ប្រុសស្អាតបងប្អូនភ្លោះ ក្លែងខ្លួនធ្វើចោរប្លន់ធនាគារ ផ្អើលអស់ក្រុមប៉ូលីស និងប្រជាពលរដ្ឋគិតថាសប្បាយ ចុងក្រោយក្អួតឈាម…
នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០ គេហទំព័រ Los Angeles Times បានចុះផ្សាយថា អំពីយុវជន ២នាក់ ឈ្មោះថា Alan និង Alex Stoke អាយុ២៣ឆ្នាំ ពួកគេជាបងប្អូនភ្លោះ មានអាជីពជា យូថូបបឺរ (Youtuber) រស់នៅទីក្រុង Irvine រដ្ឋកាលីហ្វ័រញ៉ា។ ពួកគេបានសម្តែងធ្វើពុតជ ប្លន់ធនាគារ ដើម្បីថតជាវីដេអូដាក់ចូល YouTube ដោយសារតែសកម្មភាពរបស់ពួកគេ បានធ្វើឲ្យផ្អើលអស់ប្រជាពលរដ្ឋ រួមទាំងប៉ូលីសផងដែរ។
Alan និង Alex ត្រូវបានចាប់ចោទពីការសាងបទឧក្រិដ្ឋក្លែងក្លាយ ការបោកប្រាស់ និងគំរាមកំហែង បង្កឲ្យមានការភិតភ័យ នៅទីសាធារណៈ និងការចោទប្រកាន់មួយករណីពីបទបង្កើតពត៌មានក្លែងក្លាយ ធ្វើឲ្យប៉ះពាល់ដល់ក្រុមប៉ូលីស។
ទាក់ទងនឹងឧប្បត្តិហេតុមួយនេះ ដែលបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ពួកគេទាំង២ បានពាក់ឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ពេលពាក់ម៉ាសបិទមុខឡើងជិត ហើយនៅដៃរបស់ពួកគេកាន់កាបូបដែលមានលុយពេញ ធ្វើពុតហាក់ដូចជាទើបតែប្លន់ធនាគាររួចដោយមានមនុស្សម្នាក់ចាំកាន់កាម៉េរ៉ាតាមថត។
តាមពិតវាជាឈុតឆាកសម្តែងដែលពួកគេរៀបចំឡើងសម្រាប់បង្ហោះលើ YouTube តែប៉ុណ្ណោះ។ តំបូងឡើយហេតុការណ៍នេះ មិនទាន់ជាបង្កការភ្ញាក់ផ្អើលខ្លាំងទេ តែអ្វីដែលខ្លាំង គឺនៅពេលដែល ពួកគេហៅរថយន្ត Uber មកជិះ។ អ្នកបើកឡាន Uber គិតថាពួកគេ គឺជាចោរប្លន់ពិតប្រាកដ គាត់ក៏បានបដិសេធមិនដឹកពួកគេ។ ដោយឡែកអ្នកដំណើរដែលឆ្លងកាត់ទីនោះ បានឃើញ Alan និង Alex កំពុងតែកាន់កាំភ្លើង ភ្ជង់អ្នកបើកបរពួកគេគ៏គិតថា បងប្អូនកូនភ្លោះ ២នាក់នោះ កំពុងព្យាយាមប្លន់យករថយន្ត Uber ពួកគេក៏បានរាយការណ៍ទៅប្រាប់ប៉ូលីសឲ្យមកធ្វើអន្តរាគមន៍។
ពេលប៉ូលីសមកដល់កន្លែងកើតហេតុ ពួកគេក៏បានដឹងការពិតថា ជាការរៀបចំឆាកសម្តែងជាចោរប្លន់ធនាគារតែប៉ុណ្ណោះ ដូច្នេះប៉ូលីសគ្រាន់តែព្រមាន និងដោះលែងបងប្អូនទាំង២ នោះទៅ។
ប៉ុន្តែពួកគេដូចជាមិនរាងចាលនឹងការព្រមាននោះទេ ៤ម៉ោងក្រោយមក ពួកគេបានទៅរៀបចំឆាកសម្តែងដដែល នៅទីធ្លាសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទៀត។ ដោយសារតែសកម្មភាពទាំងនោះ បានសាងភាពភិតភ័យដល់ប្រជាជននៅតំបន់នោះ ដូច្នេះពួកគេក៏បានរាយការណ៍ទៅប៉ូលីសឲ្យមកធ្វើអន្តរាគមន៍ម្តងទៀត។
ចំពោះសកម្មភាពរបស់បងប្អូនភ្លោះ២នាក់ បានសាងឡើង បើទោះជាការសម្តែងដើម្បីទទួលបានប្រិយភាព នៅក្នុងប្រព័ន្ធអីនធឺណេតក៏ដោយ តែពួកគេមិនគួរណាទាញយកជីវិតពិតរបស់ប្រជាពលរដ្ឋ និងប៉ូលីសឲ្យមកចូលរួមសម្តែង ដែលនេះចំជារឿងដែលឆោតល្ងង់មែន។
ទោះយ៉ាងណាបច្ចុប្បន្ន បងប្អូនភ្លោះទាំងពីរ មិនស្ថិតក្នុងការឃុំឃាំងមែនក៏ដោយ ប៉ុន្តែប្រសិនបើតុលាការរកឃើញថាពួកគេពិតជាមានកំហុស ពីបទចោទប្រកាន់ណាមួយ ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៤ឆ្នាំ តាមរយៈការលេងអ្វីដោយខ្វះការពិចារណារបស់គេ៕
ប្រភព sakkarach