ឡូយអស់ស្ទះ! តាក់ស៊ីមួយ មិនយកថ្លៃឈ្នួលសូម្បីមួយសេន បើសិនអ្នកជិះអាចច្រៀងខារ៉ាអូខេ ពេលកំពុងធ្វើដំណើរ (មានវីដេអូ)

តៃវ៉ាន់៖ អ្នករត់តាក់ស៊ីនៅតៃវ៉ាន់ម្នាក់ ឈ្មោះ Tu Ching Liang វ័យ ៥៧ឆ្នាំ បានផ្ដល់ជូនលក្ខខណ្ឌយ៉ាងពិសេសមួយសម្រាប់អ្នកដំណើររបស់ខ្លួន ដោយសុខចិត្ដដឹកមិនយកប្រាក់ពីពួកគេសូម្បីមួយកាក់ឬមួយសេន ប្រសិនបើពួកគេអាចច្រៀងខារ៉ាអូខេបានមិនថាតិចឬច្រើនក្ដី ខណៈពេលកំពុងធ្វើដំណើរ។ជាការពិតណាស់ ទោះយើងស្ដាប់ទៅហាក់ដូចជាប្លែកបន្ដិចមែន ប៉ុន្ដែតាក់ស៊ីខារ៉ាអូខេមានប្រជាប្រិយភាពខ្លាំង និងមានច្រើនផងដែរនៅតៃវ៉ាន់។ តែទោះជាយ៉ាងណាក្ដី ពុំទាន់មានតាក់ស៊ីណាមួយកំពុងធ្វើអ្វីដូចលោក Tu នោះទេ ដែលបានថតវីដេអូពេលអ្នកដំណើរច្រៀងលេង ហើយបង្ហោះចូលទៅក្នុងយូធូប និងតបស្នងពួកគេវិញដោយការមិនយកថ្ងៃឈ្នួល។

លោក Tu បានចាប់អាជីពជាអ្នករត់តាក់ស៊ីអស់រយៈពេល២៧ឆ្នាំមកហើយ និងបានបង្កើតឲ្យមានការជិះបញ្ចុះតម្លៃ និងឥតគិតថ្លៃបែបនេះអស់រយៈពេល៨ឆ្នាំផងដែរ ដែលលក្ខខណ្ឌកាលពីមុន ប្រសិនបើអ្នកដំណើរអាចទាយចំណងជើងបទចម្រៀងត្រូវ លោកនឹងបញ្ចុះតម្លៃឲ្យពួកគេ តែក្រោយមកប្រសិនអ្នកដំណើរអាចច្រៀងចម្រៀងបាន លោកនឹងដឹកដោយឥតគិតថ្លៃតែម្ដង។ ហើយលោកបានចាប់ផ្ដើមថតវីដេអូអស់រយៈពេល៦ឆ្នាំផងដែរ សរុបជាង១ម៉ឺនវីដេអូឯណោះ។លោក Tu បាននិយាយថា៖ប្រជាជនតៃវ៉ាន់ចូលចិត្ដច្រៀងណាស់។ ដូច្នេះវាជារឿងធម្មតាទេ ដែលតាក់ស៊ីជាច្រើនមានខារ៉ាអូខេ ប៉ុន្ដែវាមានភាពលំបាកក្នុងការថត និងច្រៀងដូចដែលខ្ញុំកំពុងធ្វើណាស់។ យ៉ាងណាមិញ នៅពេលគេសួរអ្នករត់តាក់ស៊ីរូបនេះថា តើអ្នកដំណើរក្នុងក្ដីស្រម៉ៃរបស់គាត់ជានរណា លោកជ្រើសរើសយកតារាចម្រៀងអង់គ្លេសលោក Ed Sheeran ដែលជាម្ចាស់បទដ៏ល្បី មានចំណងជើងថា «Perfect»។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares