ឪពុកអ្នកមាននាំកូនឲ្យទៅស្គាល់ផ្ទះ​អ្នកក្រមានអ្វីខ្លះ ស្រាប់តែឪពុក​ភ្ញាក់ខ្លួនព្រើត…

ថ្ងៃមួយ​ឪពុក​ដែលជា​អ្នក​មាន​ទ្រព្យធន​ហូរហៀរ​ម្នាក់ បាន​នាំ​កូនប្រុស​ទៅលេង​ជនបទ ដើម្បី​បង្ហាញ​ថា​ការរស់នៅ​ក្នុង​ស្ថានភាព​ក្រ​នាំ​ឲ្យ​ជីវិត​លំបាក​យ៉ាងណា​។ ពួកគេ​បាន​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ ស្នាក់​នៅ​កសិដ្ឋាន​កម្សត់​មួយ សម្ងំ​ចាំ​មើល​ទៅ​គ្រួសារ​ក្រលំបាក​បំផុត​មួយ​។​

​បន្ទាប់​ពី​ដំណើរ​កម្សាន្ត​ចប់​ត្រលប់​ទៅផ្ទះ​វិញ ឪពុក​បាន​សួរ​កូនប្រុស​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ផ្សងព្រេង​ក្នុងនាម​ជា​អ្នកក្រ​។ “​អស្ចារ្យ​ណាស់​ប៉ា​…” កូនប្រុស​ឆ្លើយតប​ឪពុក​។ “​ចុះ​កូនប្រុស​មាន​ឃើញថា អ្នកក្រ​អាចធ្វើ​អ្វី​បាន​ខ្លះ​ទេ​?”​។ ឪពុក​សួរ​បន្ត ឯ​កូន​ក៏​បាន​ឆ្លើយថា “​បាទ​… ឃើញ​”​។​ ”​អ៊ីចឹង​កូន​បាន​រៀន​អ្វីខ្លះ​ពី​ដំណើរ​កម្សាន្ត​នេះ​”?… កូនប្រុស​បាន​ឆ្លើយថា “​ខ្ញុំ​ឃើញ​ថា យើង​មាន​ឆ្កែ​មួយ ឯ​ពួក​គេ​មាន​ដល់​ទៅ​បួន​…. យើង​មាន​អាង​ហែល​ទឹក​មួយ​ដល់​កណ្ដាល​សួន ឯ​ពួក​គេ​វិញ​មាន​ព្រែក​ដាច់​កន្ទុយភ្នែក​… ពេលយប់​យើង​មាន​គោម​នៅ​ក្នុង​សួន តែ​ពួកគេ​មាន​ផ្កាយ​ពេញ​មេឃ​… យើង​មាន​សួន​ដល់​មុខផ្ទះ ឯ​ពួក​គេ​វិញ​មាន​ដល់​ជើងមេឃ​”​។​

​កូនប្រុស​បាន​បន្ត​ទៀត​ថា “​យើង​មាន​ដី​តូច​សម្រាប់​រស់នៅ ឯ​ពួក​គេ​វិញ​មាន​ដីស្រែ​ល្វឹងល្វើយ ទេសភាព​ខុស​ពី​កន្លែង​យើង​… យើង​មាន​អ្នក​តាម​បម្រើ តែ​ពួកគេ​វិញ​តាម​បម្រើ​អ្នកផ្សេង​… យើង​ទិញ​អាហា​រញ៉ាំ តែ​ពូកគេ​ដាំ​ខ្លួនឯង​… យើង​មានរ​បង​នៅ​ជុំវិញ​ដើម្បី​ការពារ​ខ្លួន តែ​ពួកគេ​មាន​ញាតិ​មិត្ត​ជិតខាង​ជា​អ្នកការពារ​”​។ ឪពុក​ក្មេងប្រុស​មិន​បាន​និយាយ​អ្វី​កាត់​ទេ ហើយ​កូនប្រុស​ក៏​បាន​បន្ថែមទៀតថា “​វា​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ថា ពួក​យើង​ពិតជា​ក្រ​ណាស់​..”​។​

​កាលពី​ដំបូង ឪពុក​គ្រាន់តែ​ចង់​បង្រៀន​កូន​ឲ្យ​ស្គាល់​ភាព​ក្រ​ថា​លំបាក​យ៉ាងណា​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹកស្មាន​ថា​កូនប្រុស​ចេះ​នឹកឃើញ​ដល់​ថ្នាក់​នេះឡើយ​។ ចេះ​នឹកឃើញ​ពីអ្វី​ដែល​ខ្លួន​គ្មាន ដឹង​ពី​អ្វី​ដែល​ខ្លួន​មាន និង​ភ្ញាក់រលឹក​ស្គាល់​ទុក្ខលំបាក ព្រមទាំង​ភាពខុសគ្នា​រវាង​អ្នកក្រ និង​អ្នកមាន​។​

​អប់រំ​រឿង​៖ បើទោះបី​មានទ្រព្យ​ប៉ុណ្ណា​ក៏​មនុស្ស​មិន​ចេះ​ស្កប់ស្កល់​ដែរ លុះត្រាតែ​ចេះ​ពិចារណា​ប្រៀបធៀប​បែបនេះ​ទើប​អាច​រំងាប់​អារម្មណ៍​។ យើង​ចេះ​តែ​ភ្លេច​ថា​យើង​មាន​អ្វី ហើយ​គ្មាន​អ្វី របស់​ដែល​ឥត​ប្រយោជន៍​សម្រាប់​មនុស្ស​ម្នាក់ បែរជា​មាន​តម្លៃ​សម្រាប់​អ្នកផ្សេង ទាំងអស់នេះ វា​គ្រាន់តែ​ជា​ទស្សនៈ​របស់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​។ អ្នកក្រ​អាច​រីករាយ​តាម​បែប​អ្នកក្រ ចំណែក​អ្នកមាន​អាច​រក​វិធី​រីករាយ​តាមបែប​អ្នកមាន សំខាន់​ត្រូវ​ចេះ​ពេញចិត្ត​អ្វី​ដែល​កំពុង​កាន់​ក្នុង​ដៃ​៕
ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *

shares