កក្រើកពេញពិភពលោក! ឈឺពោះជិតសម្រាលកូនទៅហើយ នៅឆ្លៀតប្រលងឲ្យចប់សិនទៀត

ដោយសារយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការអប់រំ ស្ត្រីពរពោះមួយរូប មិនធ្វេសប្រហែលចំពោះការសិក្សាឡើយ។ អ្នកនាង Nayzia Thomas ដែលកំពុងឈឺពោះចង់សម្រាលកូននោះ បែរជាត្រូវប្រលងបញ្ចប់ការសិក្សារបស់នាងទៅវិញ។ ខណៈដែលនាងកំពុងស្ថិតនៅក្នុងបន្ទប់សម្រាល នាងបានបើកកុំព្យូទ័រយួរដៃរបស់នាង ហើយព្យាយាមប្រលងទាល់តែចប់ បើទោះបីជានាងកំពុងឈឺពោះខ្លាំងយ៉ាងណាក៏ដោយ។

នៅក្នុងរូបភាពដែលអ្នកនាង Thomas បានបង្ហោះនោះ នាងបានភ្ជាប់ជាមួយពាក្យមួយឃ្លាដែលសរសេរថា៖ “ម៉ាក់របស់ខ្ញុំបានថតរូបភាពនេះ ហើយវាគឺជាការពន្យល់ដ៏ល្អឥតខ្ចោះអំពីជីវិតរបស់ខ្ញុំ។ ពិតមែនហើយ! ខ្ញុំរៀបនឹងសម្រាលកូនមែន ប៉ុន្តែការប្រលងរបស់ខ្ញុំនៅមិនទាន់ចប់នៅឡើយទេ”។

យោងទៅតាមសារព័ត៌មាន Yahoo Lifestyle បានឲ្យដឹងថា អ្នកនាង Thomas បានព្យាយាមទៅសិក្សានៅឯសាលា Johnson County Community នាទីក្រុង Kansas  ផ្នែកចិត្តវិទ្យា រហូតដល់ផ្ទៃពោះរបស់នាងមានអាយុ ៣៩ សប្តាហ៍ឯណោះ។ ដោយសារតែនាងចង់បញ្ចប់ការសិក្សាឲ្យទាន់ពេលវេលា នាងបានព្យាយាមបញ្ចប់រាល់កិច្ចការទាំងអស់ដែលគ្រូបានដាក់ឲ្យ បើទោះបីជានាងអាចពន្យាពេល ឬព្យួរការសិក្សារបស់នាងក៏ដោយ។


ចុងក្រោយ នាងក៏សម្រាលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់មួយរូបឈ្មោះថា Anthony Johnson ហើយនាងក៏បានបញ្ចប់ការប្រលងយ៉ាងជោគជ័យជាមួយលទ្ធផល GPA ដល់ទៅ ៣.៥ ផងដែរ។

ការយកចិត្តទុកដាក់ និងព្យាយាមក្នុងការសិក្សារបស់នាង បានជំរុញទឹកចិត្តដល់អ្នកលេងបណ្តាញសង្គមជាច្រើន។ នាងបានតាំងចិត្តក្នុងការបញ្ចប់ការសិក្សារបស់នាង ដើម្បីឲ្យកូនរបស់នាងមានអនាគតភ្លឺស្វាង។

អ្នកនាង Thomas បាននិយាយថា៖ “វាមិនទាន់ដល់ពេលកំណត់ត្រូវសម្រាលទេ ព្រោះថ្ងៃចុងក្រោយគឺនៅថ្ងៃទី១១ ធ្នូ ស្អែកនេះ ប៉ុន្តែគោលដៅរបស់ខ្ញុំគឺត្រូវបញ្ចប់រាល់កិច្ចការទាំងអស់ មុនពេលដែលកូនរបស់ខ្ញុំចាប់កំណើត។ ខ្ញុំគិតថា មុនពេលដែលរឿងគ្រប់យ៉ាងប្រែជារញ៉េរញ៉ៃ ខ្ញុំត្រូវតែប្រញ៉ាប់ប្រញ៉ាល់បញ្ចប់ការប្រលងមួយនេះ”៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *

shares