ទីបំផុត! ចោរអុំទូកទៅលួចផ្លែស្វាយ… ជាប់គុកបានសម្រេចហើយ…

ខេត្តកណ្តាល ៖ នៅទីបំផុត ជនសង្ស័យដែលអុំទូកទៅលួចបេះផ្លែស្វាយគេ កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចចម្ការស្វាយ ឈ្មោះស៊ុនសុខណា ភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយ។


ជនសង្ស័យដែលអុំទូកទៅលួចបេះផ្លែស្វាយគេនោះ មានឈ្មោះទន់ វី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ(ឃាត់ខ្លួន) ។ ដកហូត ទូកឈើ១គ្រឿង ប្រវែង៧.៨០ម៉ែត្រ ទទឹង១ម៉ែត្រ (មានច្រវា១ ចែវ១) , ផ្លែស្វាយចំនួ២៤ផ្លែ , ទូរស័ព្ទអិនចុចពិលពណ៌ខ្មៅ ១គ្រឿង និងពិលពាក់ក្បាល១។ ចំណែក ជនរងគ្រោះ ជាម្ចាស់ចម្ការស្វាយ មានឈ្មោះ ស៊ុន សុខណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមាន ទីលំនៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោងដូចខាងលើជនរងគ្រោះបានទៅចាំឃ្លាំមើលចោរលួចបេះផ្លែស្វាយ ។ ពេលនោះបានឃើញជន សង្ស័យជិះទូកដោយមានពិលពាក់នៅក្បាលសំដៅមកចំការស្វាយរបស់ខ្លួន(ជនរងគ្រោះ) រួចធ្វើសកម្មភាពបេះផ្លែស្វាយយកទៅដាក់លើទូក ពេលនោះ ជនរងគ្រោះបានស្ទុះទៅចាប់យកផ្លែស្វាយដាក់លើទូក រួចអុំទូកមកផ្ទះនិងបានទៅប្រាប់ឪពុកជនសង្ស័យថា កូនពូឯងលួចបេះស្វាយខ្ញុំ បន្ទាប់មកក៏បានទៅរាយការណ៍ប្រាប់លោកមេភូមិ ។ លុះដល់ថ្ងៃទីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ និង១០នាទី ជនរងគ្រោះបានមកប្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកប៉ុស្តិដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចបេះស្វាយ របស់ជនរងគ្រោះប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពលួចបេះផ្លែស្វាយប្រជាពលរដ្ឋក្នុងភូមិកោះតេជោប្រហែលជាង២០ លើកមកហើយ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ។ ជនសង្ស័យរួម និងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី។

លោកទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីលួចស្វាយខាងលើនេះ ត្រូវបានលោកស្រី ឈួន សុធា ព្រះរាជអាជ្ញាររងសម្រេចធ្វើការចោទប្រកាន់ពីបទ អំពើលួចតាមមាត្រា៣៥៣,៣៥៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ កញ្ញា វេលាម៉ោង២១និង៣០នាទី ហើយលោកហេង ផល្លារ ចៅក្រមស៊ើបសួរសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន៕

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *