កូនខ្មែរត្រូវដឹង!!! ព្រះ​រាជ​ស្នា​ព្រះហស្ថភាពយន្ត និង​តន្ត្រី​ របស់សម្តេចតាយើង…

ក្រៅពីព្រះរាជកិច្ចដ៏មមាញឹកក្នុងការដឹកនាំប្រទេសកម្ពុជា ទៅកាន់វឌ្ឍនភាព ព្រះបាទនរោត្តម សីហនុ ត្រូវបានប្រជានុរាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គជាមគ្គុទេ្ទសក៍សិល្បៈ(ភាពយន្ត និងតន្ត្រី)ដ៏ឆ្នើមមួយព្រះអង្គផងដែរ។

តាមរយៈឯកសារស្នាព្រះហស្តដែលបន្សល់ទុក និងគេហទំព័រ imdb និង casadei.fr បានឲ្យដឹងថា ព្រះបាទនរោត្តម សីហនុ ព្រះអង្គបានរាជនិពន្ធ ផលិត និងដឹកនាំភាពយន្តប្រមាណជាង ៣០រឿង ដែលភាពយន្តរបស់ព្រះអង្គភាគច្រើនចូលរួមសម្តែងដោយព្រះអង្គផ្ទាល់ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផាទេវី ជាបុត្រី និងព្រះអគ្គមហេសីរបស់ព្រះអង្គ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ។ ក្រៅពីនោះក៏មានការចូលរួមសម្តែងពីតារាភាពយន្តជើងចាស់នៅក្នុង សម័យរបស់ព្រះអង្គផងដែរ។

១-ភាពយន្តដ៏ចំណាស់របស់ព្រះអង្គក្រោមចំណងជើងថា «អប្សរា» បានផលិតឡើងនៅឆ្នាំ១៩៦៦ ភាពយន្តនេះមានរយៈពេល ១៥០នាទីចូលរួមសម្ដែងដោយព្រះនាង បុប្ផា ទេវី តារាសម្ដែង ស័ក្កស៊ី ស្បោង និងសែរាជវង្សជាច្រើនអង្គទៀត។

២-ភាពយន្ត «Ombre sur Angkor» ផលិតឆ្នាំ១៩៦៨ ភាពយន្តនេះជាព្រះរាជនិពន្ធ ដឹកនាំ និងចូលរួមសម្ដែងដោយ សម្ដេចព្រះបាទ នរោត្តម សីហនុ និងព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ មានរយៈពេលបញ្ចាំង ១១០នាទី។ ភាពយន្តនេះចំណាយថវិកាផលិតអស់ប្រមាណ ២ម៉ឺនដុល្លារអាមេរិក។

៣-ភាពយន្ត «Twilight» ផលិតឆ្នាំ១៩៦៩ ភាពយន្តនេះនិពន្ធ និងដឹកនាំការសម្តែងដោយសម្ដេចព្រះបាទ នរោត្តម សីហនុ ផ្ទាល់មានរយៈពេលបញ្ចាំង៧៥នាទី។ Twilight ប្រើប្រាស់ភាសាខ្មែរ និងបារាំង និងចូលរួមសម្ដែងដោយព្រះមហាវីរក្សត្រសម្ដេច ព្រះបាទ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ។ ភាពយន្តនេះថតនៅទឹកដីអង្គរ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។

៤-ភាព យន្ត «La Joie de Vivre» ផលិតឆ្នាំ ១៩៦៩ ជាភាពយន្តកំប្លែងដែលនិពន្ធ និងដឹកនាំដោយសម្ដេចតាមានរយៈពេល៦៦នាទី។ ភាពយន្តនេះថតនៅក្នុងទីក្រុងភ្នំពេញ ចំណាយថវិកាអស់ប្រមាណ ២៥ ០០០ ដុល្លារអាមេរិក។

៥-ភាពយន្ត «Rose de Bokor» ផលិតឆ្នាំ១៩៦៩ និពន្ធ និងដឹកនាំសម្តែងដោយសម្ដេច ព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានរយៈពេល៧០នាទី។ ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ និងព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ បានចូលរួមសម្ដែងនៅក្នុងភាពយន្តនេះដោយផ្ទាល់ និងអមដោយសែរាជវង្សមួយចំនួនទៀត។ ភាពយន្តនេះបានថតនៅលើភ្នំបូកគោ ទឹកដីនៃខេត្តកំពត។
៦-ភាពយន្ត «See Angkor and Die» ផលិតឆ្នាំ១៩៩៣ ដឹកនាំសម្តែងដោយសម្ដេចតា មានរយៈពេល ៨១នាទី។ ភាពយន្តនេះរៀបរាប់ពីជីវិតរបស់អ្នកនិពន្ធវ័យក្មេងម្នាក់ដែលកើត ជំងឺធ្ងន់ធ្ងរ និងមានបំណងវិលត្រឡប់ទៅរស់នៅអង្គរវត្ត ដើម្បីចំណាយពេលវេលាចុងក្រោយរបស់គេនៅលើទឹកដីអង្គរ។ ប៉ុន្តែភរិយារបស់លោកមិនព្រមចាកចេញពីទីក្រុងភ្នំពេញ ក៏បញ្ជូនប្អូនស្រីជីដូនមួយរបស់នាងម្នាក់ ដើម្បីទៅជួយមើលថែស្វាមីជំនួសរូបនាង។ ក្រោយពីរស់នៅជាមួយគ្នាយ៉ាងយូរ អ្នកនិពន្ធរូបនេះ ក៏បានស្រឡាញ់គ្នាជាមួយនឹងបងប្អូនជីដូនមួយរបស់ប្រពន្ធខ្លួន។

៧-ភាពយន្ត «My Village at Sunset» ផលិតឆ្នាំ ១៩៩៤។ តួអង្គឯកក្នុងភាពយន្តនេះ គឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជានាពេលបច្ចុប្បន្ន គឺព្រះបាទបរមនាថ នរោត្តម សីហមុនី និងមហាព្រឹទ្ធាចារ្យវេជ្ជបណ្ឌិត ម៉ី សាមឺឌី។

៨-ភាពយន្ត «Peasants in Distress» ផលិតឆ្នាំ ១៩៩៤។ ភាពយន្តនេះនិពន្ធ និងដឹកនាំសម្តែងដោយព្រះករុណាសម្ដេចព្រះមហាវីរក្សត្រសម្ដេច នរោត្តម សីហនុ មានរយៈពេល៧៥នាទី។ តារាសម្ដែងចូលរួមក្នុងភាពយន្តនេះមានដូចជា អ្នកនាង កែវ កល្យាណ លោក យុត្ថារ៉ា ឆានី លោក ខៃ ប្រសិទ្ធ និងលោក ទេព រិនដារ៉ូ។

៩-ភាពយន្ត «An Ambition Reduced to Ashes» ផលិតក្នុងឆ្នាំ ១៩៩៥។ ការនិពន្ធ និងដឹកនាំផលិតដោយព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។ ភាពយន្តនេះចូលរួមសម្ដែងដោយសិល្បករ កែវ កុសល អ្នកនាង នារី រ័ត្នគន្ធា និងសិល្បករ ម៉ម សុទ្ធ។
១០-ភាពយន្ត «The Last Days of Colonel Savath» ផលិតក្នុងឆ្នាំ ១៩៩៥។ និពន្ធ និងដឹកនាំដោយសម្ដេចព្រះបាទ នរោត្តម សីហនុដោយផ្ទាល់។ ភាពយន្តនេះមានរយៈពេល ៣៤នាទី និងចូលរួមសម្ដែងដោយតារាសម្ដែងល្បីល្បាញរបស់ខ្មែរគឺលោក គង់ សុភី។

ក្រៅពីភាពយន្តដែលបានរៀបរាប់ខាងលើ នៅមានភាពយន្តជាស្នាព្រះហស្តព្រះអង្គជាច្រើនទៀត ដែលមិនបានលើកយកមកបង្ហាញ។ ភាពយន្តដែលជាស្នាព្រះហស្តនិពន្ធ និងដឹកនាំផលិតដោយព្រះអតីតព្រះមហាក្សត្រនេះ ភាគច្រើនចាក់បញ្ចាំងនៅពេលបុណ្យចម្រើនព្រះជន្មព្រះអង្គផ្ទាល់ ឬក៏នៅពេលពិធីបុណ្យជាតិធំៗ។

គួរបញ្ជាក់ថា ព្រះករុណាព្រះបាទ នរោត្ដម សីហនុ ព្រះវរបិតាឯករាជ្យជាតិ ទ្រង់បានសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ អមដំណើរដោយព្រះករុណា ព្រះបាទ សីហមុនី និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល៕
ប្រភព៖ cambofox

Leave a Reply

Your email address will not be published. Required fields are marked *

shares