អាថ៌កំបាំងផ្ទះទាំង៤របស់តាម៉ុកដែលគ្មានអ្នកអាចបកស្រាយ(មានវីដេអូ)
ផ្ទះតាម៉ុក សាងសង់ឡើងនៅថ្ងៃទី១៧ តុលា ឆ្នាំ១៩៩៣ សាងសង់លើផ្ទៃដី ១,៦១ ហិតា មានចម្ងាយ២គីឡូម៉ែត្រពីរង្វង់មូលស្រុកអន្លង់វែង និងបត់ស្តាំពីផ្លូវជាតិប្រហែល៥០០ម៉ែត្រ។ ផ្ទះតាម៉ុកដែលមានទីតាំងនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែងនេះមាន៤៖
ផ្ទះទី១៖ ធ្វើអំពីឈើ ប្រក់ហ្វ្រីប្រូស៊ីម៉ង់ត៍ និងក្រាលបេតុង ផ្ទះនេះជាស្នាក់ការរបស់តាម៉ុកសម្រាប់មើលកម្មករជីកដីសាងសង់ទំនប់អូជីក និងជាចំណតឡាន។
ផ្ទះទី២៖ ផ្ទះទី២នេះកសាងក្នុងឆ្នាំ១៩៩៤ ហើយបញ្ចប់នៅឆ្នាំ១៩៩៦។ ផ្ទះនេះមាន៣ជាន់ ជាន់លើ ជាកន្លែងស្នាក់នៅរបស់តាម៉ុក ជាន់កណ្ដាលជាកន្លែងទទួលភ្ញៀវ និងជាន់ក្រោមជាបន្ទប់សំងាត់របស់តាម៉ុក។
ផ្ទះទី៣៖ ជាកន្លែងសម្រាប់ស្នាក់នៅរបស់ក្រុមគ្រួសារ និងភ្ញៀវរបស់តាម៉ុកពេលមកលេង ហើយក៏ជាកន្លែងចែកអំណោយដល់ប្រជាជននៅសម័យនោះ។
ផ្ទះទី៤៖ ផ្ទះនេះមាន ៣ជាន់ ជាន់ក្រោមជាលេណដ្ឋាន ជាន់កណ្ដាលជារោងបាយរបស់បុគ្គលិក និងចុងភៅតាម៉ុក និងជាន់លើជាកន្លែងដេករបស់ចុងភៅ។
ផ្ទះទី៤របស់តាម៉ុក លោកបណ្ឌិត លី សុខឃាង ជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ស្រុកអន្លង់វែង និងជាប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានលើកឡើងថា ផ្ទះទាំង៤ របស់តាម៉ុកមានចំណុច និងអាថ៌កំបាំងដែលភ្ញៀវមកទស្សនាមិនបានដឹង និងចាប់អារម្មណ៍។ ភ្ញៀវភាគច្រើនដែលបានមកទស្សនាទីនេះមិនបានគិតថាផ្ទះទាំង៤របស់តាម៉ុកមានអ្វីប្លែក និងអាថ៌កំបាំងអ្វីនោះទេ ក្រៅតែពីដឹងថា នេះជាផ្ទះតាម៉ុកដែលជាមេដឹកនាំធំមួយរបស់ខ្មែរក្រហមតែប៉ុណ្ណោះ។
លោកបណ្ឌិត លី សុខឃាង ប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រស្រុកអន្លង់វែង លោកបណ្ឌិតបន្តថា ផ្ទះតាម៉ុកទាំងបួននេះមានភាពប្លែក និងអាថ៌កំបាំងច្រើនដែលប្រជាជន ពិសេសភ្ញៀវទាំងអស់ដែលបានមកទស្សនានៅទីនេះមិនដឹង។ ភាពប្លែក និងអាថ៌កំបាំងរបស់ផ្ទះតាម៉ុកមានដូចជា ផ្ទះទី២ដែលផ្ទះស្នាក់នៅរបស់តាម៉ុកមានរូបរាងប្លែកគេ ផ្ទះធ្វើពីឈើលាយស៊ីម៉ងក្រាលបេតុង ផ្ទះទី២នៅជាន់លើ និងជាន់កណ្តាល ក្រៅពីបន្ទប់ដេកតាម៉ុក នៅក្នុងផ្ទះគ្មានជញ្ជាំងបិទបាំង ផ្ទះទី២ សសរផ្ទះយកដើមឈើទ្រាសទាំងមូលយកមកធ្វើដោយមិនឈូស និងកែច្នៃទាំងអស់ ផ្ទះទី២ បង្គន់បត់ជើងជាន់ក្រោមមានទំហំធំជាងជិត២ដងបន្ទប់ដេក ផ្ទះទី២ នៅជាន់ក្រោមមានបន្ទប់ និងច្រកចេញចូលសំងាត់មួយមានទំហំ៤ម៉ែត្រ មិនមាននរណាចេញចូលបានក្រៅពីតាម៉ុក បន្ទប់នេះជាបន្ទប់សម្ភារៈសំខាន់ៗមានដូចជា រូបចម្លាក់ វត្ថុបុរាណ ព្រះពុទ្ធរូបតូចធំច្រើនអង្គ និងជាទីសក្ការបូជារបស់តាម៉ុក ឈើធ្នឹមផ្ទះ ជញ្ជាំងផ្ទះ ទាំង៤ វែងលយចេញ មានជាប់ដែកគោល មិនកាត់ និងដកចេញ នៅពេលយប់ក្នុងបរិវេណផ្ទះទាំងមូលការពារដោយឆ្កែបែកហ្សេធំៗជាច្រើនក្បាល ខាងក្រោមនេះជារូបដែលបង្ហាញពីអាថ៌កំបាំងរបស់ផ្ទះតាម៉ុកបណ្ឌិត លី សុខឃាង បានបញ្ជាក់បន្ថែមត្រង់ឈើធ្នឹមផ្ទះវែងលយចេញមិនព្រមកាត់ និងជាប់ដែកគោលមិនព្រមដកចេញថា នេះជាបញ្ជាដាច់ខាតរបស់តាម៉ុកប្រាប់ទៅជាងធ្វើផ្ទះទាំងអស់មិនឲ្យកាត់ ឬដកចេញ។ ចំពោះមូលហេតុដែលមិនព្រមឲ្យជាងដកដែកគោល និងកាត់ឈើលយតម្រឹមឲ្យស្មើនោះ រហូតមកដល់ពេលនេះក៏មិនមានសាក្សីណាអាចបញ្ជាក់ប្រាប់ថាមកពីមូលហេតុអ្វីដែរ៕