អាន​ហើយ​រំ ជួល​ចិត្ត​!!! នេះជាមូលហេតុ​អតីត​ប្រធានាធិបតី​ អ៊ុយរុយហ្គាយ​ក្រ

ជា​ប្រធានាធិបតី​ទៅ​ហើយ ប្រាកដ ​ជា​សល់​លុយ​វាល់​លាន​ចាយ​មិន​អស់ រស់នៅ​ក្នុង​វិឡា​យ៉ាង​ធំ​ស្កឹមស្កៃ ប៉ុន្តែ​លោក​អ្នក​ប្រហែល​ជា​មិន​ជឿ​ទេ​ថា​អតីត​ប្រធានាធិបតី​របស់​ប្រទេស​អ៊ុយរុយហ្គាយ José Mujica ចប់​អាណត្តិ​ក្នុង​ជីវិត​សាមញ្ញ​បំផុត គ្មាន​ទ្រព្យ គ្មាន​លុយ ហើយ​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​ក្រ​បំផុត​លើ​លោក។ ចំពោះ​មូលហេតុ​ដែល​លោក​ក្រ​បែប​នេះ មក​ពី​លោក​គិត​ថា ទ្រព្យ​សម្បត្តិ​មិន​បាន​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​ឡើយ ហើយ​លោក​បាន​បរិច្ចាគ​ប្រាក់​ខែ ៩០​% ដើម្បី​ជួយ​ប្រជាជន​រហូត​ចប់​អាណត្តិ។

លោក José Mujica បាន​កើត​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​១៩៣៥ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ជីវិត​ដ៏​សាមញ្ញ​បំផុត។ បុរស​វ័យ ៨៣​ឆ្នាំ​រូប​នេះ កំពុង​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ ក្នុង​ខ្ទម​តូច​មួយ​នា​តំបន់​ជន​បទ ដោយ​គ្មាន​ចិត្ត​ច្រណែន គ្មាន​ចិត្ត​និន្ទា​ចង់​បាន ហើយ​គ្មាន​នរណា​ខឹង​រូប​លោក​ឡើយ គឺ​មាន​តែ​ប្រជាជន​គោរព​ស្រលាញ់​គ្រប់​គ្នា ជា​របង​ដ៏​រឹង​មាំ​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​លោក ក្រោយ​ចប់​អាណត្តិ​ជា​ប្រធានាធិបតី។

លោក José Mujicaបាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​ប្រទេស​អ៊ុយរុយហ្គាយ នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១០ និង​កាន់​តំណែង​រហូត​ដល់​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៥។ ក្នុង​ពេល​កាន់​តំណែង​កំពូល​ដឹក​នាំ​ប្រទេស​នោះ លោក José Mujica បាន​បន្សល់​ទុក​សមិទ្ធផល​ជា​ច្រើន​រាប់​មិន​អស់ ព្រម​ទាំង​ការ​គោរព​ស្រលាញ់​ពី​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ។ លោក​មិន​ដែល​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ហើយ​ប្រើ​ជីវិត​រស់នៅ​ដ៏​សាមញ្ញ​បំផុត។

តំណែង​ជា​ប្រធានាធិបតី អាច​ឲ្យ​លោក José Mujica ទទួល​បាន​ប្រាក់​ខែ​ប្រមាណ ១២០០០​ដុល្លារ ប៉ុន្តែ​មេដឹកនាំ​​ចិត្ត​សប្បុរស​រូប​នេះ បាន​សម្រេច​ចិត្ត​បរិច្ចាគ​ប្រាក់​ខែ ៩០​ភាគ​រយ​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​ក្រី​ក្រ ហើយ​លោក​ទទួល​យក​តែ ១២០០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ជា​ទូទៅ ​ប្រធានាធិបតី​ក្នុង​តំណែង​អាច​រស់នៅ​ក្នុង​ភូមិគ្រឹះ​យ៉ាង​ស្កឹមស្កៃ ប៉ុន្តែ​លោក José Mujica បែរ​ជា​ទៅ​រស់នៅ​ក្នុង​ផ្ទះ​តូច​របស់​លោក ជា​មួយ​ប្រពន្ធ​ទៅ​វិញ។

លោក José Mujica គ្មាន​យន្តហោះ​ផ្ទាល់​ខ្លួន គ្មាន​រថយន្ត​ទំនើប​ពិសេស ឬ​ទ្រព្យ​សម្បត្តិ​អស្ចារ្យ​អ្វី​ឡើយ គឺ​មាន​តែ​រថយន្ត​ម៉ាក 1987 Volkswagen Beetle ដែល​លោក​តែង​ជិះ​ធ្វើការ​ ក្នុង​តំណែង​ជា​ប្រធានាធិបតី​ទៀត​ផង។ លោក​បាន​ប្រាប់​ឲ្យ​មន្រ្តី​ទាំង​អស់ កុំ​ទិញ​រថយន្ត​ថ្មីៗ​ជិះ សុខ​ចិត្ត​យក​លុយ​នោះ មក​ជួយ​ជន​ក្រី​ក្រ​វិញ ទើប​ជា​រឿង​ល្អ។ ពេល​ខ្លះ ប្រធានាធិបតី​រូប​នេះ ថែម​ទាំង​ជិះ​ម៉ូតូ​ទៀត​ផង។

មុន​ក្លាយ​ជា​ប្រធានាធិបតី លោក José Mujica ធ្លាប់​ជា​សកម្មជន​តស៊ូ​យ៉ាង​ស្វិតស្វាញ រហូត​ត្រូវ​គេ​បាញ់ ៦​ដង និង​ជាប់​ពន្ធនាគារ ១៤​ឆ្នាំ។ លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្នុង​ឆ្នាំ​១៩៨៥ នៅ​ពេល​ដែល​ប្រទេស​អ៊ុយរុយហ្គាយ ងាក​មក​រក​របប​ប្រជាធិបតេយ្យ​ឡើង​វិញ។ ក្រោយ​មក លោក​បាន​ព្យាយាម​ធ្វើ​នយោបាយ និង​រក​សំឡេង​ឆ្នោត រហូត​ក្លាយ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១០។

សមិទ្ធផល ព្រម​ទាំង​ការ​ដាក់​ខ្លួន​របស់​លោក José Mujica ក្នុង​ការ​​គិត​ប្រជាជន​ជា​ធំ ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រលាញ់​និង​ចង​ចាំ​ជា​និច្ច។ ប៉ុន្តែ​ប្រទេស​អ៊ុយរុយហ្គាយ បាន​កំណត់​ប្រធានាធិបតី​អាច​កាន់​តំណែង​ត្រឹម​មួយ​អាណត្តិ​ប៉ុណ្ណោះ ស្មើ​នឹង ៥ឆ្នាំ។ នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៥ លោក​ José Mujica​ បាន​លើក​ដៃ​លា​ប្រជាជន​អ៊ុយរុយហ្គាយ ទៅ​រស់នៅ​ធ្វើ​ស្រែ​ចម្ការ​ជាមួយ​ប្រពន្ធ ក្រោម​ការ​អាឡោះ​អាល័យ​បំផុត។

ក្រោយ​ពេល​ចប់​អាណត្តិ លោក​បាន​និយាយ​ថា គ្រប់​គ្នា​តែង​ហៅ​លោក ថា​ប្រធានាធិបតី​ក្រ​បំផុត ប៉ុន្តែ​លោក​មិន​ដែល​មាន​អារម្មណ៍​ថា​ក្រ​ទេ ព្រោះ​អ្នក​ក្រ គឺ​ជា​មនុស្ស​ដែល​​ប្រឹង​ធ្វើ​ការ ដើម្បី​ជីវិត​ស៊ីវិល័យ ហើយ​ចង់​បាន​គ្មាន​ទី​បញ្ចប់។ ចំណែក​លោក​វិញ តែង​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន ហើយ​ព្យាយាម​រស់នៅ​ដោយ​សាមញ្ញ​បំផុត នោះ​ហើយ​ជា​សុភមង្គល​ពិត​នៃ​ជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *

shares