងបន្ទប់ខ្ទាស់ទ្វារ និងបង្អួចជិត ។

ពេលដែលគាត់គោះបន្ទប់ គាត់បានលឺសំលេងកូនគាត់ជជែកជាមួយមិត្តភក្តិជាច្រើននាក់ តាមរយៈអនឡាញ ។ រហូតមុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ ទើបគាត់ដឹងថាកូនប្រុសគាត់មិនបានរៀនទេ ផ្ទុយទៅវិញគេជជែកគ្នាជាមួយមិត្តភក្តិពីរឿងលេងហ្គេមសោះ ។ លុះនៅថ្ងៃកើតហេតុ Xiaobin បានដួលសន្លប់នៅក្នុងផ្ទះ ហើយក៏ត្រូវឪពុកម្តាយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ គ្រូពេទ្យបានពិនិត្យ និងស្កេនមើល លទ្ធផលបានបង្ហាញថា Xiaobin បានដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ ។ លោកវេជ្ជបណ្ឌិត Li ជំនាញផ្នែកខួរក្បាល បានប្រាប់អ្នកព័ត៌មាន odditycentral ថា ស្ថានភាពនេះមិនងាយកើតឡើងលើក្មេងទេ ។ បើវាកើតឡើងចំពោះក្មេង ភាគច្រើនបណ្តាលមកពីការគេងមិនគ្រប់គ្រាន់យ៉ាងតិច ១​ ខែ ។


លោកវេជ្ជបណ្ឌិតបានលើកឡើងថា «កត្តាចំបងនោះគឺបណ្តាលមកពីការគេងមិនគ្រប់គ្រាន់ ហើយបរិភោគមិនទៀងទាត់ ។ កង្វះអាហារូបត្ថម្ភ និងការសម្រាកមិនបានគ្រប់គ្រាន់​ អាចបណ្តាលអោយឈាម និងអុកស៊ីសែននៅក្នុងខួរក្បាលថយចុះ ដែលជាហេតុបណ្តាលអោយដាច់សរសៃឈាមខួរក្បាល» ។ Xiaobin បានទទួលការព្យាបាលកាយសម្បទានៅមន្ទីរពេទ្យ Jiangbin ចាប់តាំងពីខែមីនាឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែគ្រូពេទ្យបាននិយាយថា វាពិបាកក្នុងការនិយាយថា តើ Xiaobin អាចនឹងជាសះស្បើយឡើងវិញឬក៏យ៉ាងណាទេ ដោយសារតែដៃខាងឆ្វេងរបស់គេ មិនអាចទទួលអារម្មណ៍រំញោចនោះទេ ។ ដូច្នេះមានតែខិតខំប្រឹងប្រែងបន្ថែមទៀត ។​

នេះជាការដាស់តឿនដល់ក្មេងៗ ក៏ដូចជាឪពុកម្តាយគ្រប់រូបអោយយកចិត្តទុកដាក់ចំពោះកូន ដោយសារតែក្នុងរយៈពេលនេះ ក្មេងៗនៅផ្ទះហើយរៀនតាមអនឡាញ ដែលធ្វើអោយក្មេងៗនៅជាប់នឹងទូរស័ព្ទស្ទើរពេញមួយថ្ងៃ ។
ប្រភព សករាជ

Leave a Reply

Your email address will not be published. Required fields are marked *

shares