បើស្រឡាញ់សូមជួយស៊ែមួយផង មានអាយុកាលជិត ១០០០ឆ្នាំ ប្រាសាទកោរសក់រងការខូចខាតច្រើនអន្លើ តែអាចបង្អួតភ្នែកទេសចរគួរជាទីគយគន់

(សៀមរាប)៖ ស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២ ប្រាសាទកោរសក់ជាប្រាសាទមួយ ( ឯកសារបារាំងហៅថា ប្រាសាទអក្សរ T) នៅភាគខាងលិចនៃក្រុមប្រាសាទព្រះពិធូរ ខណៈក្រុមប្រាសាទនេះគឺស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ។

ប្រាសាទកោរសក់ សង់លើខឿន ៣ជាន់ កម្ពស់ប្រហែល ៦ម៉ែត្រ បែរមុខទៅគ្រប់ទិសទាំងបួន។ ប្រាសាទនេះ កសាងពីថ្មភក់ មានទ្វារចូលគ្រប់ទិសទាំងបួន។ ផ្នែកខាងលើនៃប្រាង្គបាក់រលំជាច្រើនអន្លើ ហោជាងសំខាន់ៗ ដែលមានចម្លាក់ទេវកថាផ្សេងៗក៏ធ្លាក់បាក់បែកជ្រុះមកដីដែរ។ នៅលើជញ្ជាំងមានចម្លាក់អប្សរ និងក្បាច់ផ្កាភ្ញី ដែលស្ថិតនៅក្នុងរចនាប័ទ្មបាយ័ន។

នៅលើដីខាងលិចប្រាង្គបន្ដិចមានជើងទម្រសិវលិង្គធំមួយ តែមិនឃើញសិវលិង្គទេ។ សិវលិង្គ និងជើងទម្រ កាល ពីមុនប្រហែលជាតម្កល់នៅក្នុងប្រាង្គខាងលើ។ ក្បែរជើងទម្រនោះ មានបំណែកផ្ដែរមួយឆ្លាក់រូបព្រះកាល លម្អ ដោយក្បាច់ដ៏វិចិត្រច្បាស់ល្អ ដែលសិល្បករបុរាណបានឆ្លាក់ចូលសាច់ថ្មយ៉ាងជ្រៅ។

ក្រៅពីនោះ គេក៏ឃើញមានបំណែកផ្ដែរមានរូបព្រះវិស្ណុផ្ទំ ហើយបំណែកផ្ដែរផ្សេងទៀតបង្ហាញពីរឿងកូរសមុទ្រទឹកដោះផងដែរ។

ប្រាសាទនេះមានកំពែងថ្មភក់ព័ទ្ធជុំវិញមានបណ្ដោយ ៤៥ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងមានក្លោងទ្វារ ឬគោបុរៈពីរ មួយនៅខាងលិចមួយនៅខាងកើត។

ចំណែកនៅខាងលិចប្រាសាទ មានស្ពានហាលមួយយ៉ាងល្អរាងកាកបាទ អមដោយបង្កាន់ដៃនាគនៅគ្រប់ផ្លូវឡើង ហើយមានសសរខ្លីទ្រជុំវិញ៕
ប្រភពពី ៖ freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *

shares