ស្មានមិនដល់សោះថា “គ្រាប់ជី” ប្រសើរយ៉ាងនេះចំពោះសុខភាព ទប់ស្កាត់ជំងឺបានជាច្រើន

មនុស្សតិចតួចបំផុតណាស់ ដែលពិសាទឹកជាមួយនឹងគ្រាប់ជី។ នេះ ប្រហែលជាដោយសារពុំទាន់ដឹងអំពីអត្ថប្រយោជន៍ដែលគ្រាប់ជីផ្តល់ឲ្យសម្រាប់សុខភាព។ អ្នកដឹងទេថាគ្រាប់ជីក៏ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែបផងដែរ រាប់តាំងពីសារធាតុសរសៃ ជាតិដែក ប្រូតេអ៊ីន វីតាមីនK ជាពិសេសសារធាតុប្រឆាំងនឹងជាតិពុលជាច្រើនមុខផ្សេងទៀត។ខាងក្រោមនេះលោកអ្នកនឹងបានដឹងអំពីសារៈសំខាន់នៃគ្រាប់ជីចំពោះសុខភាពដែលនឹកស្មានពុំដល់៖

១. ល្អសម្រាប់សក់

វីតាមីនK ដ៏សំបូរបែបទទួលបានពីគ្រាប់ជីជាសារធាតុចិញ្ចឹមយ៉ាងសំខាន់ជំរុញដល់ការលូតលាស់ ជាពិសេសប្រឆាំងនឹងបញ្ហាជ្រុះសក់។ក្នុងនោះមានជាតិដែកដែលជាសារធាតុរ៉ែដ៏សំខាន់បំផុតចំពោះកោសិកាឈាមក្រហម ក្នុងការបំពេញតួនាទីដឹកនាំអុកស៊ីសែននិងសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់កោសិកាសក់ដើម្បីធ្វើការលូតលាស់។

២. ជួយដល់ការសម្រកទម្ងន់

នេះជាសារៈសំខាន់មួយដែលមនុស្សភាគច្រើនចង់បានមិនថាប្រុសឬស្រីនោះទេ គឺ ការសម្រកទម្ងន់។គ្រាប់ជីជាប្រភពនៃសារធាតុសរសៃដែលមិនត្រឹមជាតម្រូវការរបស់ប្រព័ន្ធរំលាយអាហារនោះទេ ជាពិសេសវាធ្វើឲ្យយើងមានអារម្មណ៍មួយឆាប់ឆ្អែត អស់ចំណង់បរិភោគ។ នេះជាកត្តាមួយដ៏សំខាន់ក្នុងការជួយរក្សានូវបរិមាណនៃរបបអាហារប្រចាំថ្ងៃដែលជាចំណុចចូលរួមចំណែកយ៉ាងចំបងក្នុងការសម្រកទម្ងន់។

៣. ជួយកាត់កូលេស្តេរ៉ុលមិនល្អ

គ្រាប់ជីត្រូវបានគេសិក្សាឃើញថាវាចូលរួមចំណែកកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ។សារធាតុកូលេស្តេរ៉ុលមិនល្អអាចតោងនៅតាមជញ្ជាំងសរសៃឈាម ហើយបណ្តាលឲ្យវារួមតូច បាត់បង់ភាពបត់បែន ដែលអាចបង្កហានិភ័យនៃជំងឺក្រិនរឹងសរសៃឈាម។ ជំងឺនេះជាកត្តាបង្កនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង ហើយក៏ដោយសារសារធាតុកូលេស្តេរ៉ុលនៅផ្តុំគ្នាតាមសរសៃឈាម អាចធ្វើឲ្យស្ទះចរន្តឈាមជាពិសេសនៅខួរក្បាលនិងសរសៃឈាមចិញ្ចឹមបេះដូង។

៤. រក្សាសម្ពាធឈាម

ក្រៅពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវសារធាតុកូលេស្តេរ៉ុលមិនល្អហើយនោះ សារធាតុប៉ូតាស្យូមក៏ជាសារធាតុដ៏សំខាន់ក្នុងការជួយរក្សាសម្ពាធឈាមក្នុងកម្រិតធម្មតា ដែលជាកត្តាកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងជំងឺបេះដូង។

៥. ល្អសម្រាប់ភ្នែក

មិនមែនការ៉ុតប៉ុណ្ណោះទេដែលជាអាហារជំនួយភ្នែក គ្រាប់ជីក៏អាចផ្តល់អត្ថប្រយោជន៍ដូចគ្នាដែរ។ វីតាមីន A ដ៏សំបូរបែបក្នុងការ៉ុតអាចរកបានក្នុងគ្រាប់ជីផងដែរ។វីតាមីនA ជាសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលអាចបំផ្លាញកោសិកាភ្នែកយើងបាន។ ដូច្នេះវីតាមីនភ្នែកដ៏សំខាន់មួយនេះមិនត្រឹមជួយរក្សាគុណភាពនៃចក្ខុវិញ្ញាណនោះទេ ជាពិសេសវាជួយការពារប្រឆាំងនឹងបញ្ហាភ្នែកជាច្រើនទៀតផង រាប់តាំងពីជំងឺឡើងទឹកបាយគ្រាប់ភ្នែក និងបញ្ហាខ្សោយភ្នែកជាដើម៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *

shares