ខ្មែរយើងអស្ចារ្យមែន ១០០០​ឆ្នាំ​មុន​ ​ខ្មែរ​មាន​សាកល​វិទ្យាល័យ​ជា​ច្រើន​នៅ​សម័យ​អង្គរ

ប្រាសាទ​តា​ព្រហ្ម​(នៅ​តំបន់​អង្គរ) ពី​សម័យ​អង្គរ​ជា​ព្រះរាជ​វិហារ និង​ជា​សកល​វិទ្យាល័យ។ មឿន ញាណ
នៅ​ពេល​និយាយ​ដល់​សម័យ​អង្គរ​មនុស្ស​រាល់គ្នា​ច្រើនតែ​សំដៅ​ទៅ​វិស័យ​ស្ថាបត្យកម្ម​រីកចម្រើន​ដ៏​កំពូល ដោយសារ​គេ​បាន​មើលឃើញ​ច្បាស់​នឹង​ភ្នែក​ឥត​ប្រកែក​បាន​តាមរយៈ​ការ​បន្សល់​ទុក​នូវ​សំណង់​មហា​ប្រាសាទ​ដ៏​ធំ​បំផុត​នៅ​លើ​ភព​ផែនដី ដែល​បុព្វបុរស​ខ្មែរ​បាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ទេវៈ​នៃ​ព្រហ្មញ្ញ​សាសនា​។

ប៉ុន្តែ​ភ័ស្តុតាង​នេះ​ពិបាក​នឹង​កាត់ផ្តាច់​ពី​ចំណេះ​ដឹង ទេពកោសល្យ ជំនាញ ដែល​ក្រុម​ស្ថាបត្យករ​ទាំងនោះ​ទទួលបាន​ពី​ការសិក្សា​ដ៏​ខ្ពង់ខ្ពស់​ពី​វិស័យ​អប់រំ​នៅ​សម័យអង្គរ​ណាស់ ហើយក៏​កាន់​តែមាន​ទំនាក់ទំនង​យ៉ាងខ្លាំង​អំពី​បញ្ហា​សុខុមាលភាព​សង្គម និង​បញ្ញា​ស្មារតី​របស់​ពួកគាត់​ផងដែរ​។

លោក​បណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ ៖ «​សិលា​ចារឹក​មួយ​ពី​ប្រាសាទ​ភិមាន​អាកាស បាន​សរសេរ​ថា ព្រះ​នាង​ជ័យ​រាជទេវី បាន​រើស​ប្រមូល​ក្មេង​ស្រីៗ ដែល​ក្រីក្រ កំ​ព្រី​កំព្រា ឬ​ខ្លះ​ត្រូវគេ​បោះ​បង់ចោល ឲ្យ​ទៅ​ស្នាក់នៅ​ភូមិ​មួយ​ឈ្មោះ​ធរម្មទេរ ដើម្បី​រៀន​ធម៌អាថ៌រៀន​ទស្សនវិជ្ជា និង​ការអប់រំ​ផ្លូវចិត្ត​»​។​ល​។

កាន់​តែ​ពិស្តារ​ជាង​នេះ​ទៅ​ទៀត​នោះ លោក​បណ្ឌិត ចិន្ត ច័ន្ទ​រតនា ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ និង​ជា​បណ្ឌិត​ផ្នែក​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​សិល្បៈ​អាស៊ី​អាគ្នេយ៍ នៅ​សាកល​វិទ្យាល័យ​ស៊័រ​ប៊ន​ប៉ារីស​ទី៣ (Sorbonne-Nouvelle Paris 3) នៃ​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា​ ៖ «​នៅ​សម័យ​អង្គរ ខ្មែរ​យើង​មាន​សាកល វិទ្យាល័យ​ជាច្រើន​កន្លែង​នៅ​ទីក្រុង​អង្គរ​ដូច​ជា សាកល​វិទ្យាល័យ​នៅ​បរិវេណ​តំបន់​ប្រាសាទ​តាព្រហ្ម ប្រាសាទ​ព្រះ​ខ័ន និង​ប្រាសាទ​នាគព័ន្ធ ជាដើម​»​។

លោក​បន្ត​ថា​ ៖ «​កាល​សម័យ​នោះ​កម្ពុជា ទទួល​បាន​ទាំង​អ្នក​មក​សិក្សា​(សិស្ស​និស្សិត​)​ពី​ប្រទេស​ចិន​ទៀត​ផង​»​។


«​នៅ​បរិវេណ​ប្រាសាទ​តាព្រហ្ម គឺជា​ព្រះរាជ​វិហារ និង​សាកល​វិទ្យាល័យ ដែ​មាន​បង្រៀន​ផ្នែក​អក្សរសាស្ត្រ សិល្បៈ សិល្បសាស្ត្រ ទស្សន​វិជ្ជា និង​សាសនា​ជាដើម ហើយ​ព្រះ​នាង​ឥន្ទ្រ​ទេវី ជា​ព្រះ​រាជអគ្គម​ហេសី​របស់​ព្រះ​មហា​ក្សត្រ​ជ័យវរ្ម័ន​ទី​៧ គឺជា​ប្រធាន មាន​តួនាទី​គ្រប់គ្រង​នៅ​សាកល​វិទ្យាល័យ​នេះ​ផ្ទាល់​តែ​ម្តង​» នេះ​បើតាម​ប្រសាសន៍​របស់​លោក​បណ្ឌិត ច័ន្ទ​រតនា​។ «​បើ​និយាយ​ដល់​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម គ្រប់គ្រង និង​ផ្នែក​ចំណេះ​ដឹង​ទូទៅ​ជាច្រើន​ទៀត គឺ​គេ​សិក្សា​នៅ​ឯ​សាកល​វិទ្យាល័យ ដែល​ស្ថិត​នៅ​បរិវេណ​ប្រាសាទ​ព្រះ​ខ័ន មួយ​កន្លែង​ទៀត​»​។

នៅ​ក្នុង​សម័យ​អង្គរ គឺជា​សម័យ​ដ៏​រុងរឿង​អស្ចារ្យ​គ្រប់​វិស័យ​ទាំងអស់ គឺ​ទាំង​ផ្នែក​រូបវន្ត ដូចជា ផ្នែក​នគរូបនីយកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្ពាន​​ថ្នល់​ និង​ការ​គ្រប់គ្រង​ បញ្ញា​ស្មារតី និង​ខុមាល​ភាព​សង្គម​ផង​ដែរ​។ «និយាយ​ដល់​ផ្នែក​សុខភាព​វិញ កម្ពុជា​មាន​សាកល​វិទ្យាល័យ​ផ្នែក​សុខុមាលភាព ឬ​សុខាភិបាល (អរោគ​សាស្ត្រ​) ដ៏​អស្ចារ្យ​មួយ​នៅឯ​ប្រាសាទ​នាគព័ន្ធ​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត ចិន្ត ច័ន្ទ​រតនា​។

ប្រាសាទ​តា​ព្រហ្ម-ទន្លេ​បាទី ទំនង​ជា​អរោគ​សាលា និង​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ពី​សម័យ​អង្គរ។ មឿន ញាណ
ស្រដៀង​គ្នា​ទៅ​នឹង​អំណះ​អំណាង​ខាង​លើ​ពី​ផ្នែក​បុរាណវិទ្យា លោក​ឱសថ​បណ្ឌិត ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​នៃ​សហគ្រាស​ផលិត​ឱសថ PPM (​ប៉េ​ប៉េអឹម​) និង​ជា​អ្នកដឹកនាំ​បន្តវេន​ការផលិត​ថ្នាំ​គីណាល់ (KINAL) ដែល​បាន​បង្កើតឡើង​ដោយ​ឱសថការី​ខ្មែរ​ឈ្មោះ កុក សុខ​គីម តាំងពីដើម​ទសវត្សរ៍​១៩៦០ ដោយ​បន្ត​ប្រើប្រាស់​រហូតដល់​បច្ចុប្បន្ន​នេះ ក៏​ធ្លាប់បាន​ថ្លែង​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ទាំង​នេះដែរ​។

លោក​ឱសថ​បណ្ឌិត បានផ្តល់​បទសម្ភាស​​ថា៖ «​ទាក់ទង​ទៅនឹង​ផ្នែក​ឱសថ​សាស្ត្រ​ វិញ គ្រូពេទ្យ​ខ្មែរ​ពី​សម័យ​បុរាណ ដែល​នៅតែ​បន្ត​រក្សា​តួនាទី​រហូតដល់​បច្ចុប្បន្ន​នេះ​តាម​រយៈ​គ្រូ​ផ្សំ​ថ្នាំ​ឱសថ​បុរាណ ឬ​គេ​ស្គាល់​ថា “​គ្រូ​ខ្មែរ​”​នោះអី​» ក៏​ពុំមែន​ពួកគាត់​ចេះ​តែ​តាំងខ្លួន​ធ្វើជា​គ្រូហ្ម​នោះទេ គឺ​យ៉ាង​ហោច​ណាស់​ពួក​គាត់​បាន​បន្តវេន​រៀនសូត្រ​តៗ​គ្នា​ពី​បុព្វការី​ជន​របស់ខ្លួន​ខ្លះៗ​ជា ពុំខាន​។


លោក​ឱសថ​បណ្ឌិត លី​អ៊ាង បាន​បញ្ញាក់​ថា​៖ «​សម័យ​អង្គរ​ពិតជា​មាន​អ្នក​ផ្សំ​ឱសថ​បុរាណ​ចំណានៗ ឬ​គ្រូពេទ្យ​បុរាណ ឬ​គ្រូ​ខ្មែរ នេះ​ច្រើន​នាក់​ណាស់ ដែល​បច្ចុប្បន្ន​យើង​ហៅថា “​ឱសថការី ឬ​ឱសថ​សាស្ត្រ​”»​។

លោក លីអ៊ាង បន្តថា ព្រៃឈើ​នៅក្នុង​ «​ឧទ្យាន​នានា​នៃ​តំបន់​អង្គរ​​នោះ គេ​បាន​ដាំ​ដុះ​ពោរពេញ​ទៅដោយ​រុក្ខជាតិ​ឱសថ​ជាច្រើន​ប្រភេទ​ណាស់ [​ដូចជា ដើម​ញ ឈើអែម ឈើភ្លើង វល្លិ៍​ប្រេង ស្មៅ​ក្បាលរុយ​។​ល​។​] ពួកគាត់​[​គ្រូ​ពេទ្យ​បុរាណ​]​ទាំងនោះ បាន​សិក្សា​ស្វែងយល់ ស្គាល់​យ៉ាងច្បាស់​អំពី​គុណ​ជាតិ​នៃ​រុក្ខជាតិ​នីមួយៗ ដើម្បី​យកមក​ផ្សំ​ជា​ថ្នាំសង្កូវ​សម្រាប់ព្យាបាល​រោគ​បាន​យ៉ាង​ស័ក្តិ​សិទ្ធិ»​។ លោក​បន្តថា គ្រូពេទ្យ​បុរាណ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ពួកគាត់​បង្រៀន​តៗ​គ្នា «ពួក​គាត់​រៀន​ទាំង​នៅតាម​ភូមិស្ថាន និង​រៀន​ផ្ទាល់​នៅតាម​ទីតាំង ឬ​សួន​ដាំ​រុក្ខ​ឱសថ​តែម្តង​»​។

អ្នក​ឯកទេស​ខាង​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ា​ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ បង្រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញា​​សាស្ត្រ​កម្ពុជា បាន​ថ្លែងថា​ ៖ «នៅ​សម័យអង្គរ​ ក្រៅ​អំពី​សំណង់​ប្រាសាទធំៗ​រាប់ពាន់​នោះ គឺ​នៅ​មាន​សំណង់​របៀប​ជា​ធម្មសាលា និង​អរោគសាលា ជាច្រើន​រយ​ទីតាំង​ទៀត នៅ​រាយប៉ាយ​តាម​បណ្តា​ខេត្ត​ខណ្ឌ​នានា​ពាសពេញ​អតីត​ដែនដី​ចក្រភព​អង្គរ​»​។ ទីតាំង​អរោគ​សាលា​ខ្លះ​មិនមែន​ត្រឹមតែ​ដើរតួនាទី​ជា អរោគមន្ទីរ​(មន្ទីរពេទ្យ​)​សម្រាប់​ព្យាបាល​រោគ ថែទាំ​អ្នកមាន​ជំងឺ និង​ជា​កន្លែង​ផលិត​ឱសថ​នោះទេ តែ​តាម​ទីតាំង​ខ្លះ​ក៏​ជា​សាលារៀន​ដែរ»​។

«​បន្ថែម​លើសពីនេះ​អរោគសាលា​មួយចំនួនធំ​នោះ បាន​បំពេញ​តួនាទី​ជា​កន្លែង​ផ្ទេរ ផ្តល់​ចំណេះដឹង ឬអ្វី​ដែល​យើង​ហៅថា “​រៀន​”​ហ្នឹងឯង គឺ​តាមរយៈ​ការ​ហាត់​រៀន​អំពី​វិធីសាស្ត្រ​ប្រើប្រាស់​ឱសថ​បុរាណ ថែទាំ និង​ចេះ​ធ្វើ​រោគវិនិច្ឆ័យ ជូន​ជន​ទូទៅ​បាន​យ៉ាង​ប្រសើរ​» នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក សំបូរ ម៉ាណារ៉ា​។

​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ សាស្ត្រាចារ្យ​បុរាណវិទ្យា និង​ជា​អ្នក​ជំនាញ​ផ្នែក​អារ្យធម៌​ខ្មែរ ធ្លាប់បាន​ធ្វើការ​ព្យ​ល់​ថា នៅ​តំបន់​ប្រាសាទ​តាព្រហ្ម​(​ទន្លេបាទី​) គឺ​«​យើង​ឃើញ​ត្រឹមតែ​ជា​សំណង់​ប្រាសាទ ជាទី​សក្ការៈ​»​សម្រាប់​ព្រហ្មញ្ញ​សាសានា ក្រោយ​មក​សម្រាប់​ព្រះពុទ្ធ​សាសនា​ជា​បន្ត​បន្ទាប់​។ ប៉ុន្តែ​ប្រាសាទ​នេះ គឺជា​«​អរោគសាលា ដ៏​ធំ​នៅ​តំបន់​នោះ និង​ក៏​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ផង​ដែរ​»៕

 

 

 

 

 

 

 

ប្រភព wearekhmer

Leave a Reply

Your email address will not be published. Required fields are marked *

shares