ភ្ញាក់ផ្អើល ! ថៅកែផលិតកម្ម KH Promotion ធ្លាក់ខ្លួនមកជួលផ្ទះគេ លក់ភេជ្ជៈ និងអាវភ្លៀង តាមផ្លូវជាតិលេខ១

ភ្នំពេញ៖ កាលពីជាង១០ឆ្នាំមុខ លោកគឹម ហេង គឺជាថៅកែផលិតកម្ម KH Promotion ដ៏ល្បីមួយ ហើយក្រោយមក ស្រាប់តែផលិតកម្មនេះ ត្រូវបានបិទទ្វារទៅវិញ យ៉ាងស្ងៀមស្ងាត រីឯថៅកែ ក៏បានបាត់មុខឈឹងពីក្នុងសិល្បៈ ស្រាប់តែថ្មីៗនេះ លោកគឹម ហេង បានបង្ហោះនៅលើហ្វេសប៊ុកថា ពេលនេះលោកបានទៅជួលផ្ទះគេមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ១ បើកលក់ទឹកសុទ្ធ ភេសជ្ជៈផ្សេងៗ និងអាវភ្លៀង ដើម្បីយកប្រាក់កម្រៃចិញ្ចឹមជីវិត។

លោកគឹម ហេង បានបង្ហោះត្អូញត្អែរលើហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ថា « អតីតកាលជាថៅកែផលិតកម្មភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយ ចំណាយដើមទុនអស់ជាងប្រាំរយដុល្លារ ជួលមុខផ្ទះគេមួយខែមួយរយដុល្លារ មិនដឹងមិចម៉ាទេលោកអើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ១ ហួសបូរីប៉េង ហួត បន្តិចសូមជួយទិញខ្ញុំផង មានលក់ភេសជ្ជគ្រប់មុខ លក់តែរាយទេ អាវភ្លៀង ម៉ាសមុខ ជាពិសេសបងៗប្អូនៗសិល្បៈករ ក្រុមបច្ចេកទេសភាពយន្តដែលស្គាល់ខ្ញុំ ជិះកាត់កុំភ្លេចឈប់ជួយទិញខ្ញុំផង អរគុណមនុស្សអ្នកធ្វើ ទេវតាអ្នកមើល មនុស្សល្អទាំងអស់គ្នា»។

សូមបញ្ជាក់ថា លោកគឹម ហេង គឺជាអតីតថៅកែផលិតកម្ម KH Promotion ដែលជាផលិតកម្មវ័យចំណាស់មួយ ដែលបានបណ្ដុះបណ្ដាលធនធានសិល្បៈចម្រៀងជាច្រើននាក់ ដូចជា សុខ ស្រីនាង , សុខ ពិសី, ហ្សូណូ , ស៊ីសុវត្ថិ ជាដើម ។ តែក្រោយមក ផលិតកម្មនេះក៏បានបិទទ្វារ ដោយមិនដឹងមូលហេតុច្បាស់លាស់ កាលពីជាង១០ឆ្នាំមុន ហើយលោក គឹម ហេង ក៏បានបន្សាត់ខ្លួនចេញពីការងារសិល្បៈតាំងពីពេលនោះរហូតមក៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *