អ្នកណាមិនស្រឡាំងកាំង បើបុរសម្នាក់នេះ ស្រាប់តែបង្ហាញខ្លួនក្រោយបុណ្យសពរបស់គាត់រួច បាន៤ថ្ងៃ…

ហុងឌូរ៉ាស៖ បុរសម្នាក់ដែលគេគិតថាបានស្លាប់ បែរជានៅរស់រានមានជីវិត បន្ទាប់ពីពិធីបុណ្យសពគាត់ធ្វើរួចបាន៤ថ្ងៃ ជាហេតុបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រពន្ធរបស់គាត់ ដែលបានបញ្ចុះសាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមែនជាប្ដីរបស់ខ្លួន។តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ អ្នកស្រី Victoria Sarmiento (ប្រពន្ធ) ដែលរស់នៅសង្កាត់ El Carmen ទីក្រុង San Pedro Sula នៃប្រទេសហុងឌូរ៉ាស បានចំណាយពេលជាច្រើនថ្ងៃ ដើម្បីស្វែងរកប្ដីរបស់គាត់ឈ្មោះ Julio អាយុ ៦៥ឆ្នាំ ដែលមិនឃើញត្រឡប់មកផ្ទះវិញ។ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ អ្នកស្រីបានយកឯកសារបញ្ជាក់ពីអត្ដសញ្ញាណរបស់ប្ដី ទៅសាកសួរនៅឯមន្ទីរពេទ្យក្នុងតំបន់មួយ ហើយពេលនោះ បុគ្គលិកបានប្រាប់ថាប្ដីរបស់គាត់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ថ្មីៗនេះ។បន្ទាប់មក អ្នកស្រី Sarmiento ត្រូវបានគេរាយការណ៍ថា បានស្គាល់សាកសពបុរសនោះ ដែលកំពុងស្ថិតនៅកន្លែងដាក់សពក្នុងមន្ទីរពេទ្យ de Occidente មុនពេលគេយកសាកសពនោះទៅបូជា។

បន្ទាប់មកទៀត អ្នកស្រីបានជួលឲ្យគេដឹកសាកសពនោះ ទៅកាន់ភូមិជនបទរបស់អ្នកស្រីមួយ ស្ថិតនៅភាគខាងលិចនៃតំបន់ San Nicolas ទីក្រុង Copan ដែលមានចម្ងាយជិត ៥០គីឡូម៉ែត្រពីមន្ទីរពេទ្យ និងបានរៀបចំធ្វើពិធីបុណ្យសព ដោយចំណាយអស់ប្រាក់ជាង ៤០០ដុល្លារអាមេរិក។យ៉ាងណាមិញ បន្ទាប់ពីពិធីបុណ្យសពកន្លងផុតទៅបាន៤ថ្ងៃ ស្របពេលអ្នកស្រីនៅបន្ដកើតទុក្ខនៅឡើយ ស្រាប់តែលោក Julio បានត្រឡប់មកដល់ផ្ទះវិញ បន្ទាប់ពីគាត់ត្រូវគេរកឃើញថា បានរងរបួសដោយសារដើរដួលនៅឯវាលស្រែមួយកន្លែង ហើយគាត់ត្រូវស្នាក់នៅទីនោះដោយគ្មានអាហារហូបចុក អស់រយៈពេលច្រើនថ្ងៃ។ក្រោយមានការភ័ន្ភច្រឡំបែបនេះ អ្នកស្រី Sarmiento បានប្រាប់កាសែតក្នុងស្រុកមួយថា៖បុរសដែលស្លាប់នោះ មិនមែនប្ដីរបស់ខ្ញុំទេ ព្រោះឥឡូវប្ដីរបស់ខ្ញុំត្រឡប់មកវិញហើយ។អ្នកស្រីបន្ថែមថា៖ខ្ញុំចង់ឲ្យខាងមន្ទីរពេទ្យសងការចំណាយមកខ្ញុំវិញខ្លះ ព្រោះពួកគេបានប្រគល់សាកសពនរណាម្នាក់ ដែលខ្ញុំមិនស្គាល់។ អាជ្ញាធរនៅកន្លែងដាក់សាកសព គួរតែពិនិត្យឲ្យបានត្រឹមត្រូវ ដើម្បីមើលថាសាកសពនោះជាប្ដីរបស់ខ្ញុំ ឬអត់។

shares