ពិតជាសាកសមជាកូនខ្មែរយើងមែន! យុវជនជាង២ពាន់នាក់ ស្លៀកសំលៀកបំពាក់ដែលជាប្រពៃណីខ្មែរ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តលក្ខរាជា ស្រុករំដួល ខេត្តស្វាយរៀង

ក្រុមយុវជនជាង២ពាន់នាក់ បានចូលរួមថែរក្សាសំលៀកបំពាក់ដែលជាប្រពៃណីខ្មែរ ដោយបានស្លៀកសំលៀកបំពាក់ប្រពៃណី ចូលរួមកាន់វេនទី១១ នៅវត្តលក្ខរាជា ភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ។​ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការ នៅទូទាំងខេត្តស្វាយរៀង ក៏បាននាំគ្នាសស្រាក់សស្រាំទៅវត្តអារាម ដើម្បីចូលរួមក្នុងពិធីកាន់បិណ្ឌរៀងៗខ្លួន ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋក៏មានការរីកចម្រើនធូធារជាងមុន។

ការស្លៀកពាក់ជាលក្ខណៈប្រពៃណីខ្មែរនេះ ក្រុមយុវជនបានលើកឡើងថា ក្រុមយុវជននាំគ្នាស្លៀកពាក់ជាលក្ខណៈប្រពៃណីខ្មែរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីចង់បង្ហាញអំពីអត្តសញ្ញាណជាតិ ដែលជាសំលៀកបំពាក់របស់ខ្មែរ ដែលមានភាពស្រស់ស្អាតផូរផង់ និងកេរ្តិ៍តំណែលបុរាណកាលមក។ មួយវិញទៀតចង់បំផុសឲ្យយុវជនឲ្យនាំគ្នាចូលរួមថែរក្សាសំលៀកបំពាក់ខ្មែរ និងស្រឡាញ់វប្បធម៌ជាតិ ជារបស់ខ្មែរផ្តើមចេញពីការស្លៀកពាក់នេះផងដែរ។

ទាក់ទងទៅពិធីបុណ្យភ្ជុំបិណ្ឌនេះ បើតាមលោកគ្រូអាចារ្យម្នាក់បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានរៀបចំឡើងមានរយៈពេល ១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃ ០១រោច ដល់ថ្ងៃទី ១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិ ដែលបានស្លាប់ទៅលោកខាងមុខ។ ពុទ្ធបរិស័ទចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ០១រោច រហូតដល់ថ្ងៃ ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានបូកបញ្ចូលគ្នា ហើយហៅកាត់ថាពិធីបុណ្យភ្ជុំបិណ្ឌនេះឯង។

លោកគ្រូអាចារ្យបានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតាញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខឲ្យបានទៅកាន់សុគតិភព ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ដែលនៅមានជីវិតរស់រាននៅឡើយ ឲ្យមានសេចក្តីសុខសប្បាយ ព្រមទាំងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ។

បើតាមប្រជាពលរដ្ឋនៅខេត្តស្វាយរៀងមួយចំនួន បានសម្តែងការសប្បាយរីករាយ ក្នុងការធ្វើបុណ្យធ្វើទានដោយសារប្រទេសកម្ពុជាយើង មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន បង្កើតការងារឲ្យពលរដ្ឋបានធ្វើនៅជិតលំនៅឋាន ដែលនាំឲ្យគ្រួសារនីមួយៗ មានជីវភាពធូធារ និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យទៅតាមទំនៀមទំលាប់នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *