មុនដំបូងគ្រប់គ្នាគិតថាគាត់ជាមនុស្សឆ្គួតដែល បានចំណាយពេល៤០ឆ្នាំ ដើម្បីកែប្រែពីវាលខ្សាច់ទទេទៅជាតំបន់ដែលមានដើមឈើព្រោងព្រាត ចុងក្រោយដាច់ផ្ងារ…

ចិន៖ ភូមិតូចមួយ ស្ថិតនៅតំបន់ស្វយ័ត Ningxia Hui ភាគពាយព្យប្រទេសចិន បានផ្លាស់ប្ដូរពីតំបន់វាលខ្សាច់ទទេ ទៅជាភូមិឋាន ដែលមានព្រៃឈើពណ៌បៃតងយ៉ាងស្រស់ស្អាត ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រុកជាង ៤០ឆ្នាំមកនេះ។


ភូមិដ៏ស្រស់ស្អាតខាងលើមានឈ្មោះជាភាសាចិនថា Yikeshu ដែលមានន័យថា «ដើមឈើមួយដើម»។ ហើយបើតាមអ្នកស្រុកម្នាក់បានឲ្យដឹងថា ភូមិ Yikeshu ស្ថិតក្នុងតំបន់ដែលមានអាកាសធាតុស្ងួត ហើយភូមិនេះមានដើមឈើតែមួយដើមប៉ុណ្ណោះ ប៉ុន្ដែវាបានបាត់ខ្លួនទៅវិញក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ក្រោយមក ភូមិនេះបានប្រែក្លាយទៅជាវាលខ្សាច់ទទេ ស្ទើរតែមិនអាចរស់នៅបាន រហូតធ្វើឲ្យអ្នកស្រុកមួយចំនួនសម្រេចផ្លាស់ប្ដូរកន្លែងរស់នៅតែម្ដង។

នៅក្នុងឆ្នាំ ១៩៨០ដដែល មានស្រី្ដវ័យ ៦៧ឆ្នាំម្នាក់ (អាយុបច្ចុប្បន្ន) ឈ្មោះថា Bai Chunlan ជាមួយនឹងប្ដី ហើយនឹងកូនៗរបស់គាត់បានមកដល់ភូមិ Yikeshu ដែលកាលនោះមានអ្នកស្រុកតែជាង១០គ្រួសារប៉ុណ្ណោះកំពុងរស់នៅ។ អ្នកស្រី Bai បានដើរចម្ងាយ១៦គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ទៅកាន់កន្លែងដាំដើមឈើ ចំណែកប្ដីរបស់គាត់ត្រូវចំណាយពេលច្រើនយប់ដើម្បីមើលថែកូនឈើ។

ជារៀងរាល់ថ្ងៃ ពួកគាត់ត្រូវជីកដីខ្សាច់ដើម្បីទទួលបានទឹក និងបរិភោគពោតជាអាហារ ហើយសម្រាប់តំបន់នោះដែរ ទោះសាបព្រោះអ្វីក៏មិនដុះឡើយ។ ដូច្នោះ​ ដើម្បីដោះស្រាយបញ្ហានេះ ទោះបីលំបាកយ៉ាងណាក៏ដោយ ពួកគាត់រួមទាំងសហគមន៍ទាំងមូល បានខិតខំប្រឹងប្រែងដាំដើមឈើពីមួយថ្ងៃទៅមួយថ្ងៃ។

នៅទីបំផុត ភូមិ Yikeshu បានប្រែក្លាយជាតំបន់មានពណ៌ខៀវស្រងាត់ជាមួយនឹងដើមឈើជាង ១០០,០០០ ដើមមកទល់សព្វថ្ងៃនេះ៕
ប្រភព khmerload

shares