ស្ទើរមិនគួរឲ្យជឿមែន!!! កុមារីម្នាក់បានបំបែកំណត់ត្រាពិភពលោក ដោយច្រៀង១០២ភាសាខុសៗគ្នា ជាពិសេសច្រៀងបទខ្មែរទៀត (មានវីដេអូ)
ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ ដែលមានអាយុទើប ១២ឆ្នាំ ពិតជាមានសមត្ថភាពដ៏ពិសេសមិននឹកស្មានដល់ ដោយអាចច្រៀងចម្រៀងបានដល់ទៅ ១០២ភាសាយ៉ាងច្បាស់ ក្នុងមួយពេលព្រមគ្នា រហូតបំបែកកំណត់ត្រាពិភពលោក។ ចម្រៀងដែលនាងលើកយកច្រៀង ក៏មានមួយបទជាភាសាខ្មែរយ៉ាងពីរោះក្រអួនក្រអៅគឺ «ខ្ញុំស្រលាញ់ស្រីតូច» ដែលជាសំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាម៊ុត។
ក្មេងស្រីដែលមានសមត្ថភាពដ៏អស្ចារ្យនេះ មានឈ្មោះ Suchetha Satish ជាសិស្សថ្នាក់ទី៧ នៃសាលារៀនឥណ្ឌា នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ នៅក្នុងការប្រារព្ធកម្មវិធីកាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ Suchetha បានច្រៀងចម្រៀងដល់ទៅ ១០២ភាសា បន្តបន្ទាប់គ្នាក្នុងពេលតែមួយ រហូតអាចបំបែកកំណត់ត្រាពិភពលោក ហើយទើបទទួលបានលិខិតបញ្ជាក់កាលពីពេលថ្មីៗនេះ។ នៅក្នុងចំណោម ១០២ភាសា ដែលក្មេងស្រីឥណ្ឌាលើកមកច្រៀង ក៏មានមួយបទជាភាសាខ្មែរគឺ «ខ្ញុំស្រលាញ់ស្រីតូច» ដែលប្រិយមិត្តអាចទស្សនានៅក្នុងវីដេអូខាងក្រោមផុតនៃអត្ថបទ ចាប់ពីនាទីទី 4:25។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Suchetha Satish ចាប់ផ្ដើមច្រៀងនៅម៉ោង ៤:១០នាទីល្ងាច ហើយបន្តរហូតដល់ចប់នៅម៉ោង ១០:៣០យប់ថ្ងៃដដែលដោយគ្មានឈប់សម្រាក។ នាងអស់កម្លាំងយ៉ាងខ្លាំង ក្រោយពេលបញ្ចប់បទចម្រៀងចុងក្រោយ ហើយសរុបរយៈពេលដែលនាងឈរច្រៀងប្រហែលជាង ៦ម៉ោងឯណោះ។ ភាសាដែលនាងលើកយកមកច្រៀង ស្ទើរទាំងអស់ជារបស់ប្រទេសប៉ែកអឺរ៉ុប និងឥណ្ឌាមាន ២៦ភាសា ខណៈភាសាផ្សេងទៀតលាយចម្រុះតាំងពីអាមេរិកឡាទីន រហូតដល់អាស៊ីអាគ្នេយ៍។
អ្នកចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញនាងអាចច្រៀងបានដល់ទៅ ១០២ភាសាជាប់គ្នា ដោយគ្មានការឈប់សម្រាក។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការចូលរួមពីស្មានអគ្គកុងស៊ុលរបស់ប្រទេសឥណ្ឌា ប្រចាំនៅឌូបៃ ព្រមទាំងមន្រ្តីជាច្រើនទៀត ដែលជាកិត្តិយសដល់ប្រទេសក្មេងស្រីនេះ ព្រមទាំងប្រទេសជាតិជាខ្លាំង។ ក្មេងស្រី Suchetha Satish ក៏បានផ្ញើបទចម្រៀងនេះ ដល់នាយករដ្ឋមន្រ្តីឥណ្ឌា Shri Narendra Modi និងនាយករដ្ឋមន្រ្តីប្រទេសអារ៉ាប់រួម HH Sheikh Mohammed Bin Rashid Al Maktoumព្រមទាំងប្រជាជនទាំងអស់នៅលើពិភពលោក។
តាមពិតទៅ ក្មេងស្រីជនជាតិឥណ្ឌារូបនេះ មានសមត្ថភាពពិសេសខាងផ្នែកចម្រៀងតែម្ដង ហើយនាងក៏ពូកែខាងរាំណាស់ដែរ។ នាងបានចាប់ផ្ដើមរៀនតន្រ្តីតាំងពីអាយុ ៤ឆ្នាំ និងធ្លាប់សម្ដែងលើឆាកជាច្រើនទាំងនៅប្រទេសឥណ្ឌា និងនៅប្រទេសអារ៉ាប់រួម។ នាងធ្លាប់ទទួលបានពានរង្វាន់ជាច្រើនទៅលើផ្នែកតន្រ្តីនេះ តាំងពីកុមារមក ដែលកម្រមានអ្នកធ្វើបានដូចណាស់។
ភាសាដែលនាងលើកយកមកច្រៀងទាំង ១០២ភាសា មានទាំងអាល់បានី បេឡារូស ប៊ុលហ្គារី ក្រូអាត ឆេក ហ្សកហ្ស៊ី ហុល្លង់ អេស្តូនី ហ្វាំងឡង់ បារាំង អេស្ប៉ាញ អាល្លឺម៉ង់ ឥណ្ឌា ចិន ជប៉ុន ភាសាខ្មែរ ម៉ាឡេស៊ី វៀតណាម អ៊ុយក្រែន ថៃ ណេប៉ាល់ ស៊ុយអែត ទួរគី ព័រទុយហ្គាល់ អារ៉ាប ក្រិក កាណាដា រុស្ស៊ី កូរ៉េ អង់គ្លេស វែល និងភាសានៃប្រទេសជាច្រើនទៀត។
គួរបញ្ជាក់ថា កំណត់ត្រាច្រៀងបន្តបន្ទាប់បានច្រើនភាសាបំផុត កាលពីមុន ធ្វើបានដោយលោក Kesiraju Srinivas a.k.a Ghazal Srinivas នៅរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា កាលពីឆ្នាំ២០០៨ ដោយច្រៀងបាន ៧៦ភាសា៕ (អត្ថបទ Angkor Fresh ហាមលួចចម្លងដោយគ្មានការអនុញ្ញាត)
ទស្សនាវីដេអូ ដែលនាងច្រៀងបទខ្មែរនៅនាទីទី៤:២៥ ដើម្បីដឹងថាពីរោះយ៉ាងណា៖