ភ្នំទំព័រ រមណីយដ្ឋានដែលទេសចរអាចងូតទឹកជ្រោះលេងយ៉ាងរីករាយ និងអាចបោះតង់បានថែមទៀត

ពោធិ៍សាត់៖ នៅតំបន់ទេសចរណ៍ផ្សងព្រេងទាក់ទាញភ្នំទំព័រ ប្រសិនបើបងប្អូនក្រឡេកមើលពីចម្ងាយ ហាក់បីដូចជា ឃើញភ្នំនេះ គ្របដណ្តប់ទៅដោយ រុក្ខជាតិរេចរឹល និងរំលេចទៅដោយផ្ទាំងថ្មធំៗ ពុំសូវឱ្យយើងចាប់អារម្មណ៍ឡើយ ប៉ុន្តែ នៅពេលយើងធ្វើដំណើរដល់ចង្កេះភ្នំ (ដំណាក់ទី១) យើងនឹងឃើញមានខ្នងភ្នំជាច្រើនស្រទាប់ ក្រាលទៅដោយកម្រាលផ្ទាំងថ្មធំៗ មានព្រៃព្រឹក្សាត្រឈឹងត្រឈៃ ព្រមទាំងមានទឹកជ្រោះធ្លាក់ពីលើកំពូលភ្នំយ៉ាងស្រស់ស្អាត គួរជាទីមនោរម្យ។

កម្ពស់ទឹកធ្លាក់ មានរហូតដល់៧០ម៉ែត្រ ធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តទឹកជ្រោះ ក៏ដូចជាភ្ញៀវឡើងភ្នំយ៉ាងសប្បាយរីករាយ។ ភ្ញៀវទេសចរជាតិ បានទៅលេងកម្សាន្តទឹកធ្លាក់ភ្នំទំព័រ និងបានឡើងទៅកម្សាន្តលើខ្នងភ្នំខាងលើ តាមបែបបោះតង់ ឬសម្រាកចងអង្រឹង ស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសា ពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ មានផាសុកភាព។

ភ្នំទំព័រ គឺជាភ្នំដែលមានកម្ពស់ជាប់ចំណាត់ថ្នាក់លេខរៀងទី៤ (កម្ពស់១,៥៥១ម) ក្នុងចំណោមភ្នំ ខ្ពស់ៗទាំង១០ នៃព្រះរាជាណាចក្រកម្ពុជា។ បើយើងធ្វើដំណើរពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ មកដល់គីឡូម៉ែត្រលេខ១៩១ ទីរួមខេត្តពោធិ៍សាត់ បត់ទៅឆ្វេង តាមផ្លូវជាតិលេខ៥៥ ក្នុងចម្ងាយផ្លូវ១០៩គីឡូម៉ែត្រ យើងនឹងទៅដល់ទីរួមស្រុកវាលវែង ហើយបន្តដំណើរ៥គីឡូម៉ែត្រទៀត (បត់ស្តាំ រង្វង់មូលដំរី តាមផ្លូវជាតិលេខ១០) យើងនឹងបានទៅដល់ “សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ” ហើយបន្តឡើងភ្នំ ឬលេងកម្សាន្តទឹកធ្លាក់ភ្នំទំព័រតែម្តង៕

ប្រភពពី ៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *

shares