ជ្រុះបាត់ចិញ្ចៀនពេជ្រភ្ជាប់ពាក្យ អស់រយៈជាង ១៣ឆ្នាំ សូម្បីលោកតាក៏មិនដឹងដែរ ព្រោះលោកយាយ… (មានវីដេអូ)

លោកយាយចំណាស់វ័យ ៨៤ឆ្នាំម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញចិញ្ចៀនភ្ជាប់ពាក្យ ដែលបានបាត់ទៅអស់រយៈពេលរាប់សិបឆ្នាំមកហើយនោះ បែរជានៅជាប់នឹងផ្លែការ៉ុតក្នុងកសិដ្ឋានដាំដុះទៅវិញ។

លោកយាយ Mary Gram រស់នៅតំបន់ Alberta ភាគខាងលិចប្រទេសកាណាដា បានធ្វើបាត់ចិញ្ចៀនពេជ្រប្រចាំចិត្ត នៅពេលគាត់កំពុងជម្រះស្មៅ នៅទីធ្លាសួនច្បារបរិវេណជុំវិញផ្ទះ កាលពីឆ្នាំ២០០៤ បើគិតមកទល់ពេលនេះ អស់រយៈពេល១៣ឆ្នាំមកហើយ។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ កាលពីដើមសប្តាហ៍កន្លងទៅ កូនប្រសារស្រីរបស់លោកយាយ Mary ឈ្មោះថា Colleen Daley បានទៅដកដំណាំការ៉ុតនៅចំការក្រោយផ្ទះ ក៏ស្រាប់តែប្រទះឃើញចិញ្ចៀនពេជ្រមួយវង់ ដែលបានបាត់ទៅអស់រយៈពេលរាប់សិបឆ្នាំនោះ ជាប់នៅនឹងពាក់កណ្តាលនៃផ្លែការ៉ុតទៅវិញ។

កូនប្រសារស្រីរបស់លោកយាយ Mary ឈ្មោះថា Colleen Daley បានទៅដកដំណាំការ៉ុតនៅឯចំការក្រោយផ្ទះ ក៏ស្រាប់តែប្រទះឃើញចិញ្ចៀនពេជ្រមួយវង់ ដែលបានបាត់ទៅអស់រយៈពេលរាប់សិបឆ្នាំនោះ ជាប់នៅនឹងពាក់កណ្តាលផ្លែការ៉ុតទៅវិញ


កូនប្រសារស្រីរបស់លោកយាយ Mary នាង Colleen Daley បាននិយាយថា «ខ្ញុំដឹងថាចិញ្ចៀនមួយវង់នេះ អាចជាកម្មសិទ្ធិរបស់លោកយាយ ឬជារបស់ម្តាយខ្ញុំ (Mary) ពីព្រោះនៅទីនេះគ្មានមនុស្សស្រីឯណាផ្សេងទៀតរស់នៅ ក្រៅពីពួកគាត់ឡើយ។ ប្រសិនបើអ្នកក្រឡេកមើលផ្លែការ៉ុតនេះវិញ វាដុះលូតចេញមកឡើងល្អ កោតតែចិញ្ចៀនអាចជ្រែកនៅកណ្តាលវាកើត។ ខ្ញុំពិតជាមិនដែលឃើញបែបនេះពីមុនមកសោះ។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់!» ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Mary មានចិញ្ចៀននេះពាក់ តាំងតែពីក្នុងឆ្នាំ១៩៥១ (ពេលដែលគាត់នៅអាយុ១៨ឆ្នាំ) មកម្ល៉េះ។ ពោលគឺ ១ឆ្នាំមុនពេលលោកយាយរៀបការ ជាមួយស្វាមីឈ្មោះថាលោកតា Norman ។ ហើយចាប់តាំងពីថ្ងៃដែលលោកយាយ Mary បានធ្វើបាត់ចិញ្ចៀនភ្ជាប់ពាក្យនោះមក លោកយាយបានលាក់វាទុកជាអាថ៌កំបាំង មិនហ៊ានឲ្យស្វាមីរបស់យាយដឹងឡើយ។

ថ្លែងប្រាប់សារព័ត៌មាន CBC លោកយាយវ័យ៨៤ឆ្នាំ Mary បានមានប្រសាសន៍ឲ្យដឹងថា នៅពេលដែលលោកយាយដឹងខ្លួនថា ធ្វើបាត់ចិញ្ចៀនពេជ្រមួយវង់នោះភ្លាម លោកយាយបានព្យាយាមរកមើលសព្វទីកន្លែង ប៉ុន្តែនៅតែរកមិនឃើញ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ លោកយាយ Mary បានគិតថា ស្វាមីរបស់លោកយាយ ច្បាស់ជាស្រងាកចិត្តមិនខាន ប្រសិនណាបើគាត់ដឹងថា លោកយាយបានធ្វើបាត់ចិញ្ចៀនភ្ជាប់ពាក្យនោះ។ ទើបទីបំផុត លោកយាយក៏បានសម្រេចចិត្ត លាក់បាំងការពិតនិងបានទៅរកទិញចិញ្ចៀន​ មួយវង់ផ្សេងទៀតជំនួស ដែលមានលក្ខណៈស្រដៀងគ្នា ទាំងភិតភ័យក្នុងចិត្តស្ទើរតែមិនហ៊ានពាក់។

លោកយាយ Mary បន្ថែមចុងក្រោយថា «ខ្ញុំនឹងពាក់វាឡើងវិញ (ចិញ្ចៀនដែលបានរកឃើញ) ព្រោះថាវានៅតែត្រូវនឹងដៃរបស់ខ្ញុំ» ។

គួរឲ្យដឹងដែរថា លោកតា Norman ប្តីរបស់លោកយាយ Mary បានស្លាប់ទៅអស់រយៈពេលជាង៥ឆ្នាំមកហើយ គឺក្រោយមួយខែបន្ទាប់ពីលោកតានិងលោកយាយ បានរៀបចំធ្វើខួបអាពាហ៍ពិពាហ៍ទី៦០ កាលពីពេលកន្លងទៅ ៕

ទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *

shares