គ្រោះរញ្ជួយដីបានធ្វើឱ្យពងឥន្ទ្រីមួយរមៀលចូលក្នុងសម្បុកមាន់ រឿងកើតឡើង បន្ទាប់ពីវាញាស់ក្នុងហ្វូងមាន់ ស្ទើរមិនគួរឱ្យជឿ!
នៅព្រៃមួយមានភ្នំដ៏ធំ ជាកន្លែងដែលសម្បុកឥន្ទ្រីស្ថិតនៅទីនោះ។ សម្បុករបស់ឥន្ទ្រីមានពងមិនទាន់ញាស់ចំនួន ៤ ធំៗ។ ថ្ងៃមួយមានគ្រោះរញ្ជួយដីកើតឡើងនៅលើភ្នំ បណ្ដាលឱ្យពងឥន្ទ្រីរមៀលធ្លាក់ចូលកសិដ្ឋានចិញ្ចឹមមាន់មានទីតាំងនៅជម្រាលភ្នំ។ មាន់ដឹងខ្លួនថា ពួកវាត្រូវតែការពារនិងថែរក្សាពងឥន្ទ្រីនោះ ដូច្នេះហើយមេមាន់ចំណាស់មួយក្បាល ក៏សម្រេចចិត្តមើលថែពងឥន្ទ្រីនោះ។
ថ្ងៃមួយនោះ ពងឥន្ទ្រីញាស់ ហើយកូនឥន្ទ្រីដ៏គួរឱ្យស្រឡាញ់បានឃើញពន្លឺថ្ងៃ។ គួរឱ្យស្ដាយ កូនឥន្ទ្រីនោះកើតមកត្រូវគេចាត់ទុកថាជាកូនមាន់។ ហើយកូនឥន្ទ្រីនោះជឿថា វាគឺគ្មានអ្វីក្រៅពីកូនមាន់មួយក្បាលនោះឡើយ។ ឥន្ទ្រីនោះស្រឡាញ់កន្លែងដែលវារស់នៅ និងគ្រួសារវាខ្លាំងណាស់ ប៉ុន្ដែគំនិតនិងស្មារតីរបស់វាមិនមែនជាសត្វមាន់នោះទេ។ ខណៈដែលវាលេងជាមួយនឹងកូនមាន់ផ្សេងទៀតក្នុងកសិដ្ឋាន ឥន្ទ្រីបានមើលទៅលើមេឃហើយឃើញក្រុមសត្វឥន្ទ្រីកំពុងសំកាំងលើមេឃ។
ឥន្ទ្រីបាននិយាយថា “អូ! ខ្ញុំសង្ឃឹមថា ខ្ញុំអាចសំកាំងដូចបក្សីទាំងនោះដែរ”។កូនមាន់ផ្សេងទៀតបានរងាវសើចចម្អកដាក់កូនឥន្ទ្រីនោះថា “ឯងមិនអាចសំកាំងដូចបក្សីទាំងនោះបានទេ។ បើឯងគ្រាន់តែជាកូនមាន់មួយក្បាល ហើយមាន់ម៉េចនឹងអាចសំកាំងលើមេឃបានទៅ”។ឥន្ទ្រីសម្លឹងមើលគ្រួសារពិតប្រាកដរបស់វានៅលើមេឃ ហើយសុបិនថាខ្លួនអាចនឹងនៅជាមួយនឹងពួកបក្សីនោះ។ រាល់ពេលឥន្ទ្រីនោះនិយាយអំពីសុបិនរបស់វា មាន់ផ្សេងទៀតតែងតែសើចចម្អកដាក់រហូត។ ហើយការសើចចម្អកនោះបានធ្វើឱ្យឥន្ទ្រីជឿថាវាគឺជាមាន់។ ពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពដដែលកើតឡើង រហូតទាល់តែក្ដីសុបិនរបស់វាត្រូវបានបញ្ឈប់ និងបន្តរស់នៅជាសត្វមាន់ជារៀងរហូត។ ទីបំផុត អស់ពេលយ៉ាងយូរ វាក៏បានងាប់ក្នុងនាមជាសត្វមាន់មួយក្បាល។
* ន័យអប់រំ ៖ អ្នកត្រូវតែជឿជាក់លើអ្វីដែលខ្លួនឯងមាន។ ដូច្នេះប្រសិនបើអ្នកមានក្ដីសុបិនចង់ក្លាយជាឥន្ទ្រី ធ្វើតាមក្ដីសុបិនរបស់អ្នក មិនមែនពាក្យឥតបានការរបស់សត្វមាន់ទាំងនោះទេ៕