សុំសួរមួយ តើមានដឹងទេថា​ រវាងទន្លេនីល និងទន្លេអាម៉ាហ្សូន តើមួយណាវែងជាងគេលើពិភពលោក?

(បរទេស)៖ ជុំវិញប្រធានបទ «ទន្លេដែលវែងជាងគេបំផុតនៅលើពិភពលោក» បាននិងកំពុងបង្កើតការខ្វែងគំនិតគ្នាបន្តមកដល់ពេលបច្ចុប្បន្ន ដោយអ្នកខ្លះនៅតែអះអាងថាទន្លេនីលនៅទ្វីបអាហ្វ្រិក គឺជាទន្លេវែងជាងគេ ចំណែកអ្នកខ្លះទៀតអះអាងថាគឺទន្លេអាម៉ាហ្សូននៅឯទ្វីបអាមេរិកខាងត្បូងទៅវិញទេ ដែលមានប្រវែងវែងជាងគេនៅលើពិភពលោក។

ដូច្នេះរវាងទន្លេទាំងពីរនេះ តើមួយណាដែលវែងជាងគេពិតប្រាកដនៅលើភពផែនដីនេះ? យើងអាចនិយាយបានថា ទន្លេអាម៉ាហ្សូន (Amazon) គឺស្ថិតនៅក្នុងចំណោមទន្លេដ៏អស្ចារ្យជាងគេបំផុតនៅក្នុងពិភពលោក ពីព្រោះវាមានទំហំធំជាងគេបំផុត និងជាអាងស្ដុកទឹករបស់ព្រៃអាម៉ាហ្សូនទាំងមូល ដែលជាជម្រករបស់ជីវចម្រុះដ៏ច្រើនសម្បូរបែប។

ចំពោះប្រវែងនៃទន្លេមួយនេះវិញ គឺមានការយល់ឃើញខុសៗគ្នា ដោយអ្នកវិទ្យាសាស្ត្រជាច្រើនជឿជាក់ថាទន្លេនេះមានប្រវែងយ៉ាងហោចណាស់ ៦,៤០០ គីឡូម៉ែត្រ។ ប្រសិនបើប្រៀបធៀបនឹងទន្លេនីល គឺនៅតែខ្លីជាងទន្លេនីលនៅឡើយ ខណៈទន្លេនីលត្រូវបានគេចាត់ទុកថាមានប្រវែង ៦,៦៥០ គីឡូម៉ែត្រ ដែលវែងជាងគេបង្អស់លើពិភពលោក។ ទោះបីយ៉ាងនេះក្ដី ក៏មានមតិមួយចំនួនបានអះអាងថា ប្រវែងរបស់ទន្លេអាម៉ាហ្សូនគឺវែងជាងទន្លេនីល។

មនុស្សជាច្រើនហាក់យល់ឃើញថា ការវាស់វែងប្រវែងរបស់ទន្លេអាម៉ាហ្សូននេះឱ្យបានជាក់ច្បាស់ ប្រហែលជារឿងងាយស្រួល ប៉ុន្តែធាតុពិតវាពុំដូច្នោះឡើយ ទោះបីបច្ចុប្បន្នមានឧបករណ៍ និងបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ។

បញ្ហាចម្បងៗបំផុតក្នុងការកំណត់ប្រវែងទន្លេអាម៉ាហ្សូននេះ គឺការកំណត់ប្រភពទឹកទន្លេ ឬផ្នែកក្បាលទន្លេ និងចំណុចចុងបញ្ចប់ ឬផ្នែកចុងទន្លេ ដែលជាទិន្នន័យមូលដ្ឋានសម្រាប់កំណត់ប្រវែងរបស់វត្ថុមួយ ប៉ុន្តែមានមតិផ្សេងៗពីគ្នាជុំវិញកំណត់កន្លែងផ្តើមរបស់ទន្លេអាម៉ាហ្សូន។

ចំពោះផ្នែកចុងទន្លេអាម៉ាហ្សូន គឺសុទ្ធតែហូរធ្លាក់ចូលទៅមហាសមុទ្រអាត្លង់ទិកទាំងអស់ ប៉ុន្តែមុនទៅដល់សមុទ្រ វាបានបែកជាបីទៀតនៅផ្នែកខាងចុង ខណៈចុងទន្លេចំនួនពីរហូរកាត់ផ្នែកខាងជើងកោះម៉ារ៉ាជូ នៃប្រទេសប្រេស៊ីល និងចុងទន្លេមួយទៀតហូរកាត់ភាគខាងត្បូងកោះម៉ារ៉ាជូ ហើយហូរទៅជួបជាមួយទន្លេប៉ារ៉ា (ទន្លេមួយផ្សេងទៀត)។ តែទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្របានចាត់ទុកចុងទន្លេភាគខាងជើង គឺជាចំណុចបញ្ចប់ពិតប្រាកដរបស់ទន្លេអាម៉ាហ្សូន ដោយហេតុថាទន្លេប៉ារ៉ាមិនមែនជាផ្នែករបស់ទន្លេអាម៉ាហ្សូននោះឡើយ។

ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី២០មក ការព្យាយាមកំណត់ប្រវែងរបស់ទន្លេអាម៉ាហ្សូន ត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសាមកហើយ។ នៅឆ្នាំ២០០៧ មានការសិក្សាស្រាវជ្រាវគួរឱ្យកត់សម្គាល់មួយ ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រជនជាតិប្រេស៊ីល ដោយពួកគេបានកំណត់ថា «ទន្លេ Aphetheta Creek ដែលស្ថិតនៅជាប់ទន្លេ Carhuasanta ជាប្រភពពិតប្រាកដរបស់ទន្លេអាម៉ាហ្សូន»។

សម្រាប់ផ្នែកខាងចុងរបស់ទន្លេអាម៉ាហ្សូន ត្រូវបានអ្នកស្រាវជ្រាវប្រេស៉ីលខាងលើកំណត់យកតំបន់ភាគខាងត្បូងនៃកោះម៉ារ៉ាជូវិញ ដែលមានចម្ងាយ ៣៥៣ គីឡូម៉ែត្របន្ថែម ធ្វើជាទីតាំងពិតប្រាកដមួយ ខណៈការកំណត់ថ្មីនេះគឺផ្ទុយពីការកំណត់លើកមុន។ ពួកគេក៏បានកំណត់ប្រវែងសរុបរបស់ទន្លេអាម៉ាហ្សូនឡើងវិញ ដែលប្រវែងថ្មីនេះគឺវែងដល់ទៅ ៦,៩៩២ គីឡូម៉ែត្រ។

ទន្ទឹមនឹងនោះ ក៏មានការកំណត់ប្រវែងរបស់ទន្លេនីលឡើងវិញផងដែរ ដោយអ្នកស្រាវជ្រាវបានសន្និដ្ឋានជាចុងក្រោយថា ទន្លេនីលនេះមានប្រវែងពិតប្រាកដសរុប ៦,៨៥៣ គីឡូម៉ែត្រ ពោលគឺវែងជាងមុនដល់ទៅ ២០០ គីឡូម៉ែត្រ។ ទោះយ៉ាងនេះក៏ដោយ ក៏ទន្លេនីលនៅតែមានប្រវែងខ្លីជាងទន្លេអាម៉ាហ្សូនប្រមាណជាង ១៤៥ គីឡូម៉ែត្រ ដែលបានធ្វើឱ្យទន្លេអាម៉ាហ្សូនក្លាយជាទន្លេវែងជាងគេបំផុតលើពិភពលោក។

ក្រោយសារព័ត៌មានចេញផ្សាយពីសេចក្ដីសម្រេចនេះ បានបង្កឱ្យមនុស្សជាច្រើនមានការសង្ស័យទៅលើចំនួនតួលេខថ្មីនេះ ពីព្រោះការសិក្សាស្រាវជ្រាវរបស់ក្រុមជនជាតិប្រេស៊ីលខាងលើ ពុំត្រូវបានចេញផ្សព្វផ្សាយឱ្យទូលំទូលាយនោះទេ វាបានចោទជាប្រធានបទយ៉ាងក្ដៅគគុកមួយ។

អ្នកវិទ្យាសាស្ត្រនៅតែមានបេសកកម្មជាច្រើនផ្សេងៗទៀត ក្នុងការចុះស្រាវជ្រាវ និងបន្តរៀបរាប់ពីទីតាំងផ្សេងៗទៀតនៃចំណុចក្បាលទន្លេអាម៉ាហ្សូន ពោលប្រវែងពិតប្រាកដនៃដងទន្លេអាម៉ាហ្សូននេះ ពុំមាននរណាដឹងពីតួលេខជាក់ស្ដែងនៅឡើយទេ៕
ប្រភពពី ​៖ freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *

shares