វាសនាមនុស្សមើលមិនឃើញមែន!! អ្នកស្នងមរតកផ្ទះ តម្លៃ១០លានដុល្លារ បែរជាធ្លាក់ខ្លួនដើរដេកតាមសួន ព្រោះតែ…
អ្នកកសស្រី Marianne Friedman-Foote ជាជនជាតិអាមេរិក បានចំណាយពេលស្ទើររាល់យប់ដេកតាមសួន Central Park ទីក្រុងញ៉ូវយ៉ក ជាមួយបង្វេចតាមខខ្លួន នៅមិនឆ្ងាយប៉ុន្មានពីផ្ទះល្វែង Park Avenue តម្លៃ១០លានដុល្លាររបស់ខ្លួន ដែលបានរស់នៅតាំងពីតូច និងលក់បាត់។
Friedman-Foote អាយុ ៦៣ឆ្នាំ គឺជាអ្នកស្នងមរតក និងជាចៅស្រីរបស់អ្នកកែច្នៃគ្រឿងវាយនភណ្ឌដ៏មានទ្រព្យម្នាក់នៅសង្កាត់ Manhattan។ ប៉ុន្តែពេលម្ដាយរបស់អ្នកស្រីបានលាចាកលោក ទ្រព្យសម្បត្តិរបស់គ្រួសារចេះតែហោចទៅៗ ដោយគ្មានចំណូល។
អ្នកស្រីមិនបានយកទ្រព្យទាំងនោះបើករបររកស៊ីអ្វីទេ តែបានក្លាយជាអ្នកប្រើប្រាស់គ្រឿងញៀន បាក់ទឹកចិត្ត រហូតដល់ខែសីហានេះ អ្នកស្រីត្រូវគេបណ្ដេញចេញពីផ្ទះល្វែង ក្លាយជាជនអនាថាតែម្ដង។
គ្រួសាររបស់អ្នកស្រីធ្លាប់កាន់កាប់អគារផ្ទះល្វែង Art Decoទំហំ ៣៧១ម៉ែត្រការ៉េ ហើយពេលនេះវាមានតម្លៃ ១០លានដុល្លារ។ ប៉ុន្តែលក់បានត្រឹម ៣លានដុល្លារប៉ុណ្ណោះ ពេលម្ដាយរបស់អ្នកស្រីទទួលអនិច្ចកម្ម និងត្រូវចែកទ្រព្យជាមួយប្អូនស្រីម្នាក់ទៀត។
Friedman-Foote បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Boston University ហើយជាគិលានុបដ្ឋាយិកា និងបានរៀបការជាមួយប្ដីទីមួយ ជាបុគ្គលិកភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI តែបានចែកផ្លូវគ្នា ដោយកូនស្រីអាយុ ៣ឆ្នាំទៅតាមប្ដី។
ក្រោយបាត់បង់ម្ដាយ និងដាច់ទំនាក់ទំនងជាមួយប្អូន អ្នកស្រី Friedman-Foote បានក្លាយជាមនុស្សបាក់ទឹកចិត្ត និងញៀនថ្នាំនៅអាយុជាង ៤០ឆ្នាំដោយប្រើប្រាស់ថ្នាំប្រភេទ methadone បួនដងក្នុងមួយសប្ដាហ៍ និងរហូតដល់ពេល៦ឆ្នាំ។
នៅឆ្នាំ ២០០០ អ្នកស្រីបានរៀបការជាមួយប្ដីបច្ចុប្បន្ន គឺលោក Frank អាយុ ៥៩ឆ្នាំជាកម្មករសំណង់ និងបានទិញផ្ទះមួយកន្លែងនៅសង្កាត់ Long Island តែបាត់បង់ទៅវិញអំឡុងវិបត្តិសេដ្ឋកិច្ច រួចបានទៅស្នាក់នៅក្នុងផ្ទះមិត្តភ័ក្ដិទាំងពីរនាក់ប្ដីប្រពន្ធ។ ក្រោយម្ចាស់ផ្ទះល្វែង ដែលជាមិត្តភ័ក្ដិផ្សំផ្គុំអ្នកទាំងពីរបានជួបគ្នាស្លាប់ទៅ សាច់ញាតិរបស់មិត្តភ័ក្ដិនោះ សម្រេចបណ្ដេញប្ដីប្រពន្ធទាំងពីរចេញតែម្ដង។ឥឡូវនេះ ពួកគេសង្ឃឹមថាអាជ្ញាធរក្រុងនឹងស្វែងរកផ្ទះឲ្យពួកគេស្នាក់នៅសមរម្យ បើពុំដូច្នោះទេពួកគេនឹងស្លាប់នារដូវរងាហើយ៕
ប្រភព pressnews