ទម្រាំតែដឹងខ្លួនអ្វីៗហួសពេលអស់ សេដ្ឋីវ័យក្មេងម្នាក់ធ្លាក់ខ្លួនក្រ ដោយសារការចាយវាយមិនបានត្រឹមត្រូវ ចុងក្រោយក៏ភ្ញាក់ខ្លួន…

ធ្លាប់តែមានជីវិតសម្បូរបែបហឺហា ជិះឡានសេរីទំនើបហូបអាហារក្នុងហាងមានតម្លៃថ្លៃកប់ពពក ប៉ុន្តែត្រូវធ្លាក់ខ្លួនក្រដុនដាបដោយសារការចាយវាយខ្ជះខ្ជាយមិនបានត្រឹមត្រូវ ចុងក្រោយក៏ភ្ញាក់ខ្លួនដឹងកំហុស។
នេះជារឿងពិតរបស់សេដ្ឋីវ័យក្មេងម្នាក់! រស់នៅប្រទេសចិន ឈ្មោះលីងជឺ អាយុ២៩ឆ្នាំ ដែលមានប្រពន្ធម្នាក់ឈ្មោះថា សៀវជីង អាយុ២៦ឆ្នាំ សព្វថ្ងៃពួកគេទាំង២នាក់ប្តីប្រពន្ធរស់នៅខេត្តបាយយិន(Baiyin) ប្រកបមុខរបរលក់មាស ការលក់ដូររបស់សេដ្ឋីរូបនេះទទួលបានភាពកាក់កបដោយសារប្រពន្ធរបស់គេចេះសន្សំទុកដាក់លុយមិនចាយវាយផ្តេសផ្តាសនិងមិនខ្ជះខ្ជាយដូចប្តីរបស់នាងឡើយ។ កាលដើមឡើយសេដ្ឋីរូបនេះប្រកបរបរលក់ដូរមាសបន្កិចតែប៉ុណ្ណោះតែដោយសារមួយរយ:ក្រោយមកមាសរបស់សេដ្ឋីរូបនេះក៏ទទួលបានតម្លៃថ្លៃខុសពីធម្មតាដោយក្នុងនោះមាសមួយតំឡឹងទទួលបានប្រាក់មួយគុណជាប្រាំ! ក្នុងឲកាសដ៏សែនល្អនោះសេដ្ឋីក៏បានឈ្លាតឲកាសទិញមាសបន្ថែមជាច្រើនដើម្បីយកមកលក់បន្ត! មិនយូរប៉ុន្មានបុរសរូបនេះក៏បានក្លាយខ្លួនជាសេដ្ឋីនិងបានផ្លាស់ប្តូរទីតាំងរស់នៅមកបោះទីតាំងថ្មីនៅទីក្រុងយូរហ្សុង(Yu Zhong) ដោយទីក្រុងនោះឆ្ងាយពីកន្លែងទិញមាសរាប់រយគីឡូម៉ែត្រ។ រំលងបានមួយខែផុតទៅការលក់ដូរកាន់តែកាក់កបខ្លាំងទៅៗ កំណើនតម្រូវការរបស់អតិថិជនកាន់តែច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យសេដ្ធីរូបនេះទទួលបានលុយជាច្រើនគេក៏បានផ្លាស់ប្តូរខ្លួនគេពីមួយថ្ងៃទៅមួយថ្ងៃដោយគេបានយកលុយដែលរកបានជាច្រើនទៅទិញសម្លៀកបំពាក់ រថយន្តថ្លៃៗ និងញាំអាហារក្នុងភោជនីដ្ឋានដែលមានតម្លៃថ្លៃកប់ពពក ប្រពន្ធរបស់សេដ្ឋីឃើញទង្វើររបស់សេដ្ឋីបែបនេះនាងក៏បានហាមប្រាណនិងទូន្មានសេដ្ឋីប៉ុន្តែអ្វីដែលនាងទទួលបានមកវិញពីសេដ្ឋីគឺពាក្យសម្តីស្តីឲ្យនាងយ៉ាងគម្រោះគម្រើយ។ សៀវជីងនាងមានការខ្លោចចិត្តអាណិតប្តីនាងជាខ្លាំងពេលឃើញប្តីនាងធ្វើទង្វើរបែបនេះនិងការចាយវាយលុយដោយគ្មានការគិត!

មួយអាទិត្យក្រោយមកមាសក៏បានលក់អស់ពីឃ្លាំងលុយក៏ចាប់ផ្តើមអស់បណ្តើរៗ សេដ្ឋីក៏បានប្រមូលលុយដែលនៅសល់ទាំងប៉ុន្មានដើម្បីយកទៅទិញមាស គេក៏បានរៀបចំអីវ៉ាន់ធ្វើដំណើរដោយបើករថយន្តសេរីទំនើបដែលគេទើបទិញនោះដើម្បីដឹកមាសយកមកលក់ ដោយក្នុងនោះគេបានយកបុគ្គលិកដែលចិត្តស្និតបំផុតទៅជាមួយដែលដោយបានបើកឡាន២គ្រឿង លុះពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ ពួកគេទាំង២នាក់ក៏បានឈប់សម្រាកចូលហូបអីនៅក្នុងហាងមួយកន្លែង ពេលចូលទៅដល់ក្នុងហាង អ្នករត់តុនៅទីនោះក៏បានសួរទៅសេដ្ឋីថាត្រូវការកម្មង់អ្វីដែល? សេដ្ឋីក៏បានចេញចរិតក្រអឺតក្រទមដោយបានប្រាប់ទៅអ្នករត់តុនោះថាម្ហូបនៅទីនេះមានប៉ុន្មានដាក់មកទាំងអស់មក ភ្លាមនោះបុគ្គលិកដែលមកជាមួយសេដ្ឋីនោះក៏បានសួរទៅសេដ្ឋីថាម្ហូបច្រើនយ៉ាងនេះយើងហូបអស់ដែលអីលោកសេដ្ឋី? រួចអ្នកបម្រើក៏បានសួរបែបនិងដូចគ្នា សេដ្ឋីឮហើយខឹងនិងបុគ្គលិកនិងអ្នករត់តុនោះជាខ្លាំង រួចក៏បានតបទៅបុគ្គលិកដែលមកជាមួយថា អែងនៅជាមួយយើងយូរហើយមិនដឹងទេអី? នៅឲ្យស្ងៀមទៅកុំធ្វើឲ្យយើងខ្មាស់គេអី! រួចសេដ្ឋីបានស្តីឲ្យអ្នករត់តុនោះថាអែងលក់ឬអត់? អ្នករត់តុក៏បានប្រាប់ថាខ្ញុំលក់ប៉ុន្តខ្ញុំមិនចង់ឲ្យលោកហូបខ្ជះខ្ជាយទេ! សេដ្ឋីឮហើយខឹងនិងអ្នករត់តុនោះជាខ្លាំង រួចបានស្រែកសំឡុតដាក់អ្នករត់តុនោះថា ឆាប់យកម្ហូបមកទាំងអស់ភ្លាម!យើងមានលុយយើងចង់ហៅប៉ុន្មានក៏បានដែរ! អ្នករត់តុឮហើយមិនហ៊ានប្រកែករួចក៏បានដើរទៅលើកម្ហូបជាច្រើនយកមកឲ្យថៅកែនោះ! ទង្វើរក្រអឺតក្រទមនិងពាក្យសម្តីក្អេងក្អាងរបស់សេដ្ឋីបានលិចឮដល់ក្រុមចោរលាក់មុខមួយក្រុមដែលអង្គុយក្បែរនោះបានធ្វើឲ្យពួកគមានការសប្បាយចិត្តជាខ្លាំងព្រោះផ្លន់ប៉ះសុទ្ធតែសេដ្ឋី ពួកគេក៏បានឲ្យកូនចៅចេញរៀបដាក់អន្ទាក់សេដ្ឋីនោះដោយឲ្យកូនចៅយកកម្រាលដែកគោលក្រាលនៅលើថ្នល់នៅពេលដែលសេដ្ឋីធ្វើដំណើររួចនិងយកកាំភ្លើងភ្ជង់ផ្លន់នៅពេលដែលឡានសេដ្ឋីនោះបែកកង់ គិតហើយមេចោរនោះក៏បានចេញប្រតិប្បត្តិការណ៍ ចំណែកសេដ្ឋីវិញកំពុងហូបអាហារជាច្រើនមុខដែលគេបានកម្មង់ជាមួយបុគ្គលិកនោះក្រោយពេលហូបឆ្អែតបុគ្គលិកនោះក៏បានសួរទៅសេដ្ឋីថាម្ហូបសល់ច្រើនយ៉ាងនេះយើងខ្ចប់ទុកហូបតាមផ្លូវទៅលោកសេដ្ឋី! សេដ្ឋីបដិសេដមិនយល់ព្រមរួចបាននិយាយប្រាប់ទៅបុគ្គលិកនោះថាអែងនៅជាមួយយើងយូរហើយធ្វើដូចមិនដឹង បានហើយរៀបចំខ្លួនទៅកុំធ្វើឲ្យយើងខ្មាស់គេអី! និយាយរួចសេដ្ឋីក៏បានហៅអ្នករត់តុមកគិតលុយ ពេលរៀបចំរួចរាល់សេដ្ឋីក៏បានដើរចេញពីហាងនោះប៉ុន្តែបុគ្គលិករបស់សេដ្ឋីនោះបានប្រាប់ថាសុំចូលបន្ទប់ទឹកមួយភ្លេត! សេដ្ឋីក៏យល់ព្រមរួចបានដើរចូលទៅក្នុងឡានបាត់ទៅ ឈ្លាតឲកាសបុគ្គលិកនោះក៏បានខ្ចប់នំប៉ាវដែលនៅសល់លើតុនោះចំនួន៤ដាក់ចូលទៅក្នុងអាវក្រៅរបស់គេ រួចក៏បានដើរចេញពីហាងចូលឡានដើម្បីធ្វើដំណើរបន្តជាមួយថៅកែនោះ។ ពេលធ្វើដំណើរតាមផ្លូវមេឃក៏ចាប់ផ្តើមជិតងងឹត! តាមផ្លូវក៏ស្ងាត់ឮតែសម្លេងសត្វយំ!

លុះជិះបានយូរបន្តិចស្រាប់តែបែកកង់ឡានទាំងសងខាងវេពេញផ្លូវថៅកែឆ្ងល់យ៉ាងខ្លាំងរួចក៏បានឈប់ឡានសួរបុគ្គលិកថាតើឡានអែងបែកកង់ដែរឬទេ?បុគ្គលិកក៏បានចេញពីឡានបម្រុងមកសួរថៅកែដូចគ្នាស្រាប់តែក្រុមចោរដែលនៅក្នុងហាងថ្ងៃមិញនោះបានចេញមកភ្ជុងពួកគេទាំងពីរ ឃើញស្ថានភាពបែបនេះបុគ្គលិកនោះក៏បានទាញដៃថៅកែរត់គេចចូលព្រៃបាត់ទៅ ដោយចោលឡាននិងលុយជាច្រើននៅក្នុងនោះ រត់ចុះរត់ឡើងពួកគេទាំង២នាក់ក៏បានផុងជើងជាប់ក្នុងរណ្តៅព្រានព្រៃសម្រាប់ដាក់អន្ទាក់សត្វ លុះមេឃចាប់ផ្តើមងងឹតបុគ្គលិកនោះក៏ចាប់ផ្តើមបង្កាត់ភ្លើងក្នុងរណ្តៅនោះនឹងកំទិចស្លឹកឈឺដែលបានធ្លាក់ចូលរណ្តៅ! វេលាកាន់តែយប់ជ្រៅក្រពះសេដ្ឋីក៏បានធ្វើទុកបុគ្គលិកឃើញបែបនោះក៏បានដកនំប៉ាវចេញពីអាវដែលគេបានលួចច្រកនៅក្នុងហាងកាលពីថ្ងៃមិញនោះយកមកឲ្យសេដ្ឋីហូប ពេលនោះសេដ្ឋីក៏បានសួរទៅបុគ្គលិកនោះថាតើអែងបាននំប៉ាវនេះមកពីណា បុគ្គលិកនោះក៏បានប្រាប់ថានំប៉ាវនោះគឺជាម្ហូបដែលលោកសេដ្ឋីហូបសល់ខ្ញុំឃើញនៅល្អៗក៏បានលួចច្រកយកមកតាមខ្លួនពេលនោះសេដ្ឋីក៏បានដឹងខ្លួនថាទោះជាគេមានលុយច្រើនកប់ពពកយ៉ាងណាក៏មិនអាចទិញអាហារបានដូចពេលនេះដែរសេដ្ឋីបានរៀនពីមេរៀនមួយដ៏ជូរចត់។ ព្រឹកស្អែកក៏មានអ្នកភូមិធ្វើដំណើរឆ្លងកាត់ គេក៏បានប្រទះឃើញរួចគេក៏បានហៅកម្លាំងមកជួយនាក់ទាំង២ចេញរណ្តៅព្រានព្រៃនោះរួចគេក៏បាននាំសេដ្ឋីទៅក្នុងផ្ទះរបស់គេដើម្បីទំនាក់ទំនងហៅសាច់ញាតិមកយក ពេលទៅដល់ផ្ទះរបស់អ្នកភូមិសេដ្ឋីបានខលទៅប្រពន្ធរៀបរាប់ដំណើររឿងប្រាប់ប្រពន្ធទាំងទឹកភ្នែក ប្រពន្ធឮហើយអាណិតប្តីជាខ្លាំងរួចក៏បានបើកឡានទៅកន្លែងដែលប្តីនាងកំពុងនៅនោះ! និងយកលុយទៅមួយចំនួនធំដើម្បីហូបចុកនិងជូនអ្នកភូមិនោះខ្លះៗ។ ៣ម៉ោងកន្លងផុតទៅប្រពន្ធរបស់សេដ្ឋីក៏បានទៅដល់កន្លែងដែលសេដ្ឋីកំពុងនៅ រួចនាងក៏បានធ្វើការអរគុណនិងសំនិតសំនាលជាមួយអ្នកភូមិនោះរួចក៏បានជូនលុយមួយចំនួនទៅនាក់ភូមិនោះ! បន្ទាប់មកនាងក៏បាននាំប្តីនិងបុគ្គលិកទៅផ្ទះ។ ចាប់ពីថ្ងៃនោះមកសេដ្ឋីក៏ឈប់ធ្វើចរិកក្រអឺតក្រទមដាក់នរណាម្នាក់ទៀតហើយរួចក៏បានយកបុគ្កលិកនោះធ្វើជាមិត្តជិតស្និតនិងចាប់ផ្តើមរកសីុជាមួយគ្នាសារជាថ្មី។
តម្លៃអប់រំនៃរឿងនេះ: គេបានឲ្យយើងដឹងថាទោះបីជាយើងមានកប់ពពកប៉ុណ្ណាក៏ដោយយើងត្រូវរៀនបន្ទាបខ្លួននិងឲ្យតម្លៃមនុស្សដែលនៅជុំវិញខ្លួនមិនថាគេនៅចំណុចណាទេ និងគេចង់ឲ្យយើងធ្វើអ្វីមួយកុំមើលស្រាលអ្នកដ៏ទៃនិងហូបអាហារមិនខ្ជះខ្ជាយដូចដែលរឿងខាងលើដែលសេដ្ឋីបានធ្វើ។
អត្ថបទដោយ រ៉ាណុត

Leave a Reply

Your email address will not be published. Required fields are marked *

shares